Sunday, July 27, 2014

យន្តការស្តីអំពីសិទ្ធកុមារ (CRC)

យន្តការស្តីអំពីសិទ្ធកុមារ (CRC) សេចក្តីផ្តើម អនុសញ្ញាស្តីពីសិទិ្ធកុមារគឺជាសន្ធិសញ្ញាអន្តរជាតិដែលមានចែងពីបទដ្ឋានអប្បរមាជាសកល និងពីគោលការណ៍សីលធម៌សម្រាប់ការប្រព្រឹត្តលើកុមារនៅក្នុងសង្គម។ អនុសញ្ញានេះ គឺជាសេចក្តីថ្លែងលំអិតមួយពីសិទ្ទិទាំងឡាយដែលកុមារគ្រប់ទិសទីត្រូវទទួលបាន ហើយរួមបញ្ជូលសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ដែលពាក់ព័ន្ធនឹងកុមារ។ នៅក្នុងអតីតកាល កុមារត្រូវបានគេចាត់ទុកគ្រាន់តែជាអ្នករងអំពើ ឬកម្មវត្ថុដែលគេប្រព្រឹត្តទៅលើតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អនុសញ្ញាស្តីពីសិទ្ធិកុមារទទួលស្គាល់កុមារថាជាមនុស្សដែលមានសិទ្ធិរបស់គេផ្ទាល់ គឺសិទ្ធិដែលគេទទួលបានអាស្រ័យដោយគេកើតជាមនុស្ស។ កុមារអាចទាមទារសិទ្ធិរបស់ខ្លួនពីអ្នកមានភារកិច្ចនានា ដូចជាឱពុក ម្តាយ និងរដ្ឋ ជាពិសេសមន្ត្រីនគរបាល និងតុលាការដែលមានភារកិច្ចគោរព ការពារ និងបំពេញតាមសិទ្ធិរបស់កុមារ។ ដូចសិទ្ធិមនុស្សទាំងអស់ផងដែរ សិទ្ធិកុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារមិនអាចបំបែកចេញពីគ្នាបាននោះទេ។ នេះមានន័យថា សិទ្ធិទាំងអស់មានទំនាក់ទំនងគ្នា ដែលពុំអាចបំបែកបានឡើយ ហើយពុំមានសិទ្ធិណាមួយសំខាន់ជាងសិទ្ធិណាមួយឡើយ។ ទោះប្បីជាយ៉ាងណាក៏ដោយ អនុសញ្ញាស្តីពីសិទ្ធិកុមារ យកចិត្តទុកដាក់ចំពោះភាពខុសគ្នានៃវប្បធម៌ នយោបាយ និងស្ថានភាពពិតខាងផ្នែកសម្ភារៈក្នុងចំណោមរដ្ឋនានា។ អ្វីដែលត្រូវយកមកពិចារណាជាចំបងបំផុតនោះគឺឧត្តមប្រយោជន៍របស់កុមារ។ អនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ គឺជាថ្ងៃដែលប្រារព្ធដោយអង្គការសហប្រជាជាតិធ្វើជាទិវាកុមារសកល។ *(មហាសន្និបាតអង្គការសហប្រជាជាតិបានចាត់ទុកថ្ងៃទី២០ វិច្ឆិកា ថាជាទិវាកុមារសកល នៅឆ្នាំ១៩៥៤។ សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ក៏ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកាដែរ តែក្នុងឆ្នាំ១៩៥៩។ នៅកម្ពុជា ទិវាកុមារអន្តរជាតិ ត្រូវបានប្រារព្ធនៅរៀងរាល់ថ្ងៃទី០១ ខែមិថុនា។) I. អំពីអនុសញ្ញាស្តីពីសិទ្ធិកុមារ ត្រូវបានអនុម័ត និងបើកឱ្យចុះហត្ថលេខា ឱ្យសច្ចាប័ន និងឱ្យសុំចូលជាសមាជិកតាមសេចក្តីសម្រេចចិត្តលេខ៤៤/២៥ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ចូលជាធរមាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩០ ស្របតាមមាត្រា៤៩។ បុព្វកថា រដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះ យល់ឃើញថា យោងតាមគោលការណ៍នានាដែលប្រកាសក្នុងធម្មនុញ្ញសហប្រជាជាតិ ការទទួលស្គាល់សេចក្តីថ្លៃថ្នូរជាប់ពីកំណើត និងសិទ្ធិស្មើភាព និងមិនអាចលក់ ដូរ ផ្ទេរ ឬដកហូតបាន របស់សមាជិកទាំងអស់នៃគ្រួសារមនុស្ស ជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។ ចងចាំថា ប្រជាជាតិនៃសហប្រជាជាតិបានប្រកាសបញ្ជាក់សារជាថ្មីក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួនទៅលើសិទ្ធិមូលដ្ឋានរបស់មនុស្សលើសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ហើយប្តេជ្ញាលើកស្ទួយវឌ្ឍនភាពសង្គម និងកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ក្នុងសេរីភាពកាន់តែទូលំទូលាយ។ ទទួលស្គាល់ថា ក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិនានាស្តីពីសិទ្ធិមនុស្ស សហប្រជាជាតិបានប្រកាស និងយល់ស្របថា មនុស្សគ្រប់រូបត្រូវមានសិទ្ធិ និងសេរីភាពទាំងអស់ ដូចមានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដោយគ្មានការប្រកាន់បែងចែកបែបណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងទៀត ដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពផ្សេងទៀតឡើយ។ រំលឹកឡើងវិញថា ក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សហប្រជាជាតិបានប្រកាសថា កុមារមានសិទ្ធិទទួលជំនួយ និងការថែទាំពិសេស។ ជឿជាក់ថា គ្រួសារជាអង្គភាពគ្រឹះនៃសង្គម និងជាមជ្ឈដ្ឋានធម្មជាតិសម្រាប់ការរីកលូតលាស់ និងសុខុមាលភាពនៃសមាជិកទាំងអស់របស់សង្គម និងជាពិសេស កុមារត្រូវទទួលនូវការការពារ និងជំនួយឧបត្ថម្ភចាំបាច់ ដើម្បីឱ្យគ្រួសារអាចរ៉ាប់រងការទទួលខុសត្រូវរបស់ខ្លួនពេញលេញនៅក្នុងសហគមន៍។ ទទួលស្គាល់ថា កុមារ គួរត្រូវមានការអភិវឌ្ឍន៍ពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណៈរបស់កុមារ កុមារត្រូវធំលូតលាស់ក្នុងមជ្ឈដ្ឋានគ្រួសារ ក្នុងបិរយាកាសសុភមង្គល សេចក្តីស្រឡាញ់ និងការយោគយល់។ យល់ឃើញថា កុមារ គួរត្រូវបានគេរៀបចំឱ្យមានជីវភាពជាឯកត្តជនក្នុងសង្គម និងធំលូតលាស់ក្នុងស្មារតីនៃឧត្តមគតិ ដូចមានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ និងជាពិសេសក្នុងស្មារតីនៃសន្តិភាព សេចក្តីថ្លៃថ្នូរ ការអត់ឱនឱ្យគ្នា សេរីភាព សមភាព និងសាមគ្គីភាព។ ចងចាំថា ភាពចាំបាច់ដើម្បីផ្តល់ការការពារពិសេសដល់កុមារ ត្រូវបានថ្លែងក្នុងសេចក្តីប្រកាសនា ទីក្រុងហ្សឺណែវ ឆ្នាំ១៩២៤ ស្តីពីសិទ្ធិកុមារ និងក្នុងសេចក្តីប្រកាសស្តីពីសិទ្ធិកុមារដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២៩៥៩ ហើយភាពចាំបាច់នេះត្រូវបានទទួលស្គាល់ នៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ជាពិសេសក្នុងមាត្រា២៣ និងមាត្រា២៤) ក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ជាពិសេសក្នុងមាត្រា១០) និងក្នុងលក្ខនិ្តកៈ ,លិខិតុបករណ៍ពាក់ព័ន្ធនានារបស់ស្ថាប័នឯកទេស និងអង្គការអន្តរជាតិ ដែលមានកិច្ចការទាក់ទិននឹងសុខុមាលភាពរបស់កុមារ។ រំលឹកឡើងវិញថា បទប្បញ្ញត្តិនៃសេចក្តីប្រកាសស្តីពីគោលការណ៍ខាងសង្គមកិច្ច និងខាងផ្លូវច្បាប់ទាក់ទងនឹងកិច្ចការពារ និងសុខុមាលភាពរបស់កុមារ សំដៅជាពិសេសទៅរកការទុកដាក់ជាមួយឱពុក ម្តាយធម៌ និងស្មុំកូនក្នុងប្រទេស និងអន្តរជាតិ វិធានជាបទដ្ឋានអប្បបរមារបស់សហប្រជាជាតិដើម្បីគ្រប់គ្រងវិស័យយុត្តិធម៌សម្រាប់កុមារ (វិធានក្រុងប៉េកាំង) និងសេចក្តីប្រកាសស្តីពីការការពារស្ត្រី និងកុមារក្នុងពេលមានអាសន្ន និងជម្លោះប្រដាប់អាវុធ។ ទទួលស្គាល់ថា នៅក្នុងប្រទេសទាំងអស់លើពិភពលោកមានកុមារកំពុងរស់នៅក្នុងស្ថានភាពក៏សែនលំបាក ហើយកុមារទាំងនោះ ត្រូវការនូវការយកចិត្តទុកដាក់ពិសេស។ យកមកគិតនូវ សារសំខាន់នៃប្រពៃណី និងតម្លៃវប្បធម៌របស់ប្រជាជាតិនីមួយៗក្នុងការការពារ និងការរីកចម្រើនដោយសុខដុមរបស់កុមារ។ ទទួលស្គាល់ សារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកំពស់លក្ខខណ្ឌជីវភាពរបស់កុមារនៅគ្រប់ប្រទេស ជាពិសេស ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ បានព្រមព្រៀងគ្នាដូចតទៅ៖ ផ្នែកទី១ មាត្រា១ សម្រាប់គោលបំណង់នៃអនុសញ្ញានេះ កុមារគឺជាមនុស្សមានអាយុក្រោម១៨ឆ្នាំ លើកលែងតែក្រោមច្បាប់ដែលត្រូវអនុវត្តចំពោះកុមារ នីតិភាពត្រូវបានកំណត់ទាបជាងនេះ។ មាត្រា២ ១. រដ្ឋភាគី ត្រូវគោរព និងធានាសិទ្ធិដូចចែងក្នុងអនុសញ្ញានេះ ដល់កុមារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយគ្មានការរើសអើងណាមួយ ដោយឥតគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា មតិនយោបាយ ឬមតិផ្សេងទៀត ដើមកំណើតជាតិ ដើមកំណើតជនជាតិ ឬសង្គម ទ្រព្យសម្បត្តិ អសមត្ថភាពកំណើង ឬស្ថានភាពផ្សេងទៀតរបស់កុមារ របស់ឳពុក-ម្តាយកុមារ ឬអ្នកអាណាព្យាបាលស្របច្បាប់របស់កុមារ។ ២. រដ្ឋភាគីត្រូវចាត់់វិធានការសមស្របទាំងឡាយ ដើម្បីធានាឱ្យកុមារបានទទួលនូវការការពារប្រឆាំងនឹងរាល់ទម្រង់នៃការរើសអើង ឬទណ្ឌកម្មដែលផ្អែកលើមូលដ្ឋានស្ថានភាព សកម្មភាព ការបញ្ចេញមតិ ឬជំនឿរបស់ឳពុក-ម្តាយរបស់អ្នកអាណាព្យាបាលស្របច្បាប់ ឬសមាជិកគ្រួសាររបស់កុមារ។ មាត្រា៣ ១. នៅក្នុងវិធានការទាំងអស់ដែលពាក់ព័ន្ធនឹងកុមារ ទោះធ្វើឡើងដោយស្ថាប័នឯកជន ឬសាធារណៈទទួលភារៈខាងសុខុមាលភាពសង្គម ឬដោយតុលាការ ឬអាជ្ញាធររដ្ឋបាល ឬអង្គការនីតិបញ្ញាតិ្តក៏ដោយ ឧត្តមប្រយោជន៍របស់កុមារ ត្រូវតែយកចិត្តទុកដាក់ជាចម្បង។ ២. រដ្ឋភាគីសន្យាធានាដល់កុមារនូវការការពារ និងការថែទាំចាំបាច់ដើម្បីសុខុមាលភាពរបស់កុមារ ដោយយកមកគិតនូវ សិទ្ធិ និងករណីកិច្ចរបស់ឳពុក-ម្តាយ អ្នកអាណាព្យាបាល II. ការក្លាយជាសមាជិកភាពនៃអនុសញ្ញា និងការអនុវត្តអនុសញ្ញារបស់កម្ពុជា កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ វិច្ឆិកា ១៩៩២ ជារដ្ឋភាគីនៃពិធីសារបន្ថែមប្រឆាំងនឹងការជួញដូរកុមារ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០០២ និងជារដ្ឋភាគីនៃពិធីនៃពិធីសារបន្ថែមស្តីពីការពាក់ព័ន្ធកុមារនៅក្នុងជម្លោះប្រដាប់អាវុធនៅថ្ងៃទី១៦ សីហា ២០០៦។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញធានាការពារអនុសញ្ញានេះ ជាមួយនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដទៃទៀតថាជាផ្នែកមួយនៃច្បាប់កម្ពុជា។ មាត្រា៤៨ គូសបញ្ជាក់បន្ថែមទៀតថា “រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។” នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី១០ កក្កដា ២០០៧ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នមួយបង្កើតឡើង ដើម្បីការពាររដ្ឋធម្មនុញ្ញ បានគូសបញ្ជាក់ជាថ្មី ពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងច្បាប់កម្ពុជា និងធ្វើការរំលឹកដល់ចៅក្រម ក្នុងការសម្រេចក្តី និងធ្វើការបកស្រាយច្បាប់ ថាចៅក្រមត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដល់បទបញ្ញាត្តិនៃសន្ធិសញ្ញាដែលកម្ពុជាបានទទួលស្គាល់ រួមទាំងអនុសញ្ញាស្តីពីសិទ្ធិកុមារផង។ គណៈកម្មាធិការសិទ្ធិកុមារ ដោយបានក្លាយខ្លួនជារដ្ឋភាគីនៃអនុសញ្ញា រដ្ឋនោះត្រូវធ្វើការប្តេជ្ញាចិត្តដោយភា្ជប់កាតព្វកិច្ចផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសដល់កុមារព្រមទាំងសហគមន៍អន្តរជាតិ ពីការអនុវត្តបទបញ្ញាត្តិទាំងឡាយនៃអនុសញ្ញានេះដើម្បីលើកស្ទួយ និងការពារសិទ្ធិកុមារ។ យោងតាមអនុសញ្ញានេះ គណកម្មាធិការអន្តរជាតិមួយ ដែលមានអ្នកជំនាញការឯករាជ្យ ហើយដែលគេស្គាល់ជាទូទៅថាគណៈកម្មាធិការសិទ្ធិកុមារត្រូវបានបង្កើតឡើង ដើម្បីតាមដានការវិវត្តន៍របស់រដ្ឋភាគី ក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ គ្រប់រដ្ឋភាគី តម្រូវឱ្យធ្វើរបាយការណ៍ជាទៀតទាត់តាមកាលកំណត់ជូនគណៈកម្មាធិការ ពីវិធានការដែលខ្លួនប្រកាន់យកដើម្បីអនុវត្តអនុសញ្ញានេះ។ កម្ពុជាបានធ្វើរបាយការណ៍ចំនួនពីរលើករួចមកហើយជូនគណៈកម្មាធិការ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់របាយការណ៍តាមកាលកំណត់លើកទីពីររបស់ខ្លួនជូនគណៈកម្មាធិការ កាលពីខែកុម្ភៈ ឆ្នាំ២០០៩ ហើយគណៈកម្មាធិការនឹងពិនិត្យរបាយការណ៍នេះ នៅពេលណាមួយក្នុងឆ្នាំ២០១០ ឬ២០១១។ 1. សិទ្ធិកុមារ កុមារជានរណា? ហេតុអ្វីកុមារត្រូវបានការពារ? កុមារត្រូវគេទទួលស្គាល់ជាមនុស្សមានអាយុក្រោម១៨ឆ្នាំ លើកលែងតែច្បាប់របស់ប្រទេស ចែងពីអាយុពេញវ័យដែលគេសន្មត់រហ័សជាង។ កុមារមានសិទ្ធិឱ្យគេប្រព្រឹត្តទៅលើ ដូចមនុស្សពេញវ័យដទៃទៀតដែរ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានេះដែរ កុមារក៏មានសិទ្ធិពិសេសបន្ថែម ដោយសារតែពួកគេមានវ័យក្មេង និងងាយរងគ្រោះ។ កុមារនឹងមិនអាចរស់រាន និងឈានដល់សក្តានុពលពេញលេញ បើគ្មានជំនួយ និងការសហការពីមនុស្សពេញវ័យ។ គោលបំណងរបស់អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺបង្កើតជាបទដ្ឋានសម្រាប់ការពារកុមារប្រឆាំងនឹងការទុកចោលមិនយកចិត្តទុកដាក់ ការរំលោភបំពាន ការកេងប្រវ័ញ និងការរើសអើងដែលខ្លួនជួបប្រទះក្នុងកម្រិតផ្សេងៗ ជារៀងរាល់ថ្ងៃ នៅគ្រប់ប្រទេស។ 2. គោលការណ៍នៃការអនុវត្តអនុសញ្ញា អនុសញ្ញាស្តីពីសិទ្ធិកុមារមានចែងគោលការណ៍ណែនាំ៤ ដែលតាមរយៈនៃគោលការណ៍នេះ សិទ្ធិកុមារត្រូវបានការពារ។ គោលការណ៍ទាំងបួននេះ រួមមាន៖ 2.1. ឧត្តមប្រយោជន៍កុមារ (មាត្រា៣) គ្រប់សកម្មភាពពាក់ព័ន្ធនឹងកុមារ ត្រូវយកឧត្តមប្រយោជន៍របស់កុមារមកពិចារណាជាចម្បង។ 2.2. ការមិនរើសអើង (មាត្រា២) កុមារគ្រប់រូបត្រូវទទួលបានសិទ្ធិទាំងអស់របស់ខ្លួន ដោយមិនមានការរើសអើងពីប្រភេទណាមួយទេ។ កុមារមិនអាចត្រូវបានគេបដិសេធសិទ្ធិរបស់ខ្លួនដោយសារតែជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា ទស្សនៈនយោបាយ ឬទស្សនៈផ្សេងៗ ជាតិ ប្រភពជនជាតិ ឬឋានៈក្នុងសង្គម ទ្រព្យសម្បត្តិ ពិការភាព កំណើត ឋានៈ ឬស្ថានភាព ផ្សេងៗទៀតរបស់កុមារ ឬឱពុក ម្តាយរបស់កុមារនោះទេ។ 2.3. សិទ្ធិមានជីវិត សិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ (មាត្រា៦) កុមារគ្រប់រូប មានសិទ្ធិមានជីវិតតាំងពីកំណើង។ រដ្ឋត្រូវធានាពីការរស់រានមានជីវិត និងការអភិវឌ្ឍន៍របស់កុមារ ឱ្យមានកម្រិតអតិប្បរមាតាមដែលអាចធ្វើបាន។ 2.4. ការគោរពទស្សនៈកុមារ (មាត្រា១២) កុមារដែលមានសមត្ថភាពបង្កើតទស្សនៈផ្ទាល់ខ្លួន មានសិទ្ធិបញ្ចេញមតិរបស់គេ ដោយសេរី ក្នុងគ្រប់បញ្ហាពាក់ព័ន្ធនឹងខ្លួនគេ។ ទស្សនៈកុមារត្រូវតែបានយកទៅពិចារណាថ្លឹងថ្លែង ឱ្យបានសម្រេចទៅតាមអាយុ និងការយល់ដឹង (ភាពចាស់ចិត្តចាស់គំនិត) របស់កុមារ។ 3. សិទ្ធិជាក់លាក់មួយចំនួនដូចដែលបានកំណត់ក្នុងអនុសញ្ញា អនុសញ្ញាបានធ្វើការចែងយ៉ាងច្បាស់លាស់នូវសិទ្ធិសំខាន់ធំៗ៤ ប្រភេទក្នុងគោលបំណងក្នុងការការពារកុមារ រួមមាន៖ 3.1. សិទ្ធិរស់រានមានជីវិត សិទ្ធិនេះរួមបញ្ចូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបានការថែទាំសុខភាព និងវេជ្ជសាស្ត្រក្នុងកម្រិតខ្ពស់បំផុត។ 3.2. សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទាំងនេះរួមបញ្ចូលអ្វីទាំងអស់ដែលកុមារត្រូវការដើម្បីលូតលាស់ក្នុងកម្រិតខ្ពស់បំផុត និងដើម្បីឱ្យក្លាយទៅជាសមាជិកដែលទទួលខុសត្រូវរបស់សង្គម។ សិទ្ធិនេះ រួមមានការអប់រំគ្រប់ប្រភេទ និងសិទ្ធិទទួលបានជីវភាពរស់នៅគ្រប់គ្រាន់ សម្រាប់ការលូតលាស់របស់កុមារ ផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៌ និងសង្គម។ 3.3. សិទ្ធិទទួលបាននូវការការពារ សិទ្ធិនេះចង់សំដៅយ៉ាងទូលាយដល់សិទ្ធិដែលត្រូវបានទទួលការការពារ រួចផុតពីអំពើ និងការប្រព្រឹត្តផ្សេងៗដែលបង្កអន្តរាយដល់កុមារ។ សិទ្ធិនេះ រួមមានការការពារពីការរើសអើសពី ការរំលាភបំពាន ការទុកចោលមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ ការការពារកុមារដែលគ្មានគ្រួសារ និងការការពារកុមារជាជនភៀសខ្លួន។ 3.4. សិទ្ធិចូលរួម សិទ្ធិទាំងនេះ គ្របដណ្តប់លើសិទ្ធិរបស់កុមារក្នុងការចូលរួមបញ្ចេញមតិរបស់ខ្លួនក្នុងគ្រប់បញ្ហា និងត្រូវបានគេទទួលស្តាប់ក្នុងគ្រប់សេចក្តីសម្រេចដែលប៉ះពាល់ដល់អាយុជីវិតរបស់កុមារ។ នៅពេលសមត្ថភាពរបស់កុមារវិវត្តឡើង កុមារគួរតែមានឱកាសកាន់តែច្រើនជាងមុន ក្នុងការចូលរួមសកម្មភាពរបស់សង្គម ដើម្បីជាការរៀបចំសម្រាប់ជីវិតជាមនុស្សពេញវ័យ។ 4. កាតព្វកិច្ចរស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាស្តីពីសិទ្ធិកុមារ រដ្ឋភាគីនីមួយៗនៃអនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបំពេញកាតព្វកិច្ចដូចខាងក្រោម៖ អនុម័តច្បាប់ គោលនយោបាយ និងកម្មវិធីផ្សេងៗដើម្បីធានាការអនុវត្តន៍ និងការទទួលបានសិទ្ធិដែលមានចែងក្នុងអនុសញ្ញាសិទ្ធិកុមារ (មាត្រា៤) ចាត់វិធានការច្បាប់ រដ្ឋបាល និងវិធានការដទៃទៀតឱ្យបានសមស្របទៅនឹងកម្រិតអតិបរមានៃធនធានដែលមានរបស់ប្រទេសខ្លួន និងតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះមានន័យថាកំណត់អាទិភាព និងទុកកុមារជាចម្បង (មាត្រា៤) លើកកម្ពស់ការយល់ដឹង ពីអនុសញ្ញាស្តីពីសិទ្ធិកុមារ (មាត្រា៤២) បញ្ជូនរបាយការណ៍ស្តីពីស្ថានភាពបច្ចុប្បន្នរបស់កុមារ និងភាពរីកចម្រើននៃការអនុវត្តន៍ អនុសញ្ញាស្តីពីសិទ្ធិកុមារ ទៅឱ្យគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិពីរឆ្នាំក្រោយពីការផ្តល់សច្ចាប័នលើអនុសញ្ញានេះ និងរៀងរាល់៥ឆ្នាំម្តង បន្តបន្ទាប់មកទៀត (មាត្រា៤៤) III. ពិសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ពិធីសារបន្ថែម គឺជាឯកសារបន្ថែមលើសន្ធិសញ្ញាគោលដែលរដ្ឋនីមួយៗ អាចជ្រើសរើសដើម្បីចូលជាសមាជិក ប្រសិនបើរដ្ឋនោះយល់ព្រមទទួលកាតព្វកិច្ចបន្ថែមតាមពិធីសារនោះដោយមិនគិតដល់អនុសញ្ញាដើមឡើយ។ អនុសញ្ញាស្តីពីសិទ្ធិកុមារ មានពិធីសារបន្ថែមចំនួនពីរដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែឧសភា ឆ្នាំ២០០០ដូចគ្នា។ ពិធីសារមួយគឺ សំដៅប្រឆាំងនឹងការជួញដូរកុមារ ពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ឯពិធីសារបន្ថែមមួយទៀត គឺសំដៅដល់ការការពារកុមារពីការពាក់ព័ន្ធនៅក្នុងជម្លោះប្រដាប់អាវុធ ដោយធ្វើការដាក់កំហិត និងបញ្ញាត្តិពីការប្រើប្រាស់ទាហានក្រោមអាយុ១៨ឆ្នាំ។ សេចក្តីសន្និដ្ឋាន ឯកសារយោង

No comments:

Post a Comment