Thursday, March 22, 2012
នីតិវិធីដកពាក្យបណ្តឹងក្នុងរឿងក្តីរដ្ឋប្បវេណី
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
Royal University of Law and Economic
មុខវិជ្ជាៈ នីតិវិធីរដ្ឋប្បវេណី
ប្រធានបទៈ នីតិវិធីនៃការដកពាក្យបណ្តឹងនៅក្នុងរឿងរដ្ឋប្បវេណី
ណែនាំដោយសាស្ត្រាចារ្យៈ ជួន សុរាសី
សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុមទី៤ (L4A3)
និស្សិត ឈុន មុនីឧត្តម
និស្សិត ឃៀម ប៊ុនឡេង
និស្សិត ងួន កញ្ញា
និស្សិត ក្រូច សៀកឡាយ
និស្សិត ផល ដាវិត
និស្សិត ជិន ប៊ុនរិទ្ធិ
ឆ្នាំសិក្សា ២០១១-២០១២
មាតិការ
មាតិការ ទំព័រទី១
សេចក្តីផ្តើម ទំព័រទី២
១. ការដកពាក្យបណ្តឹងក្នុងវឿងក្តីរដ្ឋប្បវេណី ទំព័រទី៣
២. លក្ខខណ្ឌ និងនីតិវិធីនៃការដកពាក្យបណ្តឹង ទំព័រទី៤
ក. គោលការណ៍ទូទៅនៃការដកពាក្យបណ្តឹង ទំព័រទី៤
ខ. ការដកពាក្យបណ្តឹងរបស់ដើមចោទ ទំព័រទី៥
គ. ការដកពាក្យបណ្តឹង ជាឯកតោភាគី ដើមចោទ ទំព័រទី៦
ឃ. ការដកពាក្យបណ្តឹងជាសកម្មភាពបណ្តឹង ទំព័រទី៦
ង. ការដកពាក្យបណ្តឹងដោយមានការយល់ព្រមពីចុងចម្លើយ ទំព័រទី៧
ច. ការដកពាក្យបណ្តឹងដោយឆន្ទះរបស់គូភាគី ទំព័រទី៨
៣. អានុភាពគតិយុត្តនៃការដកពាក្យបណ្តឹង ទំព័រទី៨
ក. ការរលាយជាប្រតិសកម្មនៃការចាត់ការបណ្តឹង ទំព័រទី៩
ខ. ការហាមនូវការដាក់ពាក្យបណ្តឹងដូចគ្នាជាថ្មី ទំព័រទី៩
គ. ការសងពន្ធដាក់ពាក្យបណ្តឹង ទំព័រទី១១
សេចក្តីសន្និដ្ឋាន ទំព័រទី១២
ឯកសារយោង (ពិគ្រោះ) ទំព័រទី១៤
នីតិវិធីនៃការដកពាក្យបណ្តឹងនៅក្នុងរឿងរដ្ឋប្បវេណី
សេចក្តីផ្តើម
វិវាទតែងរមែងកើតមាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ បុគ្គល ដែលនាំមកនូវចំណោតបញ្ហាជាច្រើន ដែលទាមទារឲ្យមានដំណោះស្រាយដ៏សមស្របមួយ លើវិវាទទាំងនោះ។ បញ្ហាទាំងនោះ មានមួយចំនួនត្រូវបានរៀបចំជាពាក្យបណ្តឹងដើម្បីដាក់ទៅស្ថាប័នដែលមានសមត្ថកិច្ច ក្នុងការដោះស្រាយ និងចេញនូវសេចក្តីសម្រេច ដែលមានអនុភាពគតិយុត្ត (សាលក្រម)។ ដោយសារតែមានបញ្ហាមួយចំនួនដែលត្រូវបានដាក់បញ្ជូនទៅឲ្យស្ថាប័យដែលមានសមត្ថកិច្ច (តុលាការ) ធ្វើការដោះស្រាយ អាចរកបាននូវដំណោះស្រាយមុននឹងការចេញសាលក្រមស្ថាពរ របស់តុលាការ ដែលជាហេតុនាំឲ្យគូភាគីទាំងសងខាង ឬតែម្ខាង (ដើមបណ្តឹង) សម្រេចចិត្តក្នុងការដកមកវិញនូវ ពាក្យបណ្តឹងដែលខ្លួនបានដាក់រួចរាល់នោះ។ ដោយសារតែប្រធានបទនៃកិច្ចការស្រាវជ្រាវ របស់ក្រុមយើងខ្ញុំតម្រូវឲ្យធ្វើការសិក្សាស្រាវជ្រាវ តែទៅលើការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី ហេតុដូច្នេះ យើងខ្ញុំនឹងមិនលើកមកធ្វើការបកស្រាយ នូវនីតិវិធីនៃការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីព្រហ្មទណ្ឌ នោះឡើយ។
ដូចដែលមានចែងយ៉ាងច្បាស់នៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី បោះពុម្ភដោយក្រសួងយុត្តិធម៌ នាឆ្នាំ២០០៦ នូវមូលហេតុនៃការបញ្ចប់នីតិវិធីបណ្តឹងដោយមិនធ្វើទៅតាមសាលក្រម។ ក៏បានកំនត់នូវការបញ្ចប់នីតិវិធីបណ្តឹងដោយមូលហេតុនៃការបញ្ចប់នីតិវិធីបណ្តឹងនីមួយៗ, ការបញ្ចប់នីតិវិធីបណ្តឹងដោយស្វ័យប្រវត្តិ, ការដកពាក្យបណ្តឹង, ការលះបង់ និងការទទួលស្គាល់នូវការទាមទារ, និងការសះជាតាមផ្លូវបណ្តឹង តែដោយសារតែយើងខ្ញុំនឹងត្រូវធ្វើការសិក្សាឲ្យបានស៊ីជម្រៅ នូវនីតិវិធីដកពាក្យបណ្តឹង ដែលជាហេតុនាំឲ្យ យើងខ្ញុំនឹងមិនលើមកបង្ហាញនូវកត្តាផ្សេងទៀត ដែលនាំឲ្យមានការបញ្ចប់នីតិវិធីបណ្តឹងនោះឡើយ។
ជាបន្តនឹងបន្ទាប់ យើងខ្ញុំនឹងធ្វើការបកស្រាយនូវ (១) ការដកពាក្យបណ្តឹងក្នុងវឿងក្តីរដ្ឋប្បវេណី, (២) លក្ខខណ្ឌគតិយុត្តក្នុងការដកពាក្យបណ្តឹង និងនីតិវិធីដកពាក្យបណ្តឹង, និង(៣) អានុភាពគតិយុត្តនៃការដកពាក្យបណ្តឹង។
១. ការដកពាក្យបណ្តឹងក្នុងវឿងក្តីរដ្ឋប្បវេណី
កាដកពាក្យបណ្តឹងក្នុងរឿងក្តីរដ្ឋប្បវេណី គឺជាសកម្មភាពដកមួយភាគ ឬ ទាំងស្រុង នូវពាក្យសុំទាមទារឲ្យចេញសាលក្រម តាមរយៈបណ្តឹង ដោយដើមចោទ។ មុននឹងឈានទៅរកភាពស៊ីជម្រៅនៃនីតិវិធីដកពាក្យបណ្តឹង យើងខ្ញុំសូមបង្ហាញនូវនិយមន័យនៃ បណ្តឹងជាមុន “បណ្តឹង” គឺជាសកម្មភាពដែលដើមចោទធ្វើការទាមទារឲ្យតុលាការចេញសាលក្រម ដែលមានខ្លឹមសារកំណត់មួយ ហេតុនេះហើយការដកពាក្យបណ្តឹងនេះ ក៏ជាគោលការណ៏ អាចធ្វើទៅបាន តែដោយឆន្ទៈរបស់ ដើមចោទ តែម្ខាងប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយពីចុងចម្លើយបានដាក់ឯសារត្រៀម អំពីអង្គសេចក្តី មានន័យថា អំពីកាទាមទារបស់ដើមចោទ ឬ បានធ្វើសេចក្តីថ្លែងការណ៏អំពីអង្គសេចក្តីក្នុងនីតិវិធីត្រៀមសម្រាប់ ការទាញហេតុផលដោយផ្ទាល់មាត់ ដើម្បីដកពាក្យបណ្តឹង ចាំបាច់ត្រូវមានការយល់ព្រមពីចុងចម្លើយ ។
ការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី គឺជាសកម្មភាពបណ្តឹងរបស់ដើមចោទដែលត្រូវបានធ្វើឡើងនៅក្នុងនីតិវិធីបណ្តឹងដូចដែលមានចែងក្នុងក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ២០០៦ ។ ហេតុនេះហើយ ត្រូវបែងចែកឲ្យដាច់ពីកាព្រមព្រៀងដកពាក្យបណ្តឹងដែលភាគីទាំងសងខាងធ្វើឡើងក្រៅពីនីតិវិធីនៃបណ្តឹង។ តាមរយៈការដកពាក្យបណ្តឹងនេះ ការចាត់ការបណ្តឹង នឹង ត្រូវរលាយ។ តែផ្ទុយទៅវិញ ការព្រមព្រៀង ដកពាក្យបណ្តឹងក្រៅនីតិវិធីបណ្តឹង គឺគ្រាន់តែជាកិច្ចសន្យាមួយតាមផ្លូវនីតិឯកជនតែប៉ុណ្ណោះ ហេតុនេះហើយ វាពុំអាចបង្កើតនូវអនុភាពតាមផ្លូវច្បាប់នីតិវិធី ដូចជាការរំលាយ ការចាត់ការបណ្តឹង ជាអាទិ៍នោះទេ។
២. លក្ខខណ្ឌ និងនីតិវិធីនៃការដកពាក្យបណ្តឹង
ការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី ត្រូវបានធ្វើការកំណត់នូវគោលការណ៍ ដែលជានីតិវិធីក្នុងការដកពាក្យបណ្តឹង មិនតែប៉ុណ្ណោះ វាក៏ត្រូវបំពេញឲ្យបាននូវលក្ខខណ្ឌមួយចំនួន ដូចដែលបានកំណត់នៅក្នុងនីតិវិជ្ជមាន ដែលក្នុងនោះរួមមាន (ក) គោលការណ៍ទូទៅក្នុងការដកពាក្យបណ្តឹង, (ខ) ការដកពាក្យបណ្តឹងពីសំណាក់ដើមចោទ, (គ) ការដកពាក្យបណ្តឹងជាឯកតោភាគី ដោយដើមបណ្តឹង, (ឃ) ការដកពាក្យបណ្តឹងជាសកម្មភាពបណ្តឹង, (ង) ការដកពាក្យបណ្តឹងដោយមានការយល់ព្រមពីចុងចម្លើយ, និង(ច) ការដកពាក្យបណ្តឹងដោយឆន្ទះរបស់គូភាគី។
ក. គោលការណ៍ទូទៅនៃការដកពាក្យបណ្តឹង
ការដកពាក្យបណ្តឹងជាគោលការណ៏ ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ក៏ប៉ុន្តែនៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល នៅកាលបរិច្ឆេទ នៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ នៅកាលបរិច្ឆេទ នៃការផ្សះផ្សាអាចដកពាក្យបណ្តឹងដោយផ្ទល់មាត់ បាន។ នៅពេលដែល មានការដកពាក្យបណ្តឹងដោយផ្ទាល់មាត់ក្រឡាបញ្ជីត្រូវចុះនៅក្នុងកំណត់ហេតុ នៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ នៅក្នុងកំណត់ហេតុ នៃការទាញហេតុផលដោយផ្ទាល់មាត់ ដើម្បីកុំឲ្យមានវិវាទនាពេលក្រោយ។ កាលបរិច្ឆេទ នៃការផ្សះផ្សា គឺជាប្រភេទមួយ នៃកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ តាមលក្ខណៈនៃកាលបរិច្ឆេទទាញហេតុផលផ្ទាល់មាត់នោះ។ ហេតុនេះហើយក្នុងករណីដែរមាន ការដកពាក្យបណ្តឹងដោយផ្ទាល់មាត់ នាកាលបរិច្ឆេទនៃកាផ្សះផ្សាចំបាច់ត្រូវចុះនូវចំនុចនៃការផ្សះផ្សានោះនៅក្នុងកំណត់ហេតុ។
ខ. ការដកពាក្យបណ្តឹងរបស់ដើមចោទ
ដើមចោទអាចដកពាក្យបណ្តឹងនៅពេលណាក៏បាន រហូតដល់ពេលដែរសាលក្រមចុងក្រោយស្ថាពរ ទោះបីជា សាលក្រមជំនុំជម្រះលើកទី១ ត្រូវបានប្រកាសរួចហើយក៏ដោយ ក៏ដើមចោទអាចដកពាក្យបណ្តឹងបានដែរ មុនពេលសាលក្រមនោះចូលជាស្ថាពរ ឬ នៅពេលដែរបណ្តឹងនោះត្រូវចាត់ការ ដោយតុលាកានៃបណ្តឹងឧបាស្រ័យទៅតុលាកាជាន់ខ្ពស់ ក៏អាចដកពាក្យបណ្តឹងឧបាស្រ័យបានដែរហេតុនេះហើយ សូមប្រយ័ត្នកុំឲ្យច្រឡំអំពីការដកពាក្យបណ្តឹង និង ការដកពាក្យបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់។ ឧទាហរណ៍ៈ នៅដំណាក់កាលនៃការជំនុំជម្រះបណ្តឹងឧទ្ធរណ៏ ប្រសិនបើភាគីបានដកពាក្យបណ្តឹង បណ្តឹងនោះនឹងត្រូវចាត់ទុកថាមិន ចាត់ការតាំងពីដំបូង ដូច្នេះសាលក្រមនៃការជំនុំជម្រះលើកទី១ត្រូវក្លាយទៅជាមោឃៈ។ ផ្ទុយទៅវិញប្រសិន បើបានដកពាក្យបណ្តឹងឧទ្ធរណ៏ទៅវិញគឺត្រូវចាត់ទុកថា គ្មានបណ្តឹងឧទ្ធរណ៏ទេ ហើយសាលក្រមនៃការជំនុំជម្រះលើកទី១នឹងចូលជាស្ថាពរ។
គ. ការដកពាក្យបណ្តឹង ជាឯកតោភាគី ដើមចោទ
ការដកពាក្យបណ្តឹង ជាឯកតោភាគី ពីសំណាក់ដើមចោទ គឺជាសកម្មភាពបណ្តឹងឯកតោភាគីរបស់ដើមចោទ ក៏ប៉ុន្តែដូចដែរបានពន្យល់ខាង លើនេះផងដែរ ក្នុងករណីដែរចុងចម្លើយបានដាកឯកសាត្រៀម អំពីអង្គសេចក្តី ឬបានធ្វើសេចក្តីថ្លែងការណ៍អំពីអង្គសេចក្តី ក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ ការទាញហេតុផលដោយផ្ទាល់មាត់ ការដកពាក្យបណ្តឹងក្រោយពេលនេះនឹង មិនត្រូវមានអនុភាពទេ ប្រសិបើពុំមានការយល់ព្រមពីចុងចម្លើយ ។ នេះគឺដោយសា តែចុងចម្លើយឆ្លើយតបទៅនឹងការទាមទារបស់ដើមចោទ មានន័យថាចុងចម្លើយក៏មានផលប្រយោជន៏ ក្នុងការទទួលសាលក្រមក្នុងការឈ្នះក្តីចំពោះបណ្តឹងនោះដែរ ដូច្នេះហើយ កាទទួលស្គាល់នូវការបំបាត់នូវផលប្រយោជន៏ របស់ចុងចម្លើយនោះ តាមឆន្ទៈរបស់ដើមចោទ តែប៉ុណ្ណោះមានភាពផ្ទុយ និងសមត្ថភាព និង យុតិ្តធម៌។
ឃ. ការដកពាក្យបណ្តឹងជាសកម្មភាពបណ្តឹង
កាដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី គឺជាសកម្មភាពបណ្តឹង ហេតុនេះហើយ ដើម្បីសកម្មភាពនេះមានសុពល ដើមចោទចាំបាច់ត្រូវ មានសមត្ថភាពក្នុងការធ្វើបណ្តឹង ។ ម៉្យាងទៀតអ្នកដំណាងអាណត្តិដែលបានទទួកការប្រគល់សិទ្ធិ ជាគោលការណ៏អាចដកពាក្យបណ្តឹង បាន។ ក្នុងករណីដែលអ្នកដំណាងអាណត្តិ ជាមេធាវីជាគោលការណ៏ភាគីមិនអាចកម្រិតនូវទំហំនៃសិទ្ធិ តំណាងអ្នកនោះទេ ក៏ប៉ុន្តែការដកពាក្យបណ្តឹង គឺជាសកម្មភាពដ៏សំខាន់មួយដែលដកនូវការទាមទារឲ្យតុលាការ ចេញសាលក្រមតាមរយៈបណ្តឹង ដូចច្នេះហើយជាករណីពិសេស អាចធ្វើការកម្រិតសិទ្ធិតំណាងទាំងនោះ ហើយផ្តល់សិទ្ធិដកពាក្យបណ្តឹង បាន។
ង. ការដកពាក្យបណ្តឹងដោយមានការយល់ព្រមពីចុងចម្លើយ
ក្នុងកណីដែរចំបាច់មានការយល់ព្រមពីចុងចម្លើយ ដើម្បីដកពាក្យបណ្តឹងទោះជាចុងចម្លើយមិនយល់ ព្រមជាក់ស្តែងក៏ដោយក្នុងករណីដូចតទៅ ត្រូវចាត់ទុកដូចជាមានការយល់ព្រមដែរ។ ទីមួយ គឺ ករណីដែរដើមចោទ ដាក់លិខិតដកពាក្យបណ្តឹងជាលាយល័ក្ខអក្សរទៅតុលាការ ក្រឡាបញ្ជីត្រូវធ្វើការបញ្ជូននូវលិខិតនេះទៅឲ្យចុងចម្លើយ ។ ប្រសិនបើចុងចម្លើយមិនបានតវ៉ាក្នុងអំឡុងពេល២សប្តាហ៏ គិតពីថ្ងៃ ដែលបានទទួលនូវការបញ្ជូនលិខិតនោះត្រូវចាត់ទុកថា បានយល់ព្រមការដកពាក្យបណ្តឹងនោះ។ ទីពីរ គឺ ក្នុងករណីដែលដើមចោទបានដកពាក្យបណ្តឹងដោយផ្ទាល់មាត់ឬ កាលបរិច្ឆេទនៃកាផ្សះផ្សា តែចុងចម្លើយអវត្តមាននៅកាលបរិច្ឆេទនោះ ក្រឡាបញ្ជីត្រូវធ្វើការចម្លង នូវកំណត់ហេតុដែលបានចុះសេចក្តីថ្លែងការណ៏អំពីការដកពាក្យបណ្តឹងនោះទៅឲ្យចុងចម្លើយ ។ ក្នុងករណីដែលចុងចម្លើយមិនបានតវ៉ាក្នុងអំឡុងពេល២សប្តាហ៏ ពីថ្ងៃដែលបានទទួលនូវកាបញ្ជូននោះ ក៏ត្រូវចាត់ទុក ថាចុងចម្លើយក៏ត្រូវបានយល់ព្រមនូវការដកពាក្យបណ្តឹងនោះដែរ។ទីបី គឺក្នុងករណីដែលដើមចោទបានដកពាក្យបណ្តឹងដោយផ្ទាល់មាត់ នៅកាលបរិច្ឆេទនៃកាត្រៀមសម្រាប់ការទាញហេតុផល ជាអាទិ៍ ហើយចុងចម្លើយមានវត្តមាននៅទីនោះ ប្រសិន បើចុងចម្លើយមិនបានតវ៉ាក្នុងអំឡុងពេល ២សប្តាហ៏គិតពី កាលបរិច្ឆេទនោះត្រូវចាត់ទុកថាចុងចម្លើយបានយល់ព្រមនិងការដកពាក្យបណ្តឹងនោះ ។
ច. ការដកពាក្យបណ្តឹងដោយឆន្ទះរបស់គូភាគី
ដូចដែលបានបង្ហាញពីខាងលើរួចមកហើយ ដែលនិយាយអំពីការដកពាក្យបណ្តឹងដែលបានធ្វើឡើយដោយឆន្ទះរបស់ដើមបណ្តឹង និងការព្រមព្រៀងពីចុងចម្លើយ។ ត្រង់ចំនុច “ច” នេះ យើងខ្ញុំនឹងធ្វើការបង្ហាញនូវនីតិវិធីនៃការដកពាក្យបណ្តឹងដោយសារឆន្ទះរបស់គូភាគី តាមរយៈការសម្តែងចេញជាសកម្មភាព ក្នុងករណីដែលភាគីទាំងសងខាងមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ហើយមិនបានដាក់ពាក្យសុំឱ្យតុលាការកំណត់កាលបរិច្ឆេទជាថី្មទៀត ក្នុងអំឡុងពេល ១ (មួយ) ខែទេ នោះត្រូវចាត់ទុកថា បានដកពាក្យបណ្តឹង។ មិនតែប៉ុណ្ណោះបញ្ញត្តិនេះក៏ត្រូវបានយកមកអនុវត្តផងដែរ ចំពោះករណីដែលភាគីទាំងសងខាងមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ពីរដងជាប់គ្នា ។
៣. អានុភាពគតិយុត្តនៃការដកពាក្យបណ្តឹង
ការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី បាននាំមកនូវវិបាកគតិយុត្តមួយចំនួយដូចមាន (ក) ការបោះបង់នូវការទាមទារតាមបណ្តឹងនូវផ្នែកណាមួយ, (ខ) ការលះបង់បណ្តឹង ដែលនាំឲ្យម្ចាស់បណ្តឹងបាត់បង់នូវសិទ្ធិលើបណ្តឹងលើកក្រោយ ក្នុងករណីដែលបណ្តឹងមានលក្ខណៈដូចគ្នាទៅនឹងបណ្តឹងដើម ពោលការហាមឃាត់លើការដាក់ពាក្យបណ្តឹងដូចគ្នាម្តងទៀត, និង (គ) ការសងត្រឡប់មកវិញនូវពន្ធដាក់ពាក្យបណ្តឹង ដែលនឹងមានបញ្ជាក់កាន់តែច្បាស់នាចំណុចខាងក្រោមនេះ។
ក. ការរលាយជាប្រតិសកម្មនៃការចាត់ការបណ្តឹង
ពេលដែលមានការដកពាក្យបណ្តឹង ផ្នែកដែលត្រូវបានដកពាក្យបណ្តឹនោះត្រូវចាត់ទុកថា មិនបានចាត់ការ តាំងពីដំបូង ។ក្នុងករណីដែលដើមចោទបានអះអាងទានទារឲ្យបញ្ជាក់កម្មសិទ្ធិ នៃអចនវត្ថុ និង ការឲ្យសងប្រាក់កំចីក្នុងបណ្តឹងតែមួយ ប្រសិនបើដើមចោទដកពាក្យបណ្តឹងត្រឹមតែការ ទាមទារនូវការបញ្ជាក់ពីសិទ្ធិនោះ ចំពោះផ្នែក នៃកាទាមទារឲ្យបញ្ជាក់កម្មសិទ្ធិ ការចាត់ការបណ្តឹត្រូវរលាយ រីឯចំពោះកាទាមទារឲ្យសងប្រាក់កំចីនីតិវិធីត្រូវបន្ត។ តាមរយៈកាដកពាក្យបណ្តឹងនេះ បណ្តឹងនេះនឹងត្រូវបានចាត់ទុក ថាមិនបានចាត់ការតាំពីដំបូង ហេតុនេះហើយសកម្មភាពរបស់តុលាការ និងភាគី ដូចជាសាលក្រម ឬ ការដាក់មធ្យោបាយតទល់និង ការពារខ្លួន ដែលត្រូវបានធ្វើរហូតដល់ពេលដកពាក្យបណ្តឹងនោះ និងបាត់បង់អនុភាពទាំងអស់ជាប្រតិកម្ម។
ខ. ការហាមនូវការដាក់ពាក្យបណ្តឹងដូចគ្នាជាថ្មី
ជាគោលការណ៏ ទោះប្បីជាបានដកពាក្យបណ្តឹងក៏ដោយ ក៏ភាគីអាចដាក់ពាក្យបណ្តឹងដដែលម្តងទៀតបានដែរ ក៏ប៉ុន្តែ ក្នុងករណីដើមចោទបានដកពាក្យបណ្តឹងក្រោយពីចេញសាលក្រមចុងក្រោយអំពីអង្គសេចក្តីចំពោះបណ្តឹង រួចហើយ ដើមចោទដែលបានដកពាក្យបណ្តឹងនោះ មិនអាចធ្វើពាក្យបណ្តឹងដូចគ្នាម្តងទៀត បានឡើយ។ បណ្តឹងដូចគ្នាមានន័យថាជាបណ្តឹងដែលគូរភាគី និងសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តដែលជាកម្មវត្ថុ នៃបណ្តឹងដូចគ្នា។ នេះដោយសារតែដើមចោទទាមទារឲ្យចេញសាលក្រមអំពីសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តជាកំណត់ណាមួយ ហើយតុលាការ បានចេញសាលក្រម ដោយឆ្លើយតបចំពោះការទាមទារនោះរួចហើយតែផ្ទុយទៅវិញ ដើមចោទបានដកនូវការទាមទានោះទៅវិញ ហើយបានធ្វើឲ្យសាលក្រមនេះមោឃៈ ដោយហេតុនេះហើយដែលនាំឲ្យតុលាការមិនត្រូវទទួលស្គាល់នូវការដាក់ ពាក្យបណ្តឹងអំពីសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តនោះម្តងទៀតឡើយ។ ហេតុដូចនេះប្រសិនបើយល់ឃើញថាមានផល ប្រយោជន៍ត្រឹមត្រូវក្នុងការទាមទារឲ្យចេញសាលក្រមជាថ្មីម្តងទៀត ដោយសារតែស្ថានភាពនៅពេលដើមចោទ បានដកពាក្យបណ្តឹង និង ស្ថានភាពដែលដើមចោទនោះមានបំណងដាក់ពាក្យបណ្តឹង វិញម្តងទៀតមានភាពខុសគ្នា នោះមិនមានការហាមការដាកពាក្យបណ្តឹងម្តងទៀតឡើយ។ ឧទាហរណ៏ “ក” បានដាកពាក្យបណ្តឹងទាមទារចំពោះ “ខ” ឲ្យសងប្រាក់កំចី ១០ លានរៀល ហើយតុលាកាបានចេញសាលក្រមទទួលស្គាល់នូវការទាមទាររបស់ “ក” ទាំងស្រុងរួចរាល់ហើយ។ ក្រោយពេលនោះ នៅពេលដែលបណ្តឹឧទ្ធរណ៍ត្រូវបានចាត់ការ “ក” និង “ខ” បានធ្វើកិច្ចសន្យាសះជាក្រៅផ្លូវតុលាការ ដោយព្រមព្រៀងគ្នាថា “ខ” សង់ប្រាក់កំចីនោះ ដោយកាត់សងបណ្តើរៗដែលនាំឲ្យ “ក” បានដកពាក្យបណ្តឹង។ ប៉ុន្តែក្រោយមកទៀត “ខ” មិនបានគោរពតាមកិច្ចសន្យាដោយមិនបានសងជាបណ្តើរៗហើយ “ក” ក៏បានដាក់ ពាក្យបណ្តឹងម្តងទៀត។ ក្នុងករណីនេះមិនត្រូវហាមឃាត់ការធ្វើបណ្តឹងម្តងទៀតរបស់ “ក” នេះឡើយ។
គ. ការសងពន្ធដាក់ពាក្យបណ្តឹង
ប្រសិនបើដើមចោទបានដកពាក្យបណ្តឹង មុនពេលចប់នៃកាលបរិច្ឆេទលើការទាញហេតុផលលើកដំបូង ដែលនាំឲ្យភាគីអាច ទាមទារឲ្យតុលាការ សងវិញនូវចំនួនពាក់កណ្តាលនៃពន្ធដាក់ពាក្យបណ្តឹង ដែលខ្លួនបានបង់។
សេចក្តីសន្និដ្ឋាន
អនុឡោមទៅលើអ្វីដែលបាន បញ្ជាក់ពីខាងលើ ការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី ជាសកម្មភាពដែលអាចជាការរំលត់នូវសិទ្ធិ និងកាតព្វកិច្ចលើបណ្តឹងរបស់គូភាគី។ ការដកពាក្យបណ្តឹងនេះ ក៏អាចត្រូវបានប្រព្រឹត្តទៅដោយយោងទៅលើឆន្ទះរបស់គូភាគីទាំងសងខាង តែផ្តោតសំខាន់ជាងគេគឺភាគីដើមបណ្តឹងរដ្ឋប្បវេណី ដែលជាបុគ្គលដែលមានសិទ្ធិអាទិភាព ក្នុងការដកពាក្យបណ្តឹង។ ការដកនេះទៀតសោទ ក៏បានបើកទូលាយនូវថិរវេលាសម្រាប់ទុកឲ្យគូភាគីវិវាទ ក្នុងរឿងក្តីនូវសិទ្ធិក្នុងការសម្រេចចិត្ត ដកវិញនូវបណ្តឹងរបស់ខ្លួនក្នុងគោលបំណងបញ្ចប់នីតិវិធីបណ្តឹង ពោល បញ្ចប់បណ្តឹង ក្នុងគោលដៅផ្សះផ្សា និងការចុះសំរុងរវាងគ្នានឹង គ្នា។ ត្រង់ចំណុចនេះ ឆន្ទះរបស់ច្បាប់មានចេត្តនាចង់ ទុកឱកាសឲ្យគូភាគីទាំងសងខាងអាចសះជា នឹងគ្នា ក៏ដូចជាបញ្ចប់នូវវិវាទរវាងគ្នានឹងគ្នា ដោយពុំចាំបាច់មាននូវសាលក្រមស្ថាពរពីតុលាការនោះឡើយ។
ផ្ទុយមកទៅនឹង គោលគំនិតនៃច្បាប់ត្រង់ចំណុចដដែលក៏បានធ្វើការកំណត់ដោយខ្លួនឯង នូវការកំណត់ចងនូវថិរវេលាសម្រាប់ទុកជាឱកាសសម្រាប់គូភាគី ក្នុងការដកពាក្យបណ្តឹងរបស់ខ្លួន បើមិនដូច្នោះទេ បណ្តឹងនឹងមិនត្រូវបានដកនោះឡើយ ពោល វានឹងអាចធ្វើទៅបានប្រសិនជាគូភាគីនៃវិវាទក្នុងរឿងក្តីរដ្ឋប្បវេណី ពិតជាមានឆន្ទះក្នុងការសះជារវាងគ្នា នឹងគ្នាពិតប្រាកដនោះ។
ក៏បានបញ្ជាក់រួចមកហើយផងដែរ នូវចំណោតគតិយុត្តដែលនឹងកើតឡើង បន្ទាប់ពីសកម្មភាពក្នុងការដកពាក្យបណ្តឹងរបស់គូភាគី ឬដោយដើមបណ្តឹង។ ដែលជាកត្តាដែលជម្រុះឲ្យ ដើមបណ្តឹងធ្វើការពិចារណា ឲ្យបានល្អិតល្អន់នូវមុននឹងការសម្រេចដកពាក្យបណ្តឹងរបស់ខ្លួនត្រឡប់មកវិញ។
ជាទីបញ្ចប់ នីតិវិធីដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី គឺជាការបើផ្លូវឲ្យគូភាគី នៃវិវាទ អាចធ្វើការសម្រុះសម្រួលគ្នាបាន ដែលជាហេតុនាំឲ្យ វិវាទកាន់តែឆាប់រកឃើញនូវដំណោះស្រាយ ពោលនីតិវិធីពន្លឿនក្នុងការបញ្ចប់រឿងក្តី បើទោះប្បីជារឿងក្តីនោះ បានចេញជាសាលក្រមក៏ដោយក្តី ដរាបណាសាលក្រមនោះមិនទាន់ជាសាលក្រមស្ថាពរ។
ឯកសារយោង (ពិគ្រោះ)
ក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភដោយ ក្រសួងយុត្តិធម៌ ឆ្នាំ២០០៦
ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភដោយ ក្រសួងយុត្តិធម៌ ឆ្នាំ២០០៧
សេចក្តីពន្យល់អំពី ក្រមនីតិវិធីរដ្ឋប្បវេណី ភាគ១៖ នីតិវិធីបណ្តឹង រៀបចំដោយក្រុមការងារជប៉ុនដែលទទួលបន្ទុកធ្វើសេចក្តីព្រាងក្រមនីតិវិធីរដ្ឋប្បវេណីកម្ពុជា បោះពុម្ភដោយ ក្រសួងយុត្តិធម៌ ឆ្នាំ២០០៨
នីតិវិធីសង្ខេប រដ្ឋប្បវេណី និងព្រហ្មទណ្ឌ រៀបរៀងដោយ លោកចៅក្រម ជួន សុរាសី បោះពុម្ភលើកទី២ ឆ្នាំ២០១១
ក្រមរបៀបក្តីផ្នែករដ្ឋប្បវេណី អត្ថាធិបាយដោយ បណ្ឌិត ស សូវាន បោះពុម្ភឆ្នាំ២០០៣
Subscribe to:
Post Comments (Atom)
No comments:
Post a Comment