Thursday, March 22, 2012
ទំនៀមទំលាប់ និងអានុភាពគតិយុត្តនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
Royal University of Law and Economic
មុខវិជ្ជាៈ វិធីសាស្ត្រស្រាវជ្រាវ
ប្រធានបទៈ ទំនៀមទំលាប់ និងអានុភាពគតិយុត្ត
នៃការគ្រប់គ្រងទ្រព្យសម្បតិ្តរបស់សហព័ទ្ធ
ណែនាំដោយសាស្ត្រាចារ្យៈ ព្រំ រិទ្ធី
សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុម L4A3
និស្សិត ឈុន មុនីឧត្តម
និស្សិត សោម កញ្ញា
និស្សិត ទែន ភិរុណ
និស្សិត អ៊ិត សោភា
និស្សិត លឹម សេងឡាំ
និស្សិត ជិន ដួងចន្ទ្រាកែវលក្ម្ស៊ីនារីរតន៍
ឆ្នាំសិក្សា ២០១១-២០១២
មាតិកា
សេចក្តីផ្តើម ទំព័រទី១
I. សញ្ញាណទូទៅ ទំព័រទី២
១. និយមន័យ ទំព័រទី២
២. ទំនាក់ទំនងរវាងទំនៀមទំលាប់ និងគតិយុត្ត ទំព័រទី៣
ក. ភាពប្រទាក់ក្រឡាគ្នារវាងទំនៀមទំលាប់ និង គតិយុត្តខ្មែរ ទំព័រទី៤
ខ. ភាពញែកចេញពីគ្នារវាងទំនៀមទំលាប់ និង គតិយុត្ត ទំព័រទី៥
II. លក្ខណៈប្រហាក់ប្រហែលគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត ទំព័រទី៦
១. ការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរបស់សហព័ទ្ធ ទំព័រទី៦
២. ការរួមសាមគ្គីចំពោះកាតព្វកិច្ចរបស់សហព័ទ្ធ ទំព័រទី៧
III. លក្ខណៈប្លែកគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត ទំព័រទី៨
១. ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ ទំព័រទី៨
២. មរណភាពនៃសហព័ទ្ធម្ខាង ទំព័រទី១០
សេចក្តីសន្និដ្ឋាន ទំព័រទី១៣
ឯកសារយោង ទំព័រទី១៤
ទំនៀមទំលាប់ និងអានុភាពគតិយុត្តនៃការគ្រប់គ្រងទ្រព្យសម្បតិ្តរបស់សហព័ទ្ធ
សេចក្តីផ្តើម
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង តែងតែមានការប្រាស្រ័យគ្នាជាពុំអាក់ខានឡើយ ដែលកិច្ចទំនាក់ទំនងគ្នានោះ ជាធម្មតាត្រូវបានគ្រប់គ្រងដោយទំនៀមទំលាប់ ដែលគេតែងតែអនុវត្តរវាងគ្នានឹងគ្នា។ ប៉ុន្តែ ក៏មានទំនាក់ទំនងមួយចំនួនទៀត ត្រូវបានសម្រេចឲ្យស្ថិតក្រោយអានុភាពគតិយុត្ត (ការគ្រប់គ្រងនៃច្បាប់) ដែលជាឆន្ទៈនៃការសម្រេចដោយ គូភាគីពាក់ព័ន្ធ។ នៅក្នុងនោះ គេឃើញថា ការអនុវត្ត ដោយយោងទៅតាមនីតិវិជ្ជមាន បានផ្តល់ឲ្យនូវអានុភាពតាមផ្លូវច្បាប់ជាង ការអនុវត្តតាមទំនៀមទំលាប់ ដោយសារតែចរឹកលក្ខណៈនៃច្បាប់ មានលក្ខណៈចាប់បង្ខំ និងដាក់ពិន័យ ផ្ទុយទៅនឹងទំនៀមទំលាប់ ដែលមិនមានលក្ខណៈចាប់បង្ខំនោះឡើយ ពោលមានតែទណ្ឌកម្មផ្លូវចិត្តតែប៉ុណ្ណោះ។
ដោយសារតែទំហំនៃទំនាក់ទំនងរវាងទំនៀមទំលាប់ និងអានុភាពគតិយុត្តមានលក្ខណៈទូលំទូលាយ ដែលជាហេតុនាំឲ្យក្រុមយើងខ្ញុំនឹងសូមលើកនូវទំនាក់ទំនងរវាងទំនៀមទំលាប់ និងអានុភាពនៃនីតិវិជ្ជមាន តែទៅលើការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ។ មិនតែប៉ុណ្ណោះ ដើម្បីឲ្យកាន់តែមានភាពប្រត្យ័ក្សនឹងប្រធានបទនេះ ក្រុមយើងខ្ញុំនឹងសូមធ្វើការលម្អិតទៅលើតែករណីដែលកើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យបុរាណកាល រហូតមកទល់បច្ចុប្បន្នសម័យផងដែរ។
ដោយសារតែទំនាក់ទំនងរវាងទំនៀមទំលាប់ និងនីតិវិជ្ជមាននៅកម្ពុជាត្រូវបានផ្សាភ្ជាប់គ្នាយ៉ាងស្អិតរមួយ ដែលនាំឲ្យក្រុមយើងខ្ញុំនឹងលើកមកបង្ហាញអំពី (I) សញ្ញាណទូទៅនៃទំនៀមទំលាប់ និងអានុភាពគតិយុត្តនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ, (II) លក្ខណៈប្រហាក់ប្រហែលគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត, និង(III) លក្ខណៈប្លែកគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត ដែលសុទ្ធសឹងជាបច្ច័យសម្រាប់ការសិក្សាប្រធានបទនេះ។
I. សញ្ញាណទូទៅ
ទំនៀមទំលាប់ និង គតិយុត្ត សុទ្ធតែបញ្ញត្តិសំរាប់គ្រប់គ្រងមនុស្សទាំងកាយវិការ ចិត្ត ឥរិយាបថ សកម្មភាពដែលសែ្តងឡើងពីតាមរយះមនោសញ្ចេតនានៃអារម្មណ៏។ រីឯ ទ្រព្យកើតចេញពីការឲតំលៃរបស់មនុស្សសំរាប់យកមកកំណត់ពីភាពថ្លៃថ្លូរ មានតំលៃ មានឥទ្ធិពល ភាពបរិសុទ្ធតាមមនុស្សគ្រប់គ្នាដែលត្រូវការវា។
តើទំនៀមទំលាប់លើ ការគ្រប់គ្រងទ្រព្យរបស់សហព័ទ្ធមានអនុភាពគតិយុត្តយ៉ាងណា?
ដើម្បីឲ្យកាន់តែមានភាពប្រត្យ័ក្ស ក្រុមយើងខ្ញុំនឹងសូមលើកមកបង្ហាញ ឲ្យកាន់តែជាក់ (១) អំពីអ្វីទៅជាទំនៀមទំលាប់ និងអានុភាពគតិយុត្ត និង(២) ទំនាក់ទំនងរវាងទំនៀមទំលាប់ និងគតិយុត្ត មុននឹងឈានទៅរកភាពស៊ីជម្រៅនៃ ប្រធានបទ។
១. និយមន័យ
ទំនៀមទំលាប់ កើតចេញពីបន្សំពាក្យរវាង ទំនៀម + ទំលាប់។
ទំនៀម ជា បវេណី សណ្តាប់ធ្នាប់បែបបទ ។ ទំលាប់មកពីផ្នត់ដើមធ្លាប់ មានន័យ ថាតែងតែរមែង ឬដែលមានទំលាប់ ឬដែលធ្លាប់ ។ ពោលគឺ បន្សំទាំងពីរពាក្យនេះ បង្កើតបានជាពាក្យទំនៀមទំលាប់ដែលមានអត្ថន័យថា ការតែងតែទំលាប់ធ្វើ ឬអនុវត្ត ប្រតិបត្តិ យ៉ាងជាប់លាប់ដដែលៗ ជាលំដាប់តៗគ្នា ក្នុងតំបន់ ឬកន្លែងប្រជុំណាមួយ។
គតិយុត្ត គឺ ជាកន្ទោងច្បាប់ដែលទាក់ទងនឹងច្បាប់ដែលត្រឹមត្រូវតាមច្បាប់ ។
ទ្រព្យ គឺ ជាវត្ថុធនធានសម្បត្តិ ។ ខ្មែរយើងតែងតែប្រើប្រាស់ពាក្យនេះ ទៅនឹងវត្ថុ មានតំលៃ ដូចជា មាស ប្រាក់ ហើយព្រមទាំងមានម្ចាស់ជាអ្នកគ្រប់គ្រងផងដែរ។ ប៉ុនែ្ត ការប្រើប្រាស់ពាក្យនេះ គេច្រើនភ្ជាប់ពាក្យទៅនឹងទ្រព្យសម្បត្តិ ឬធនដូចជា ទ្រព្យសម្បត្តិ ទ្រព្យដើម្បីយកទៅប្រើកំណត់អត្ថន័យឲ្យទូលាយ និង យោងតាមការប្រើប្រាស់ពាក្យពេចន៏សម្រាប់សំគាល់ន័យផ្សេងៗ ទៅលើកម្មវត្ថុ។ ចំណែកឯការប្រើប្រាស់ពាក្យពេចន៏នៅក្នុងន័យ គតិយុត្តគេច្រើនឃើញពាក្យដូចជា ទ្រព្យសកម្ម ទ្រព្យសម្បត្តិរួម ទ្រព្យសម្បត្តិដោយឡែក ទ្រព្យសម្បត្តិជាមូលដ្ឋាន ………។ ពាក្យទាំងអស់នេះ ពិតមែនតែមានន័យដូច ចំពោះពាក្យទ្រព្យ ប៉ុន្តែនៅពេលដែលមានបន្សំពាក្យរវាងពាក្យផ្សេងៗនោះ វានឹងក្លាយ ជាន័យបញ្ជាក់ពីអត្ថន័យផ្សេង ហើយវាអាស្រ័យលើអត្ថន័យលើវិស័យយកទៅប្រើប្រាស់ ផងដែរ។ ឧទាហរណ៏ នៅក្នុងវិស័យច្បាប់ អក្សរសាស្រ្ត ពាណិជ្ជកម្ម………។
២. ទំនាក់ទំនងរវាងទំនៀមទំលាប់ និងគតិយុត្ត
នៅក្នុងប្រព័ន្ធច្បាប់ Civil Law ទំនៀមទំលាប់ ជាប្រភពមួយយ៉ាងសំខាន់នៃនីតិ ហើយវាក៏មានឥទ្ធិពលទៅលើការអនុវត្ត ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងការអនុវត្តមួយចំនួន ទំនៀមទំលាប់ត្រូវបានយកមកបំពេញបន្ថែមនៅក្នុងភាពខ្វះចន្លោះនៃច្បាប់។ ទំនៀមទំលាប់ ជាវិធានដែលកើតមកពីការប្រើជាទូទៅ ក្នុងរយះពេលយ៉ាងយូរ និងកើតជំនឿមូយថា ការមិនគោរពវិធានដែលគេនាំគ្នាប្រើគ្រប់គ្នានោះ គឺ ជាកំហុសដែលត្រូវដាក់ពិន័យផងដែរ។ នៅប្រទេសអាឡឺម៉ង់ ទំនៀមទំលាប់ជាប្រភពនៃនីតិស្មើនឹងច្បាប់ ប៉ុន្តែ នៅបារាំង ទំនៀមទំលាប់ជាប្រភពបន្ទាប់បន្សំនៃនីតិ។ ចំណែកឯនៅប្រទេសកម្ពុជាវិញ ទំនៀមទំលាប់បានដើរតួនាទីយ៉ាងសំខាន់ដើម្បីបំពេញបន្ថែមឲ្យច្បាប់ ជាពិសេស ដោយសារភាពខ្វះចន្លោះ នៃច្បាប់បច្ចុប្បន្ន ។ ដោយហេតុតែ ភាពខ្វះចន្លោះនៃច្បាប់ ទើបបណ្តាលឲ្យទំនៀមទំលាប់ក្លាយទៅជាប្រភពនៃនីតិ។ យើងក្រលេកទៅបណ្តាប្រទេស ដូចជា អូទ្រីស និង អ៊ីតាលី យើងឃើញថា ទំនៀមទំលាប់មានតំលៃគតិយុត្តបានលុះត្រាតែមានច្បាប់អនុញ្ញាត ។ នេះជាកត្តាដែល សបញ្ជាក់ឲ្យឃើញថា ពុំមែនសុទ្ធតែច្បាប់ខ្វះចន្លោះ ឬខ្វះប្រភព ទើបទំនៀមទំលាប់ក្លាយជានីតិនោះទេ តែវាអាចជាការគ្រប់គ្រង ឬឲ្យបំពេញបន្ថែម ព្រោះតែទំលាប់នៃការអនុវត្តប្រចាំថ្ងៃ ឬជាប្រពៃណីទម្លាប់តៗគ្នារបស់ពលរដ្ឋដែលពុំអាចបោះបង់បាន ឬជាផ្នត់គំនិតប្រជាជន ដែលឲ្យតម្លៃទៅលើភាពយុត្តិធម៌តាមរយៈទំនៀមទំលាប់នោះ។
ក. ភាបប្រទាក់ក្រឡាគ្នារវាងទំនៀមទំលាប់ និង គតិយុត្តខ្មែរ
ការវិត្តន៏ជាប្រវត្តិសាស្រ្ត នៃច្បាប់ខ្មែរត្រូវបានបែងចែកជាពីរ សម័យកាលធំៗ។
សម័យកាលទី១ ចាប់ពីអាណាចក្រដំបូងគេ ដែលមាននៅឧបទ្វីបឥណ្ឌូចិន ដែលគេបានឲ្យឈ្មោះថា ច្បាប់ខែ្មរបូរាណ និង សម័យកាលទី២ គឺ ចាប់ពីសម័យកាលក្រុងអង្គរ ត្រូវបានបាក់បែក និងបោះបង់ចោលរហូតដល់កម្ពុជាបច្ចុប្បន្នសម័យដែលគេឲ្យឈ្មោះថា ខ្មែរសម័យទំនើប ។ ផ្អែកតាមប្រវិត្តសាស្រ្តខ្មែរ បានឲ្យឃើញថា ខ្មែរមានប្រព័ន្ធច្បាប់ និង ទំនៀមទំលាប់របស់ខ្លួនតាំងពីពេលចាប់កកើតទឹកដីដំបូងឡើងមកម្ល៉េះ។ សាសនាជំនឿ សម្រាប់អនុវត្ត ទម្លាប់គោរព ទំនៀមទំលាប់ប្រពៃណី ការប្រតិបត្តិតៗគ្នា ក៏ក្លាយទៅជាកូនច្បាប់តូចរបស់ប្រជាជនខ្មែរសម្រាប់យកទៅអនុវត្តជារៀងរាល់ថ្ងៃ ដូចជា ការជួញដូររកស៊ី ការរៀបអាពាហ៍ពិពាហ៍ ការកាត់ទោស សន្តតិកម្ម ជាដើម។ ចំណែកឯទម្រង់ ឬការគ្រប់គ្រង ប្រទេស និងវិស័យយុត្តិធម៌ ត្រូវបានចងក្រងជាច្បាប់ ការអនុវត្តបន្តគ្នា ឬចេញពីទំនៀមទំលាប់ប្រពៃណីខ្មែរដឹកនាំដោយព្រះមហាក្សត្រ ។ ក្រោយមកទោះជាមានវិត្តន៍ និង បដិវត្តន៍ព្រះមហាក្សត្រពីសម័យកាល ច្បាប់ខ្មែរបុរាណ ឈានចូលដល់ច្បាប់ខ្មែរសម័យទំនើប (ពីឆ្នាំ១៣៣៦-ដល់បច្ចុប្បន្ន) ក៏ទំនៀមទំលាប់ និងច្បាប់ចាស់ៗ ដែលបន្សល់ពី សម័យបុរាណកាលបាននៅតែបន្តការអនុវត្ត នឹង ក្លាយទៅជាការយកគំរូ ដើម្បីធ្វើកំណែទម្រង់ ចងក្រងជាច្បាប់សម្រាប់ការអភិវឌ្ឍន៏ប្រទេស និង បង្រួបបង្រួមប្រទេសឲ្យក្លាយជារដ្ឋទំនើបមួយ ។
នៅពេលខ្លះការអនុវត្តប្រចាំថ្ងៃ របស់ប្រជាជនខ្មែរមានការពិបាកបែងចែកទំនៀមទំលាប់ និង គតិយុត្ត ព្រោះថាមានទម្លាប់ខ្លះ ឬទំនៀមទំលាប់ប្រពៃណីមួយចំនួន ដែលពុំមែនជាច្បាប់ ក៏ត្រូវប្រជាជនខ្មែរយកមកបញ្ជូលនៅក្នុងគតិយុត្តនៅពេលយកទៅអនុវត្តរហូតស្ទើរតែចាក់ឬសយ៉ាងម៉ាំទៅហើយ។ សូម្បីតែក្នុងប្រព័ន្ធយុត្ថាធិការ ចៅក្រមកាត់ក្តីឲ្យយកទំនាមទំលាប់ធ្វើជាកត្តារួមផ្សំ ក៏ដូចជាយាន្តដើម្បីឆ្ពោះទៅរកយុត្តិធម៌ និង ដំណោះស្រាយផ្សេងៗ ដើម្បីឲ្យស្របទៅតាមទំនៀមទំលាប់ប្រពៃណីល្អរបស់ខ្មែរ។
ខ. ភាពញែកចេញពីគ្នារវាងទំនៀមទំលាប់ និង គតិយុត្ត
ទំនៀមទំលាប់តូ្រវបានទទួលស្គាល់ថា បានចូលខ្លួនក្នុងវិធានមួយនៅក្នុងប្រព័ន្ធច្បាប់ និង ផ្នត់គំនិតរបស់ខ្មែរ ប៉ុន្តែទោះជាយ៉ាងណាក៏ពុំមានអានុភាព និង ប្រសិទ្ធិភាពដូចគ្នានឹងច្បាប់ដែរ។ ទំនៀមទំលាប់ វាគ្រាន់តែជាវិធានមួយក្នុងការជួយជុំរុញឲ្យល្បឿនច្បាប់ និង ការអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព និងតម្លាភាពសង្គមតែប៉ុណ្តោះ ប៉ុន្តែ វាពុំមានការចាប់បង្ខំ និង ដាក់ទោសទណ្ឌចំពោះសកម្មភាពបំពាន ឬដែលបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដូចច្បាប់ឡើយ ហើយក៏មាន ទំនៀមទំលាប់ខ្លះបានផ្ទុយនឹងច្បាប់ ដែលជាកត្តាធើ្វឲ្យប្រព័ន្ធគតិយុត្តពុំបានទទួលស្គាល់ ហើយត្រូវបានរារាំងមិនឲ្យមានការអនុវត្តផងដែរ។ ឧទាហរណ៍ ក្នុងវិស័យឯកជនដែលពាក់ព័ន្ធទៅនឹង អាពាហ៏ពិពាហ៏: កូនស្រីប្រុស ពេលរៀបអាពាហ៍ពិពាហ៍ត្រូវមានការឯកភាពពីឪពុកមា្តយ ហើយសាមីខ្លួនខាងស្រីពុំមានសិទ្ធិជ្រើសរើស គូស្រករ ឬបញ្ចេញឆន្ទះរបស់ខ្លួន បានឡើយដូចពាក្យទំនៀមថា “នំមិនធំជាងនាឡិ”។
II. លក្ខណៈប្រហាក់ប្រហែលគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត
ទំនៀមទំលាប់ក៏ជាប្រភពនៃច្បាប់ផងដែរ ដែលធ្វើឱ្យច្បាប់ និង ទំនៀមទំលាប់មានលក្ខណះស្រដៀងគ្នាក្នុងករណីមួយចំនួន។ ទាក់ទងទៅនឹង ការគ្រប់គ្រងទ្រព្យសម្បត្តិ និង ការទទួលខុសត្រូវរបស់សហពទ្ធ័តាំងពីសម័យបុរាណ ដែលពុំទាន់មាន ច្បាប់គ្រប់គ្រង លុះមកទល់បច្ចុប្បន្ន ដែលមានច្បាប់ចែង វាមានលក្ខណះដូចគ្នាខ្លះៗ ។
១. ការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរបស់សហព័ទ្ធ
គ្រួសារបានវិវត្តជាច្រើន រហូតដល់សព្វថ្ងៃ យើងសង្កេតឃើញថា គ្រួសារសព្វថ្ងៃ គឺមិនដូចសម័យដើមដែលជាសម័យ សក្តិភូមិនោះ ។ សព្វថ្ងៃគ្រួសារមានតម្លៃមួយជាក់លាក់ ហើយពុំសូវមានទ្រឹស្តីនយោបាយណាមួយ ហ៊ានប៉ះពាល់ឡើយ ។ ក្រុមគ្រូសារទាំងនោះមានលក្ខណះជំនឿរួម ហើយចំពោះរឿងសេដ្ឋកិច្ច និង នយោបាយ ពួកគេថែរក្សារួមគ្នា ។ ចំនុចនេះមានន័យថា ទាំងប្តីទាំងប្រពន្ធ មានសិទ្ឋិស្មើគ្នាក្នុងការប្រើប្រាស់ ចាត់ចែងទ្រព្យសម្បត្តិ ដែលពួកគេរកបានដើម្បី ផ្គត់ផ្គងគ្រួសារ ។ ចំនែកឯ ប្រពន្ធដែលមានប្រាក់ខែ មានអំណាចចាយវាយប្រាក់ខែរបស់ខ្លួនបានដោយសេរី។ មានន័យថា សម័យនោះ សហពទ្ឋ័មានសិទ្ឋិពេញទីក្នុងការប្រើប្រាស់នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅតាមចំនង ដោយពុំចាំបាច់សួរនាំគ្នា ។
ដូចគ្នានេះដែរ ក្នុងច្បាប់ដែលទាក់ទងនឹងការគ្រប់គ្រងទ្រព្យសម្បត្តិ ក៏បានចែងពីការគ្រប់គ្រងទ្រព្យរួម និង ទ្រព្យដោយឡែករបស់សហពទ្ឋ័ផងដែរ ។ មាត្រា ៩៧៣ ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ បានចែងថា ទ្រព្យរួម គឺជាទ្រព្យសម្បត្តិទាំងឡាយ ដែលប្តីប្រពន្ធទាំងសងខាង ឬ តែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៏ពិពាហ៏ លើក លែងតែទ្រព្យសម្បត្តិដែលកំណត់ក្នុងចំណុច ខ និង ចំណុច គ នៃមាត្រា ៩៧២ (ទ្រព្យសម្បត្តិដោយឡែក) ខាងលើនេះ។មានន័យថា ក្រោយអាពាហ៏ពិពាហ៏ សហពទ្ឋ័មានសិទ្ធិថែរក្សាគ្រប់គ្រង នូវរាល់ទ្រព្យសម្បត្តិដែលមានក្នុងអំឡុងអាពាហ៏ពិពាហ៏ មិនថាវាជាទ្រព្យតែម្ខាង នៃសហពទ្ធ័ណាមួយក៏ដោយ សហពទ្ធ័មានសិទ្ឋិប្រើប្រាស់ទ្រព្យសម្បត្តិរួម នៅក្នុងទំហំដែល ចាំបាច់ ដោយផ្អែកលើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃបាន ។ មាត្រា ៩៧៣ ចែងពីទ្រព្យដោយឡែករបស់សហព័ទ្ឋ បាន កំណត់ថា ទ្រព្យសម្បត្តិដែលកំណត់ដូចខាងក្រោមនេះ គឺជាទ្រព្យសម្បត្តិដោយឡែកដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់ សហព័ទ្ឋណាម្នាក់ ៖
ទ្រព្យសម្បត្តិដែលសហពទ្ធ័មានមុនពេលរៀបអាពាហ៍ពិពាហ៍ ។
ទ្រព្យសម្បត្តិដែលសហពទ្ធ័ទទួលបានដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។
ទ្រព្យសម្បត្តិជាតម្លៃតប ដែលទទួលបានពី ការចាត់ចែងទ្រព្យសម្បត្តិដែលបានកំណត់ក្នុងចំណុច ក និង ចំណុច ខ ខាងលើនេះ ។
មានន័យថាទ្រព្យសម្បត្តិដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍ ឬ ទទួបានដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬ ជាតម្លៃតប ពុំត្រូវបានចាត់ទុកជាទ្រព្យរួមនោះទេ ហើយក៏ពុំអាចប្រើប្រាស់ជាប្រយោជន៍រួម បានដែរ។ សហពទ្ធ័នីមួយៗមានសិទ្ឋិប្រើប្រាស់ ទទួលផលប្រយោជន៍ និង គ្រប់គ្រងទ្រព្យសម្បត្តិ របស់ខ្លួន ដោយរៀងៗខ្លួនបាន។
២. ការរួមសាមគ្គីចំពោះកាតព្វកិច្ចរបស់សហព័ទ្ធ
ត្រឡប់មកវិញ គេក៏ឃើញមានករណីមួយចំនួន ដែលប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះកាតព្វកិច្ច ករណីទាំងនោះដូចមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ដូចមានអត្ថន័យបញ្ជាក់ខាងក្រោម៖
សោហ៊ុយដើម្បីរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ និងសោហ៊ុយដើម្បីការអប់រំ ឬការព្យាបាលថែទាំកូនជាអាទិ៍។
កាតព្វកិច្ច និងករណីកិច្ចផ្សេងៗទៀតដែលប្តី ឬប្រពន្ធទាំងសងខាងបាន ព្រមព្រៀងតាមលិខិតជាលាយលក្ខណ៍អក្សរ ជាមួយនឹងម្ចាស់បំណុលនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬកាតព្វកិច្ច និងករណីកិច្ចផ្សេងៗទៀតដែលប្តី ឬប្រពន្ធណាម្ខាងបានទទួលបន្ទុកដោយមាន ការយល់ព្រមតាមលិខិតជាលាយលក្ខណ៍អក្សរ ពីប្រពន្ធ ឬប្តីម្ខាងទៀតនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។
សោហ៊ុយដើម្បីគ្រប់គ្រង និងរក្សាទ្រព្យរួម ដូចមានកំណត់ក្នុងមាត្រា៩៧៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧។ ចំណែកនៅក្នុងទំនៀមទំលាប់ ក៏មិនខុសគ្នាអ្វីប៉ុន្មានដែរ ពីមាត្រា៩៧៥ នៃក្រមដដែលផងដែរ។
III. លក្ខណៈប្លែកគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត
ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ ត្រូវបានរំលេចចេញនូវចំណុចប្លែកពីគ្នា រវាងការអនុវត្តនៅក្នុងសម័យដើម ដែលយើងហៅថា ទំនៀមទំលាប់ និងអនុភាពគតិយុត្តវិជ្ជមាន។ លក្ខណៈប្លែកគ្នានៃការគ្រប់គ្រងទ្រព្យសម្បត្តិទៅតាមការអនុវត្តដោយយោងទៅលើបរិបទនៃទំនៀមទំលាប់ និងនីតិវិជ្ជមាន អាចឲ្យយើងឃើញ (១) ការបែងចែកនូវប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ មិនតែប៉ុណ្ណោះយើងនឹងលម្អិតទៅលើករណី (២) មរណភាពនៃគូភាគីសហព័ទ្ធ។ ថាតើករណីទាំងនេះមានភាពប្លែកគ្នាយ៉ាងដូចម្តេច ហើយទ្រព្យសម្បត្តិរបស់សហព័ទ្ធនឹងទទួលបានការគ្រប់គ្រងយ៉ាងដូចម្តេចទៅនាពេលដែល មានសហព័ទ្ធម្ខាងណាទទួលមរណភាព។
១. ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ
ចំពោះទំនៀមទំលាប់របស់ខ្មែរយើង ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ គឺត្រូវគោរពគោលការណ៍ ទ្រព្យរួម។ មានន័យថា ក្រោយពីពេលដែលគូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍រួច ទ្រព្យសម្បត្តិរបស់ពួកគេទាំងពីរនឹង ក្លាយជាទ្រព្យរួម មិនមានការបែងចែកដាច់ដោយឡែកពីគ្នាឡើយ។ នៅពេលដែលសហព័ទ្ធណាម្ខាងចេញទៅប្រកប របររកស៊ី រាល់លុយកាក់ដែលរកបានត្រូវចាត់ទុកជាទ្រព្យរួម។ នៅក្នុងទំនៀមទំលាប់របស់ខ្មែរយើងតាំងពីបុរាណកាល មកស្វាមីជាអ្នកចេញទៅរកស៊ី ឯភរិយាជាមេផ្ទះមើលថែទាំកូន ផ្ទះសម្បែង និងទ្រព្យនៅក្នុងផ្ទះ។ ដូច្នេះរាល់ចំណូល របស់ស្វាមីដែលរកបានប្រពន្ធជាអ្នកមើលថែរក្សាទុកដាក់ និងចំណាយទៅតាមការឯកភាពរវាងប្តីប្រពន្ធ។
ផ្ទុយមកវិញ នៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ បានធ្វើការបែងចែកប្រព័ន្ធទ្រព្យ សម្បត្តិរបស់សហព័ទ្ធជាពីរដាច់ដោយឡែកពីគ្នា គឺប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា ដែលអាចធ្វើមុន ឬក្រោយ អាពាហ៍ពិពាហ៍បាន មាត្រា៩៦៩ ក្រមរដ្ឋប្បវេណី និងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ ដែលត្រូវអនុវត្ត តាមក្នុងករណីដែលប្តីប្រពន្ធមិនបានធ្វើកិច្ចសន្យាស្តីពីទំនាក់ទំនងទ្រព្យសម្បត្តិនោះទេ។
ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា ប្តី ឬប្រពន្ធត្រូវធ្វើដោយផ្អែកលើការព្រមព្រៀង របស់អ្នកទាំងពីរ និងត្រូវ ធ្វើជាលាយលក្ខណ៍អក្សរ ប៉ុន្តែមិនអាចធ្វើផ្ទុយនឹងបញ្ញត្តិស្តីពីសិទ្ធិទាមទារអាហារកាតព្វកិច្ច និងភាគបម្រុងបានឡើយ ដូចមានកំណត់ក្នុងមាត្រា៩៦៩ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។ ចំណែកឯប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់មានការបែងចែកជាពីរគឺ ទ្រព្យសម្បត្តិដោយឡែក និងទ្រព្យ សម្បត្តិរួម។
ទ្រព្យសម្បត្តិដោយឡែក (មាត្រា៩៧២ ក្រមរដ្ឋប្បវេណី) ដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធណាម្នាក់ មានៈ
ទ្រព្យសម្បត្តិដែលសហព័ទ្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍។
ទ្រព្យសម្បត្តិដែលសហព័ទ្ធទទួលបានដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។
ទ្រព្យសម្បត្តិជាតម្លៃតប ដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិដែលបានកំណត់ក្នុងចំនុចខាងលើនេះ។
ចំណែកឯទ្រព្យសម្បត្តិរួម នៃមាត្រា៩៧៣ ក្រមរដ្ឋប្បវេណី គឺសំដៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងអាពាហ៍ពិពាហ៍លើកលែងតែទ្រព្យសម្បត្តិដែលកំណត់ក្នុងចំណុចនៃ ទ្រព្យដោយឡែកខាងលើនេះ។ ជារួមមកយើងឃើញថា ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិតាមទំនៀមទំលាប់ គឺពុំបានធ្វើការបែងចែកទ្រព្យណាជា ទ្រព្យរួម ទ្រព្យណាជាទ្រព្យដោយឡែកនោះទេ គឺក្រោយពីរៀបអាពាហ៍ពិពាហ៍រួចទ្រព្យសម្បត្តិរបស់សហព័ទ្ធទាំងសង ខាងត្រូវចាត់ទុកជាទ្រព្យរួមទាំងអស់ មានន័យថា ទ្រព្យរបស់ស្វាមីក៏ដូចជាទ្រព្យរបស់ភរិយា ហើយទ្រព្យរបស់ភរិយា ក៏ដូចជាទ្រព្យរបស់ស្វាមី។ ប៉ុន្តែបើយើងពិនិត្យមើលទៅក្នុងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ យើងឃើញថា នៅក្នុងប្រព័ន្ធ ទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ មានបែងចែកដាច់ពីគ្នារវាងទ្រព្យរួម និងទ្រព្យដោយឡែក។
២. មរណភាពនៃសហព័ទ្ធម្ខាង
នៅក្នុងសម័យបុរាណ ជាទំនៀមទំលាប់ចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិ ក្នុងករណីដែលសហព័ទ្ធជាស្វាមី ទទួលមរណភាព ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវធ្លាក់ទៅលើកូនជាអ្នកទទួលបន្ត តែក្នុងករណីដែលសហព័ទ្ធគ្មានកូនទេ ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវចូលជាទ្រព្យសម្បត្តិរបស់ជាតិ។ បើក្នុងករណីដែលសហព័ទ្ធជាភរិយាបានទទួលមរណ ភាពវិញ ទ្រព្យសម្បត្តិត្រូវសហព័ទ្ធជាស្វាមីគ្រប់គ្រងបន្ត។
ច្រាសមកវិញ បើយោងតាមច្បាប់នាពេលបច្ចុប្បន្ន នៅពេលដែលសហព័ទ្ធណាម្ខាងទទួលមរណភាព សហព័ទ្ធជាប្តី ឬប្រពន្ធត្រូវក្លាយជាសន្តតិជនជានិច្ច។ហើយបើក្នុងករណីដែលមានបុគ្គលផ្សេង ក្រៅពីសហព័ទ្ធជាសន្តតិជនដែរសហព័ទ្ធ ត្រូវមានលំដាប់ស្មើគ្នានឹងបុគ្គលនោះ ។
ក្នុងករណីដែលសហព័ទ្ធរបស់មរតកជន និងបុគ្គលផ្សេងទៀតក្រៅពីសហព័ទ្ធ ត្រូវក្លាយជាសន្តតិជន ចំណែក មត៍ករបស់សន្តតិជន នឹងត្រូវមានតាមកំណត់ដូចខាងក្រោមនេះ ៖
បើសហព័ទ្ធ និងបច្ឆាញ្ញាតិផ្ទាល់របស់មតកជននោះ ជាសន្តតិជន សហព័ទ្ធ និងកូននីមួយៗរបស់មតកជននោះ នឹងត្រូវទទួលចំណែកមត៍កស្មើគ្នា។
បើសហព័ទ្ធ និងឪពុកម្តាយរបស់មតកជន ជាសន្តតិជន ចំណែកមត៍ករបស់សហព័ទ្ធ ត្រូវជា១ភាគ៣ ឯចំនែក មត៍ករបស់ឪពុកម្តាយត្រូវជា២ភាគ៣។ ប៉ុន្តែបើឪពុករឺម្តាយរបស់មតកជនតែម្នាក់នៅរស់ ឪពុករឺម្តាយនោះ និងសហព័ទ្ធត្រូវបានចំណែកមត៍កស្មើគ្នា។
បើសហព័ទ្ធ និងបុព្វញ្ញាតិផ្ទាល់ក្រៅពីឪពុកម្តាយរបស់មតកជន ឬបងប្អូនបង្កើតរបស់មតកជន ឬអ្នកទទួល សន្តតិកម្មជំនួសបុគ្គលទាំងនោះ ជាសន្តតិជន ចំណែកមត៍ករបស់សហព័ទ្ធត្រូវជា១ភាគ២ ឯចំណែកមត៍ករបស់ បុព្វញ្ញាតិផ្ទាល់ក្រៅពីឪពុកម្តាយរបស់មតកជន ឬបងប្អូនបង្កើតរបស់មតកជន ឬអ្នកទទួលសន្តតិកម្មជំនួសនោះ ត្រូវជា១ភាគ២។
ដូច្នេះ បញ្ជាក់ឱ្យឃើញថាភាពខុសប្លែកគ្នា នៃការគ្រប់គ្រងទ្រព្យសម្បត្តិក្រោយពីសហព័ទ្ធណាម្ខាងទទួលមរណភាព តាមទំនៀមទំលាប់ពីមុនគឺគេពុំសូវឱ្យតម្លៃចំពោះភរិយាទេ គឺនៅពេលដែលសហព័ទ្ធជាប្តីស្លាប់ទ្រព្យបានទៅលើ កូន បើសហព័ទ្ធគ្មានកូនទេ ទ្រព្យសម្បត្តិទាំងអស់ត្រូវក្លាយជាទ្រព្យសម្បត្តិរបស់ជាតិ តែបើសហព័ទ្ធជាភរិយាស្លាប់វិញ ទ្រព្យសម្បត្តិត្រូវបានទៅលើស្វាមីជាអ្នកគ្រប់គ្រង។ ប៉ុន្តែ ច្បាប់បច្ចុប្បន្នគឺបានឱ្យតម្លៃចំពោះសហព័ទ្ធទាំងសងខាង ដោយកំណត់យ៉ាងច្បាស់នៅក្នុងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ថាសហព័ទ្ធរបស់មតកជនត្រូវក្លាយជាសន្តតិជនជានិច្ច។
សេចក្តីសន្និដ្ឋាន
ដូចដែលបានបញ្ជាក់លម្អិតនៅក្នុងផ្នែកខាងលើ ជាបន្ត នឹងបន្ទាប់ស្តីពីការកំណត់នូវលក្ខណៈវិនិច្ឆ័យនៃទំនៀមទំលាប់ និងអានុភាពគតិយុត្ត ភាពស្របគ្នា និងភាពផ្ទុយគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្តនោះ បានធ្វើឲ្យយើងយល់កាន់តែប្រសើរឡើងមួយកម្រិតទៀតថា ទំនាក់ទំនងរវាងទំនៀមទំលាប់ និងនីតិវិជ្ជមានមានលក្ខណៈស្អិតរមួតនឹងគ្នាពិតបា្រកដមែន រហូតដល់ការអនុវត្តតាមបែបទំនៀមទំលាប់ប្រពៃណី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធក្នុងករណីខ្លះត្រូវបាននៅតែរក្សា ក្រោមរួបភាពពីទំនៀមទំលាប់មកជានីតិវិជ្ជមានផងដែរ។ ប៉ុន្តែ ទោះប្បីជាយ៉ាងនេះក្តី ផ្នែកមួយចំនួនដែលត្រូវបានឃើញមានក្នុងការអនុវត្តនាបុរាណសម័យ ត្រូវបានធ្វើសមាហរណកម្ម ដោយបានលុបបំបាត់នូវការអនុវត្តនោះ ផ្អែកទៅលើគោលជំហរ ការពារផលប្រយោជន៍គូភាគី (សហព័ទ្ធ)។
សរុបសេចក្តីរួមមក ការអនុវត្តតាមបែបទំនៀមទំលាប់ នឹងត្រូវបានលុបបំបាត់ពីការអនុវត្តនៅក្នុងសង្គម ប្រសិនបើការអនុវត្តនោះបានធ្វើឲ្យមានការប៉ះពាល់ទៅដល់ផងប្រយោជន៍សង្គមទាំងមូល ពោលដោយសារតែសមភាពរវាងបុរស និងស្ត្រីត្រូវបានទទួលស្គាល់ជាសកល ហើយកម្ពុជាក៏ជាភាគីដែលទទួលស្គាល់ និងកំពុងតែអនុវត្តនូវគោលនយោបាយសមភាពយែនឌ័រនេះផងដែរ។ ប៉ុន្តែ ផ្នែកមួយចំនួនដែលត្រូវបានរកឃើញនៅក្នុងការអនុវត្ត ក្នុងទំនៀមទំលាប់ក៏នៅតែបន្តរក្សា ដោយសារតែភាពមិនអាចផ្តាច់ចេញពីគ្នារវាង ប្រវត្តិសាស្ត្រ និងបច្ចុប្បន្នភាព។ រហូតនាំទៅរក ការច្របាច់បញ្ចូលគ្នារវាង ទំនៀមទំលាប់ទៅក្នុងច្បាប់ ក្នុងគោលបំណង់ ពង្រីក នឹងពង្រឹងនូវអនុភាព នៃការគ្របដណ្តប់ទៅលើសកម្មភាពអនុវត្តរបស់ប្រជាពលរដ្ឋកម្ពុជា។
ឯកសារយោង
ក្រមរដ្ឋប្បវេណី បោះពុម្ភឆ្នាំ២០០៧
ក្រមរដ្ឋប្បវេណីចាស់ កែសម្រួលដោយ បណ្ឌិត អេង សុត ឆ្នាំ១៩៦៧
សេចក្តីផ្តើមនីតិ
មរតកយុត្តិធម៌ខ្មែរ និពន្ធដោយ បណ្ឌិត ហ៊ែល ចំរើន បោះពុម្ភឆ្នាំ២០០៩-២០១០
សទានុក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧
សទានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត
រឿង ទំទាវ
រឿង ផ្កាស្រពោន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment