Friday, March 25, 2011

យន្តការស្តីពីសិទ្ធិកុមារ(Convention on the Rights of the Child)

មាតិកា
យន្តការស្តីអំពីសិទ្ធកុមារ (CRC) ទំព័រទី១
សេចក្តីផ្តើម ទំព័រទី១
I. អំពីអនុសញ្ញាស្តីពីសិទ្ធិកុមារ ទំព័រទី២
II. ការក្លាយជាសមាជិកភាពនៃអនុសញ្ញា និងការអនុវត្តអនុសញ្ញារបស់កម្ពុជា ទំព័រទី១៤
1. សិទ្ធិកុមារ ទំព័រទី១៥
2. គោលការណ៍នៃការអនុវត្តអនុសញ្ញា ទំព័រទី១៦
2.1. ឧត្តមប្រយោជន៍កុមារ (មាត្រា៣) ទំព័រទី១៦
2.2. ការមិនរើសអើង (មាត្រា២) ទំព័រទី១៦
2.3. សិទ្ធិមានជីវិត សិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ (មាត្រា៦) ទំព័រទី១៦
2.4. ការគោរពទស្សនៈកុមារ (មាត្រា១២) ទំព័រទី១៧
3. សិទ្ធិជាក់លាក់មួយចំនួនដូចដែលបានកំណត់ក្នុងអនុសញ្ញា ទំព័រទី១៧
3.1. សិទ្ធិរស់រានមានជីវិត ទំព័រទី១៧
3.2. សិទ្ធិអភិវឌ្ឍន៍ ទំព័រទី១៧
3.3. សិទ្ធិទទួលបាននូវការការពារ ទំព័រទី១៧
3.4. សិទ្ធិចូលរួម ទំព័រទី១៨
4. កាតព្វកិច្ចរស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាស្តីពីសិទ្ធិកុមារ ទំព័រទី១៨
III. ពិសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ទំព័រទី១៩
សេចក្តីសន្និដ្ឋាន ទំព័រទី២០
ឯកសារយោង ទំព័រទី២១

យន្តការស្តីអំពីសិទ្ធកុមារ
(Convention on the Rights of the Child)
សេចក្តីផ្តើម
អនុសញ្ញាស្តីពីសិទិ្ធកុមារ គឺជាសន្ធិសញ្ញាអន្តរជាតិដែលមានចែងពីបទដ្ឋានអប្បរមាជាសកល និងពីគោលការណ៍សីលធម៌សម្រាប់ការប្រព្រឹត្តលើកុមារនៅក្នុងសង្គម។ អនុសញ្ញានេះ គឺជាសេចក្តីថ្លែងលំអិតមួយពីសិទ្ទិទាំងឡាយដែលកុមារគ្រប់ទិសទីត្រូវទទួលបាន ហើយរួមបញ្ជូលសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ដែលពាក់ព័ន្ធនឹងកុមារ។
នៅក្នុងអតីតកាល កុមារត្រូវបានគេចាត់ទុកគ្រាន់តែជាអ្នករងអំពើ ឬកម្មវត្ថុដែលគេប្រព្រឹត្តទៅលើតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អនុសញ្ញាស្តីពីសិទ្ធិកុមារទទួលស្គាល់កុមារថាជាមនុស្សដែលមានសិទ្ធិរបស់គេផ្ទាល់ គឺសិទ្ធិដែលគេទទួលបានអាស្រ័យដោយគេកើតជាមនុស្ស។ កុមារអាចទាមទារសិទ្ធិរបស់ខ្លួនពីអ្នកមានភារកិច្ចនានា ដូចជាឱពុក ម្តាយ និងរដ្ឋ ជាពិសេសមន្ត្រីនគរបាល និងតុលាការដែលមានភារកិច្ចគោរព ការពារ និងបំពេញតាមសិទ្ធិរបស់កុមារ។
ដូចសិទ្ធិមនុស្សទាំងអស់ផងដែរ សិទ្ធិកុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារមិនអាចបំបែកចេញពីគ្នាបាននោះទេ។ នេះមានន័យថា សិទ្ធិទាំងអស់មានទំនាក់ទំនងគ្នា ដែលពុំអាចបំបែកបានឡើយ ហើយពុំមានសិទ្ធិណាមួយសំខាន់ជាងសិទ្ធិណាមួយឡើយ។ ទោះប្បីជាយ៉ាងណាក៏ដោយ អនុសញ្ញាស្តីពីសិទ្ធិកុមារ យកចិត្តទុកដាក់ចំពោះភាពខុសគ្នានៃវប្បធម៌ នយោបាយ និងស្ថានភាពពិតខាងផ្នែកសម្ភារៈក្នុងចំណោមរដ្ឋនានា។ អ្វីដែលត្រូវយកមកពិចារណាជាចំបងបំផុតនោះគឺឧត្តមប្រយោជន៍របស់កុមារ។
អនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ គឺជាថ្ងៃដែលប្រារព្ធដោយអង្គការសហប្រជាជាតិធ្វើជាទិវាកុមារសកល។ *(មហាសន្និបាតអង្គការសហប្រជាជាតិបានចាត់ទុកថ្ងៃទី២០ វិច្ឆិកា ថាជាទិវាកុមារសកល នៅឆ្នាំ១៩៥៤។ សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ក៏ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកាដែរ តែក្នុងឆ្នាំ១៩៥៩។ នៅកម្ពុជា ទិវាកុមារអន្តរជាតិ ត្រូវបានប្រារព្ធនៅរៀងរាល់ថ្ងៃទី០១ ខែមិថុនា។)
I. អំពីអនុសញ្ញាស្តីពីសិទ្ធិកុមារ
ត្រូវបានអនុម័ត និងបើកឱ្យចុះហត្ថលេខា ឱ្យសច្ចាប័ន និងឱ្យសុំចូលជាសមាជិកតាមសេចក្តីសម្រេចចិត្តលេខ៤៤/២៥ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ចូលជាធរមាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩០ ស្របតាមមាត្រា៤៩។
បុព្វកថា
រដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះ
យល់ឃើញថា យោងតាមគោលការណ៍នានាដែលប្រកាសក្នុងធម្មនុញ្ញសហប្រជាជាតិ ការទទួលស្គាល់សេចក្តីថ្លៃថ្នូរជាប់ពីកំណើត និងសិទ្ធិស្មើភាព និងមិនអាចលក់ ដូរ ផ្ទេរ ឬដកហូតបាន របស់សមាជិកទាំងអស់នៃគ្រួសារមនុស្ស ជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។
ចងចាំថា ប្រជាជាតិនៃសហប្រជាជាតិបានប្រកាសបញ្ជាក់សារជាថ្មីក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួនទៅលើសិទ្ធិមូលដ្ឋានរបស់មនុស្សលើសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ហើយប្តេជ្ញាលើកស្ទួយវឌ្ឍនភាពសង្គម និងកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ក្នុងសេរីភាពកាន់តែទូលំទូលាយ។
ទទួលស្គាល់ថា ក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិនានាស្តីពីសិទ្ធិមនុស្ស សហប្រជាជាតិបានប្រកាស និងយល់ស្របថា មនុស្សគ្រប់រូបត្រូវមានសិទ្ធិ និងសេរីភាពទាំងអស់ ដូចមានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដោយគ្មានការប្រកាន់បែងចែកបែបណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងទៀត ដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពផ្សេងទៀតឡើយ។
រំលឹកឡើងវិញថា ក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សហប្រជាជាតិបានប្រកាសថា កុមារមានសិទ្ធិទទួលជំនួយ និងការថែទាំពិសេស។
ជឿជាក់ថា គ្រួសារជាអង្គភាពគ្រឹះនៃសង្គម និងជាមជ្ឈដ្ឋានធម្មជាតិសម្រាប់ការរីកលូតលាស់ និងសុខុមាលភាពនៃសមាជិកទាំងអស់របស់សង្គម និងជាពិសេស កុមារត្រូវទទួលនូវការការពារ និងជំនួយឧបត្ថម្ភចាំបាច់ ដើម្បីឱ្យគ្រួសារអាចរ៉ាប់រងការទទួលខុសត្រូវរបស់ខ្លួនពេញលេញនៅក្នុងសហគមន៍។
ទទួលស្គាល់ថា កុមារ គួរត្រូវមានការអភិវឌ្ឍន៍ពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណៈរបស់កុមារ កុមារត្រូវធំលូតលាស់ក្នុងមជ្ឈដ្ឋានគ្រួសារ ក្នុងបិរយាកាសសុភមង្គល សេចក្តីស្រឡាញ់ និងការយោគយល់។
យល់ឃើញថា កុមារ គួរត្រូវបានគេរៀបចំឱ្យមានជីវភាពជាឯកត្តជនក្នុងសង្គម និងធំលូតលាស់ក្នុងស្មារតីនៃឧត្តមគតិ ដូចមានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ និងជាពិសេសក្នុងស្មារតីនៃសន្តិភាព សេចក្តីថ្លៃថ្នូរ ការអត់ឱនឱ្យគ្នា សេរីភាព សមភាព និងសាមគ្គីភាព។
ចងចាំថា ភាពចាំបាច់ដើម្បីផ្តល់ការការពារពិសេសដល់កុមារ ត្រូវបានថ្លែងក្នុងសេចក្តីប្រកាសនា ទីក្រុងហ្សឺណែវ ឆ្នាំ១៩២៤ ស្តីពីសិទ្ធិកុមារ និងក្នុងសេចក្តីប្រកាសស្តីពីសិទ្ធិកុមារដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២៩៥៩ ហើយភាពចាំបាច់នេះត្រូវបានទទួលស្គាល់ នៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ជាពិសេសក្នុងមាត្រា២៣ និងមាត្រា២៤) ក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ជាពិសេសក្នុងមាត្រា១០) និងក្នុងលក្ខនិ្តកៈ ,លិខិតុបករណ៍ពាក់ព័ន្ធនានារបស់ស្ថាប័នឯកទេស និងអង្គការអន្តរជាតិ ដែលមានកិច្ចការទាក់ទិននឹងសុខុមាលភាពរបស់កុមារ។
រំលឹកឡើងវិញថា បទប្បញ្ញត្តិនៃសេចក្តីប្រកាសស្តីពីគោលការណ៍ខាងសង្គមកិច្ច និងខាងផ្លូវច្បាប់ទាក់ទងនឹងកិច្ចការពារ និងសុខុមាលភាពរបស់កុមារ សំដៅជាពិសេសទៅរកការទុកដាក់ជាមួយឱពុក ម្តាយធម៌ និងស្មុំកូនក្នុងប្រទេស និងអន្តរជាតិ វិធានជាបទដ្ឋានអប្បបរមារបស់សហប្រជាជាតិដើម្បីគ្រប់គ្រងវិស័យយុត្តិធម៌សម្រាប់កុមារ (វិធានក្រុងប៉េកាំង) និងសេចក្តីប្រកាសស្តីពីការការពារស្ត្រី និងកុមារក្នុងពេលមានអាសន្ន និងជម្លោះប្រដាប់អាវុធ។
ទទួលស្គាល់ថា នៅក្នុងប្រទេសទាំងអស់លើពិភពលោកមានកុមារកំពុងរស់នៅក្នុងស្ថានភាពក៏សែនលំបាក ហើយកុមារទាំងនោះ ត្រូវការនូវការយកចិត្តទុកដាក់ពិសេស។
យកមកគិតនូវ សារសំខាន់នៃប្រពៃណី និងតម្លៃវប្បធម៌របស់ប្រជាជាតិនីមួយៗក្នុងការការពារ និងការរីកចម្រើនដោយសុខដុមរបស់កុមារ។
ទទួលស្គាល់ សារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកំពស់លក្ខខណ្ឌជីវភាពរបស់កុមារនៅគ្រប់ប្រទេស ជាពិសេស ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
បានព្រមព្រៀងគ្នាដូចតទៅ៖
ផ្នែកទី១
មាត្រា១
កុមារជាមនុស្សដែលមានអាយុតិចជាង១៨ឆ្នាំ លើកលែងតែមានការកំណត់ដោយច្បាប់ជាតិអំពីអាយុមនុស្សពេញវ័យនេះ
មាត្រា២
កុមារទាំងអស់មានសិទ្ធិទាំងអស់ដូចៗគ្នា ដោយគ្មានការលើកលែងសិទ្ធិណាមួយឡើយ។ រដ្ឋមានភារកិច្ចការពារកុមារអំពើរើសអើងគ្រប់រូបភាព ហើយរដ្ឋមានភារកិច្ចចាត់វិធានការដើម្បីលើកស្ទួយសិទ្ធិកុមារ។
មាត្រា៣
ត្រូវគិតគូដល់ឧត្តមប្រយោជន៍របស់កុមារ ឱ្យបានគ្រប់ជ្រុងជ្រោយក្នុងរាល់សកម្មភាពទាំងអស់ដែលពាក់ព័ន្ធនឹងកុមារ។ រដ្ឋត្រូវតែផ្តល់ការថែទាំគ្រប់គ្រាន់ចំពោះកុមារដែលឱពុកម្តាយ ឬអាណាព្យាបាលរបស់គេមិនអាចផ្តល់ការថែទាំដល់ពួកគេបាន។
មាត្រា៤
រដ្ឋភាគី ត្រូវអនុវត្តសិទ្ធិកុមារដែលមានចែងក្នុងអនុសញ្ញានេះឱ្យអស់លទ្ធភាពដែលខ្លួន
មាន។
មាត្រា៥
រដ្ឋត្រូវគោរពសិទ្ធិ និងការទទួលខុសត្រូវរបស់មាតាបិតា និងក្រុមគ្រួសាររបស់កុមារក្នុងការអប់រំណែនាំកុមារឱ្យសមស្របទៅការវិវត្តនៃសមត្ថភាពកុមារ។
មាត្រា៦
កុមារគ្រប់រូបមានសិទ្ធិរស់រានមានជីវិតដែលមិនអាចកាត់ផ្តាច់បាន ឯរដ្ឋមានកាតព្វកិច្ចធានាឱ្យបាននូវការរស់រានមានជីវិត និងការអភិវឌ្ឍន៍របស់កុមារ។
មាត្រា៧
កុមារមានសិទ្ធិមានឈ្មោះ និងទទួលសញ្ជាតិពីកំណើត និងមានសិទ្ធិស្គាល់ និងទទួលការថែទាំពីឱពុកម្តាយរបស់ខ្លួន (តាមលទ្ធភាពខ្ពស់បំផុតដែលអាចធ្វើទៅបាន)។
មាត្រា៨
រដ្ឋមានកាតព្វកិច្ចការពារ ហើយប្រសិនបើចាំបាច់ធ្វើឱ្យមាន ឡើយវិញនូវអត្តសញ្ញាណរបស់កុមារ។ អត្តសញ្ញាណនេះរួមមានៈ ឈ្មោះ សញ្ជាតិ និង ចំណងគ្រួសារ។
មាត្រា៩
កុមារមានសិទ្ធិរស់នៅជាមួយមាតាបិតារបស់ខ្លួនវាលែងតែក្នុង ករណីដែលមានការពិចារណាឃើញថា ការរស់នៅនេះមានសភាពផ្ទុយទៅនឹងឧត្តមប្រយោជន៍របស់កុមារ។ កុមារមានសិទ្ធិរក្សាទំនាក់ទំនងជាមួយមាតាបិតារបស់ខ្លួន ក្នុងករណីដែលខ្លួនត្រូវបានបំបែកចេញពីមាតា ឬបិតា ឬទាំងមាតាបិតា។
មាត្រា១០
កុមារ និងក្រុមគ្រួសាររបស់ពួកគេមានសិទ្ធិចាកចេញពីប្រទេសណាមួយ និងចូលមកប្រទេសរបស់ខ្លួនវិញដើម្បីជួបជុំគ្រួសារឡើងវិញ ឬក៏ដើម្បីរក្សាចំណងទាក់ទងរវាងមាតាបិតា និងគ្រួសារ។
មាត្រា១១
រដ្ឋមានកាតព្វកិច្ចទប់ស្កាត់ និងដោះសា្រយការចាប់ជំរិត ឬការឃុំឃាំងកុមារដោយឱពុក ឬម្តាយ ឬក៏ភាគីទីបីនៅឯបរទេស។
មាត្រា១២
កុមារមានសិទ្ធិបញ្ចេញទស្សនៈរបស់ខ្លួនដោយសេរី ហើយគេត្រូវតែយកទស្សនៈទាំងនេះមកថ្លឹងថ្លែងពិចារណាក្នុងដំណើរការទាំងឡាយណា ដែលជះឥទ្ធិពលដល់កុមារ។


មាត្រា១៣
កុមារមានសិទ្ធិបញ្ចេញគំនិតយោបល់ ទទួល និងផ្សព្វផ្សាយពត៌មានដោយមិនកំណត់ព្រំដែន។
មាត្រា១៤
រដ្ឋត្រូវគោរពសិទ្ធិរបស់កុមារក្នុងសេរីភាពផ្នែកគំនិតមនសិការ និងសាសនា ដោយឈរលើគោលការណ៍សមស្របមួយ។
មាត្រា១៥
កុមារមានសិទ្ធិជួបជុំជាមួយមនុស្សផ្សេងៗ និងមានសិទ្ធិចូលរួម ឬបង្កើតសមាគមនានា។
មាត្រា១៦
កុមារមានសិទ្ធិទទួលការពារពីការជ្រៀតជ្រែកចូលការសម្ងាត់ ផ្ទាល់ខ្លួន គ្រួសារ លំនៅដ្ឋាន និងការឆ្លើយឆ្លង និងទទួលការការពារពីការបំពានលើកិត្តិយសរបស់គេ។
មាត្រា១៧
រដ្ឋត្រូវធានាឱ្យកុមារទទួលបានពត៌មាន និងឯកសារពីប្រភពផ្សេងៗហើយរដ្ឋត្រូវជុំរុញឱ្យប្រព័ន្ធឃោសនាផ្សព្វផ្សាយពត៌មាន សង្គម វប្បធម៌ ដែលមានប្រយោជន៍ដល់កុមារ និងត្រូវចាត់វិធានការការពារកុមារទល់នឹងពត៌មានដែលមិនសមស្របសម្រាប់ពួកគេ។
មាត្រា១៨
មាតាបិតាមានការទទួលខុសត្រូវរួមគ្នាក្នុងការចិញ្ចឹមបីបាច់បុត្រធីតា ឯរដ្ឋវិញត្រូវតែគាំទ្រមាតាបិតាឱ្យបំពេញការងារនេះ។ រដ្ឋត្រូវតែផ្តល់ការឧបត្ថម្ភសមស្របដល់មាតាបិតាក្នុងការចិញ្ចឹមបីបាច់បុត្រធីតា។

មាត្រា១៩
រដ្ឋត្រូវការពារកុមារពីរាល់ទម្រងនៃការធ្វើបាបពីមាតាបិតា ឬអ្នកដែលទទួលខុសត្រូវមើលថែទាំកុមារនោះ និងត្រូវបង្កើតកម្មវិធីសង្គមមួយសម្រាប់ការពារកុមារទល់នឹងការធ្វើបាប។
មាត្រា២០
រដ្ឋមានកាតព្វកិច្ចផ្តល់ការការពារពិសេសដល់កុមារដែលខ្វះបរិយាកាសគ្រួសារ ហើយរដ្ឋត្រូវធានាឱ្យមានការថែទាំផ្សេងៗបែបគ្រួសារ និងធានាឱ្យមានស្ថាប័នថែទាំកុមារក្រុមនេះ។ ក្នុងកិច្ចខំប្រឹងប្រែងបំពេញកាតព្វកិច្ចនេះ គេត្រូវគិតពិចារណាដល់មូលដ្ឋានវប្បធម៌របស់កុមារ។
មាត្រា២១
ក្នុងប្រទេសដែលទទួលស្គាល់ ឬអនុញ្ញាតិឱ្យមានការសុំកូនមកចិញ្ចឹម ការសុំកូននេះត្រូវធ្វើឡើងស្របទៅនឹងឧត្តមប្រយោជន៍របស់កុមារ និងមានការអនុញ្ញាតិពីអាជ្ញាធរមានសមត្ថកិច្ចហើយរដ្ឋត្រូវចាត់វិធានការទាំងឡាយណាដែលធានាឱ្យកុមារដែលសុំមកចិញ្ចឹមនេះ បានទទួលការការពារថែទាំយ៉ាងហ្មត់ចត់។
មាត្រា២២
ត្រូវផ្តល់ការការពារពិសេសទៅដល់កុមារភៀសខ្លួន ឬកុមារដែលកំពុងស្វែងរកឋានៈជាជនភៀសខ្លួន។ រដ្ឋមានកាតព្វធ្វើកិច្ចសហប្រត្តិបត្តិការជាមួយអង្គការមានសមត្ថកិច្ចក្នុងការផ្តល់ការការពារ និងការឧបត្ថម្ភក្នុងផ្នែកនេះ។
មាត្រា២៣
កុមារពិការមានសិទ្ធិទទួលការថែទាំ ការអប់រំ និងការបណ្តុះបណ្តាលពិសេស ដើម្បីជួយពួកគេឱ្យអាចរស់នៅក្នុងជីវិតសមរម្យ មានកិត្តិយស។ ការអប់រំ ការថែទាំ និងការបណ្តុះបណ្តាលត្រូវមានទិសដៅ ជួយកុមារពិការឱ្យមានភាពម្ចាស់ការ ដែលអាចឱ្យពួកគេរួមចំណែកយ៉ាងសកម្មក្នុងជីវិតសង្គម។
មាត្រា២៤
កុមារមានសិទ្ធិទទួលសេវាសុខភាព និងការថែទាំវេជ្ជសាស្រ្តដែលមានគុណភាពកម្រិតខ្ពស់បំផុតតាមការដែលអាចធ្វើទៅបាន។ រដ្ឋត្រូវ ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការផ្តល់ការថែទាំសុខភាពបឋម ការថែទាំបង្ការសុខភាព ការអប់រំសុខភាពសាធារណៈ និងការកាត់បន្ថយអត្រាស្លាប់នៃកុមារ។ គេត្រូវតែជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ និងខិតខំធ្វើឱ្យកុមារគ្រប់រូបទទួលបាននូវសេវាសុខភាពប្រកបដោយប្រសិទ្ធិភាព និងគុណភាព។
មាត្រា២៥
កុមារដែលត្រូវបានរដ្ឋគ្រប់គ្រងក្នុងគោលបំណងមើលថែទាំការពារមានសិទ្ធិទទួលការត្រួតពិនិត្យវាយតម្លៃជាទៀងទាត់លើការគ្រប់គ្រងនេះ។
មាត្រា២៦
កុមារមានសិទ្ធិទទួលប្រយោជន៍ពីសន្តិសុខសង្គមក្នុងនោះរួមទាំងកិច្ចធានារ៉ាប់រងសង្គមផងដែរ។
មាត្រា២៧
កុមារគ្រប់រូបមានសិទ្ធិរស់នៅក្នុងកម្រិតជីវភាពមួយ ដែលសមស្របទៅនឹងការលូតលាស់ផ្នែករាងកាយ សតិបញ្ញា ស្មារតី គុណធម៌ និងសង្គម។ មាតាបិតាមានការទទួលខុសត្រូវចម្បងក្នុងការធានាឱ្យកុមាររស់នៅក្នុងកម្រិតជីវភាពសមស្រប។ ឯភារកិច្ចរបស់រដ្ឋវិញ គឺធ្វើយ៉ាងណាឱ្យការទទួលខុសត្រូវចម្បងរបស់មាតាបិតានេះបានសម្រេច។ ការទទួលខុសត្រូវរបស់រដ្ឋក្នុងផ្នែកនេះមានដូចជា ការជួយឧបត្ថម្ភផ្នែកសម្ភារៈដល់មាតាបិតា និងកុមារ។
មាត្រា២៨
កុមារមានសិទ្ធិទទួលការអប់រំ ឯរដ្ឋមានភារកិច្ចធ្វើឱ្យការអប់រំនៅបឋមសិក្សាឥតបង់ថ្លៃ និងជាកាតព្វកិច្ច។ រដ្ឋត្រូវជំរុញឱ្យកុមារគ្រប់រូបទទួលបានការអប់រំនៅមធ្យមសិក្សា និងអាចបន្តទទួលការអប់រំនៅឧត្តមសិក្សាទៅតាមសមត្ថភាពរបស់ពួកគេ។ វិន័យ និងបទបញ្ជាសាលាត្រូវស្រមទៅនឹងសេចក្តីថ្លៃថ្នូរជាមនុស្ស និងសិទ្ធិរបស់កុមារ។ រដ្ឋត្រូវតែធ្វើកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិក្នុងការអនុវត្តន៍សិទ្ធិនេះ។
មាត្រា២៩
រដ្ឋទទួលស្គាល់ថាការអប់រំកុមារត្រូវតម្រង់ទិសទៅរកការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈបំណិន សមត្ថភាព បញ្ញា និងរាងកាយរបស់ពួកគេឱ្យដល់កម្រិតខ្ពស់បំផុតដើម្បីរៀបចំកុមារសម្រាប់ជីវិតដ៏សកម្មរបស់មនុស្សពេញវ័យក្នុងសង្គមប្រជាធិបតេយ្យ។ លើសពីនេះការអប់រំត្រូវបណ្តុះកុមារឱ្យចេះគោរពមាតាបិតា អត្តសញ្ញាណ វប្បធម៌ ភាសា សិទ្ធិមនុស្ស និងតម្លៃរបស់ខ្លួន ព្រមទាំងគោរពដល់វប្បធម៌ និងតម្លៃរបស់អ្នកដទៃផងដែរ។
មាត្រា៣០
កុមារជនជាតិភាគតិច និងកុមារក្រុមកុលសម័្ពន្ធដើមមានសិទ្ធិរស់នៅក្នុងវប្បធម៌ផ្ទាល់ខ្លួនរបស់ពួកគេ និងមានសិទ្ធិប្រើប្រាស់ភាសា និងប្រតិបត្តិសាសនារបស់ខ្លួន។
មាត្រា៣១
កុមារមានសិទ្ធិសម្រាក លំហែកម្សាន្ត លេង និងចូលរួមក្នុងសកម្មភាពវប្បធម៌ និងសិល្បៈផ្សេងៗ។


មាត្រា៣២
កុមារមានសិទ្ធិទទួលការការពារអំពីការងារទាំងឡាយណាដែលប៉ះពាល់សុខភាព ការអប់រំ ឬការអភិវឌ្ឍន៍របស់ពួកគេ។ រដ្ឋត្រូវកំណត់អាយុអប្បបរមាសម្រាប់ឱ្យទទួលចូលធ្វើការ និងកំណត់នូវលក្ខខណ្ឌការងារ។
មាត្រា៣៣
កុមារមានសិទ្ធិទទួលបានការការពារពីការប្រើប្រាប់គ្រឿងញៀន គ្រឿងផ្ញោចប្រសាទ និងការចូលពាក់ព័ន្ធក្នុងសកម្មភាពគ្រឿងញៀន។
មាត្រា៣៤
រដ្ឋត្រូវការពារកុមារពីការកេងប្រវ័ញ្ច និងការបំពានផ្នែកផ្លូវភេទ ក្នុងនេះរាប់បញ្ចូលទាំងពេស្យាកម្ម និងការចូលពាកព័ន្ធក្នុងអំពើអាសអាភាសផងដែរ។
មាត្រា៣៥
រដ្ឋមានកាតព្វកិច្ចចាត់រាល់វិធានការទប់ស្កាត់ការលក់ ឬការជួញដូរ និងការចាប់ជំរិត
កុមារ។
មាត្រា៣៦
កុមារមានសិទ្ធិទទួលការការពារពីការកេងប្រវ័ញ្ចគ្រប់រូបភាពផ្សេងៗទៀត ដែលរារាំងដល់សុខុមាលភាពរបស់កុមារ ហើយដែលមិនមានចែងក្នុងមាត្រា៣២, ៣៣, ៣៤, និង៣៥នៃអនុសញ្ញានេះ។
មាត្រា៣៧
រដ្ឋត្រូវធានាថា គ្មានកុមារណាម្នាក់ត្រូវរងទារុណកម្ម អំពើអមនុស្សធម៌ ឬទណ្ឌកម្ម ការចាប់ខ្លួនដោយខុសច្បាប់ ឬការដកហូតសេរីភាពឡើយ។ ទោសប្រហារជីវិត និងការឃុំឃាំងមួយជីវិតដោយគ្មានការដោះលែងត្រូវបានហាមឃាត់ចំពោះជនល្មើសដែលមានអាយុក្រោម១៨ឆ្នាំ។ គេត្រូវបំបែកកុមារជាប់ឃុំឃាំងចេញពីមនុស្សពេញវ័យ លើកលែងតែឧត្តមប្រយោជន៍កុមារ មិនត្រូវឱ្យធ្វើដូចនេះ។ កុមារដែលជាប់ឃុំឃាំងមានសិទ្ធិទទួលជំនួយផ្នែកច្បាប់ និងជំនួយផ្សេងៗទៀត ព្រមទាំងមានសិទ្ធិមានទំនាក់ទំនងជាមួយគ្រួសាររបស់ខ្លួនផង។
មាត្រា៣៨
រដ្ឋត្រូវយកអល់លទ្ធភាពចាត់រាល់វិធានការធានាមិនឱ្យកុមារអាយុក្រោម១៥ឆ្នាំ ចូលពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះ។ គ្មានកុមារណាម្នាក់អាយុក្រោម១៥ឆ្នាំត្រូវបានគេជ្រើសរើសចូលបំរើក្នុងកងកម្លាំងប្រដាប់អាវុធឡើយ។ រដ្ឋត្រូវធានាការពារ និងថែរក្សាកុមារដែលទទួលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ ហើយកិច្ចការនេះត្រូវធ្វើឱ្យស្របទៅតាមច្បាប់អន្តរជាតិដែលមាន។
មាត្រា៣៩
រដ្ឋមានកាតព្វកិច្ចធានាដល់កុមាររងគ្រោះដោយជម្លោះប្រដាប់អាវុធ ការធ្វើទារុញកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ចឱ្យបានទទួលការដោះស្រាយសមស្របដើម្បីឱ្យពួកគេអាចស្តារលទ្ធភាពចូលទៅរួមរស់ក្នុងសង្គមវិញ។
មាត្រា៤០
កុមារទំនាស់នឹងច្បាប់មានសិទ្ធិទទួលនូវសេវាកម្មទាំងឡាយ ដែលនាំដល់ការលើកតម្កើងសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ខ្លួន (ស្របទៅតាមវ័យរបស់កុមារ) ដើម្បីឱ្យគេអាចត្រឡប់ចូលមករួមរស់ជាមួយសង្គមវិញ។ កុមារក្រុមនោះមានសិទ្ធិទទួលបានការធានារ៉ាប់រងជាមូលដ្ឋាន ការធានាផ្នែកច្បាប់ និងជំនួយផ្សេងៗដើម្បីការពារខ្លួនចំពោះមុខតុលាការ។ ការប្រើប្រាស់វិធានការច្បាប់ និងការឃុំឃាំងកុមារក្រុមនេះត្រូវជៀសវាងក្នុងករណីដែលអាចធ្វើបាន។

មាត្រា៤១
ក្នុងករណីដែលច្បាប់ជាតិ ឬអន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារដែលកំពុងដែលមានសុពលភាពក្នុងប្រទេស ដែលកុមាររស់នៅមានបទដ្ឋានកំរិតខ្ពស់ជាងអនុសញ្ញាសិទ្ធិកុមារនេះនោះបទដ្ឋានខ្ពស់ជាងនោះត្រូវយកមកប្រើប្រាស់វិញ។
មាត្រា៤២-៥៤
ពីមាត្រា៤២ ដល់មាត្រា៥៤ ចែងអំពី៖
(១) កាតព្វកិច្ចរបស់រដ្ឋក្នុងការផ្សព្វផ្សាយអនុសញ្ញានេះឱ្យបានយល់ជ្រួតជ្រៀបដល់មនុស្សពេញវ័យ និងកុមារគ្រប់ៗរូប។
(២) ការបង្កើតគណៈកម្មាធិការសិទ្ធិកុមារដែលមានអ្នកជំនាញការ ១០រូបសម្រាប់ពិនិត្យមើលរបាយការណ៍រដ្ឋភាគី ដែលត្រូវដាក់ជូនគណៈកម្មាធិការ២ឆ្នាំក្រោយពីឱ្យសច្ចាប័ន និងរៀងរាល់៥ឆ្នាំបន្តពីនោះ។ ការចូលជាធរមាននៃអនុសញ្ញានេះក្រោយពីមានរដ្ឋ២០ ចូលជាភាគី។
(៣) ការតម្រូវឱ្យរដ្ឋភាគីផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនឱ្យបានទូលំទូលាយដល់សាធារណៈជន។
(៤) គណៈកម្មាធិការអាចលើកសំណើឱ្យមានការសិក្សាស្រាវជ្រាវ ពិសេសលើបញ្ហាដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ និងអាចបញ្ជូនទៅរដ្ឋភាគីនីមួយៗ និងមហាសន្និបាទអង្គការសហប្រជាជាតិនូវការវាយតម្លៃរបស់ខ្លួន។
(៥) ដើម្បីបង្កើនប្រសិទ្ធិភាពនៃការអនុវត្តន៍អនុសញ្ញា និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិនោះ ទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដូចជាអង្គការពលកម្មអន្តរជាតិ (ILO) អង្គការសុខភាពពិភពលោក (WHO) អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌ អង្គការសហប្រជាជាតិ (UNESCO) និងអង្គការមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) អាចចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការបាន។ អង្គការមានសមត្ថកិច្ចផ្សេងៗទៀតរួមទាំងអង្គការមិនមែនរដ្ឋាភិបាល ដែលមានឋានៈជាអ្នកផ្តល់យោបល់ដល់ អង្គការសហប្រជាជាតិ ឬស្ថាប័នអង្គការសហប្រជាជាតិអាចជូនពត៌មានទៅគណៈកម្មាធិការ និងអាចត្រូវបានស្នើឱ្យជួយផ្តល់យោបល់លើការអនុវត្តអនុសញ្ញាសិទ្ធិកុមារ។
II. ការក្លាយជាសមាជិកភាពនៃអនុសញ្ញា និងការអនុវត្តអនុសញ្ញារបស់កម្ពុជា
កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ វិច្ឆិកា ១៩៩២ ជារដ្ឋភាគីនៃពិធីសារបន្ថែមប្រឆាំងនឹងការជួញដូរកុមារ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០០២ និងជារដ្ឋភាគីនៃពិធីនៃពិធីសារបន្ថែមស្តីពីការពាក់ព័ន្ធកុមារនៅក្នុងជម្លោះប្រដាប់អាវុធនៅថ្ងៃទី១៦ សីហា ២០០៦។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញធានាការពារអនុសញ្ញានេះ ជាមួយនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដទៃទៀតថាជាផ្នែកមួយនៃច្បាប់កម្ពុជា។ មាត្រា៤៨ គូសបញ្ជាក់បន្ថែមទៀតថា “រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។”
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី១០ កក្កដា ២០០៧ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នមួយបង្កើតឡើង ដើម្បីការពាររដ្ឋធម្មនុញ្ញ បានគូសបញ្ជាក់ជាថ្មី ពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងច្បាប់កម្ពុជា និងធ្វើការរំលឹកដល់ចៅក្រម ក្នុងការសម្រេចក្តី និងធ្វើការបកស្រាយច្បាប់ ថាចៅក្រមត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដល់បទបញ្ញាត្តិនៃសន្ធិសញ្ញាដែលកម្ពុជាបានទទួលស្គាល់ រួមទាំងអនុសញ្ញាស្តីពីសិទ្ធិកុមារផង។
គណៈកម្មាធិការសិទ្ធិកុមារ
ដោយបានក្លាយខ្លួនជារដ្ឋភាគីនៃអនុសញ្ញា រដ្ឋនោះត្រូវធ្វើការប្តេជ្ញាចិត្តដោយភា្ជប់កាតព្វកិច្ចផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសដល់កុមារព្រមទាំងសហគមន៍អន្តរជាតិ ពីការអនុវត្តបទបញ្ញាត្តិទាំងឡាយនៃអនុសញ្ញានេះដើម្បីលើកស្ទួយ និងការពារសិទ្ធិកុមារ។
យោងតាមអនុសញ្ញានេះ គណកម្មាធិការអន្តរជាតិមួយ ដែលមានអ្នកជំនាញការឯករាជ្យ ហើយដែលគេស្គាល់ជាទូទៅថាគណៈកម្មាធិការសិទ្ធិកុមារត្រូវបានបង្កើតឡើង ដើម្បីតាមដានការវិវត្តន៍របស់រដ្ឋភាគី ក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ គ្រប់រដ្ឋភាគី តម្រូវឱ្យធ្វើរបាយការណ៍ជាទៀតទាត់តាមកាលកំណត់ជូនគណៈកម្មាធិការ ពីវិធានការដែលខ្លួនប្រកាន់យកដើម្បីអនុវត្តអនុសញ្ញានេះ។
កម្ពុជាបានធ្វើរបាយការណ៍ចំនួនពីរលើករួចមកហើយជូនគណៈកម្មាធិការ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់របាយការណ៍តាមកាលកំណត់លើកទីពីររបស់ខ្លួនជូនគណៈកម្មាធិការ កាលពីខែកុម្ភៈ ឆ្នាំ២០០៩ ហើយគណៈកម្មាធិការនឹងពិនិត្យរបាយការណ៍នេះ នៅពេលណាមួយក្នុងឆ្នាំ២០១០ ឬ២០១១។
1. សិទ្ធិកុមារ
កុមារជានរណា? ហេតុអ្វីកុមារត្រូវបានការពារ?
កុមារត្រូវគេទទួលស្គាល់ជាមនុស្សមានអាយុក្រោម១៨ឆ្នាំ លើកលែងតែច្បាប់របស់ប្រទេស ចែងពីអាយុពេញវ័យដែលគេសន្មត់រហ័សជាង។
កុមារមានសិទ្ធិឱ្យគេប្រព្រឹត្តទៅលើ ដូចមនុស្សពេញវ័យដទៃទៀតដែរ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានេះដែរ កុមារក៏មានសិទ្ធិពិសេសបន្ថែម ដោយសារតែពួកគេមានវ័យក្មេង និងងាយរងគ្រោះ។ កុមារនឹងមិនអាចរស់រាន និងឈានដល់សក្តានុពលពេញលេញ បើគ្មានជំនួយ និងការសហការពីមនុស្សពេញវ័យ។ គោលបំណងរបស់អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺបង្កើតជាបទដ្ឋានសម្រាប់ការពារកុមារប្រឆាំងនឹងការទុកចោលមិនយកចិត្តទុកដាក់ ការរំលោភបំពាន ការកេងប្រវ័ញ និងការរើសអើងដែលខ្លួនជួបប្រទះក្នុងកម្រិតផ្សេងៗ ជារៀងរាល់ថ្ងៃ នៅគ្រប់ប្រទេស។
2. គោលការណ៍នៃការអនុវត្តអនុសញ្ញា
អនុសញ្ញាស្តីពីសិទ្ធិកុមារមានចែងគោលការណ៍ណែនាំ៤ ដែលតាមរយៈនៃគោលការណ៍នេះ សិទ្ធិកុមារត្រូវបានការពារ។ គោលការណ៍ទាំងបួននេះ រួមមាន៖
2.1. ឧត្តមប្រយោជន៍កុមារ (មាត្រា៣)
គ្រប់សកម្មភាពពាក់ព័ន្ធនឹងកុមារ ត្រូវយកឧត្តមប្រយោជន៍របស់កុមារមកពិចារណាជាចម្បង។
2.2. ការមិនរើសអើង (មាត្រា២)
កុមារគ្រប់រូបត្រូវទទួលបានសិទ្ធិទាំងអស់របស់ខ្លួន ដោយមិនមានការរើសអើងពីប្រភេទណាមួយទេ។ កុមារមិនអាចត្រូវបានគេបដិសេធសិទ្ធិរបស់ខ្លួនដោយសារតែជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា ទស្សនៈនយោបាយ ឬទស្សនៈផ្សេងៗ ជាតិ ប្រភពជនជាតិ ឬឋានៈក្នុងសង្គម ទ្រព្យសម្បត្តិ ពិការភាព កំណើត ឋានៈ ឬស្ថានភាព ផ្សេងៗទៀតរបស់កុមារ ឬឱពុក ម្តាយរបស់កុមារនោះទេ។
2.3. សិទ្ធិមានជីវិត សិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ (មាត្រា៦)
កុមារគ្រប់រូប មានសិទ្ធិមានជីវិតតាំងពីកំណើង។ រដ្ឋត្រូវធានាពីការរស់រានមានជីវិត និងការអភិវឌ្ឍន៍របស់កុមារ ឱ្យមានកម្រិតអតិប្បរមាតាមដែលអាចធ្វើបាន។


2.4. ការគោរពទស្សនៈកុមារ (មាត្រា១២)
កុមារដែលមានសមត្ថភាពបង្កើតទស្សនៈផ្ទាល់ខ្លួន មានសិទ្ធិបញ្ចេញមតិរបស់គេ ដោយសេរី ក្នុងគ្រប់បញ្ហាពាក់ព័ន្ធនឹងខ្លួនគេ។ ទស្សនៈកុមារត្រូវតែបានយកទៅពិចារណាថ្លឹងថ្លែង ឱ្យបានសម្រេចទៅតាមអាយុ និងការយល់ដឹង (ភាពចាស់ចិត្តចាស់គំនិត) របស់កុមារ។
3. សិទ្ធិជាក់លាក់មួយចំនួនដូចដែលបានកំណត់ក្នុងអនុសញ្ញា
អនុសញ្ញាបានធ្វើការចែងយ៉ាងច្បាស់លាស់នូវសិទ្ធិសំខាន់ធំៗ៤ ប្រភេទក្នុងគោលបំណងក្នុងការការពារកុមារ រួមមាន៖
3.1. សិទ្ធិរស់រានមានជីវិត
សិទ្ធិនេះរួមបញ្ចូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបានការថែទាំសុខភាព និងវេជ្ជសាស្ត្រក្នុងកម្រិតខ្ពស់បំផុត។
3.2. សិទ្ធិអភិវឌ្ឍន៍
សិទ្ធិទាំងនេះរួមបញ្ចូលអ្វីទាំងអស់ដែលកុមារត្រូវការដើម្បីលូតលាស់ក្នុងកម្រិតខ្ពស់បំផុត និងដើម្បីឱ្យក្លាយទៅជាសមាជិកដែលទទួលខុសត្រូវរបស់សង្គម។ សិទ្ធិនេះ រួមមានការអប់រំគ្រប់ប្រភេទ និងសិទ្ធិទទួលបានជីវភាពរស់នៅគ្រប់គ្រាន់ សម្រាប់ការលូតលាស់របស់កុមារ ផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៌ និងសង្គម។
3.3. សិទ្ធិទទួលបាននូវការការពារ
សិទ្ធិនេះចង់សំដៅយ៉ាងទូលាយដល់សិទ្ធិដែលត្រូវបានទទួលការការពារ រួចផុតពីអំពើ និងការប្រព្រឹត្តផ្សេងៗដែលបង្កអន្តរាយដល់កុមារ។ សិទ្ធិនេះ រួមមានការការពារពីការរើសអើសពី ការរំលាភបំពាន ការទុកចោលមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ ការការពារកុមារដែលគ្មានគ្រួសារ និងការការពារកុមារជាជនភៀសខ្លួន។
3.4. សិទ្ធិចូលរួម
សិទ្ធិទាំងនេះ គ្របដណ្តប់លើសិទ្ធិរបស់កុមារក្នុងការចូលរួមបញ្ចេញមតិរបស់ខ្លួនក្នុងគ្រប់បញ្ហា និងត្រូវបានគេទទួលស្តាប់ក្នុងគ្រប់សេចក្តីសម្រេចដែលប៉ះពាល់ដល់អាយុជីវិតរបស់កុមារ។ នៅពេលសមត្ថភាពរបស់កុមារវិវត្តឡើង កុមារគួរតែមានឱកាសកាន់តែច្រើនជាងមុន ក្នុងការចូលរួមសកម្មភាពរបស់សង្គម ដើម្បីជាការរៀបចំសម្រាប់ជីវិតជាមនុស្សពេញវ័យ។
4. កាតព្វកិច្ចរស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាស្តីពីសិទ្ធិកុមារ
រដ្ឋភាគីនីមួយៗនៃអនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបំពេញកាតព្វកិច្ចដូចខាងក្រោម៖
អនុម័តច្បាប់ គោលនយោបាយ និងកម្មវិធីផ្សេងៗដើម្បីធានាការអនុវត្តន៍ និងការទទួលបានសិទ្ធិដែលមានចែងក្នុងអនុសញ្ញាសិទ្ធិកុមារ (មាត្រា៤)
ចាត់វិធានការច្បាប់ រដ្ឋបាល និងវិធានការដទៃទៀតឱ្យបានសមស្របទៅនឹងកម្រិតអតិបរមានៃធនធានដែលមានរបស់ប្រទេសខ្លួន និងតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះមានន័យថាកំណត់អាទិភាព និងទុកកុមារជាចម្បង (មាត្រា៤)
លើកកម្ពស់ការយល់ដឹង ពីអនុសញ្ញាស្តីពីសិទ្ធិកុមារ (មាត្រា៤២)
បញ្ជូនរបាយការណ៍ស្តីពីស្ថានភាពបច្ចុប្បន្នរបស់កុមារ និងភាពរីកចម្រើននៃការអនុវត្តន៍ អនុសញ្ញាស្តីពីសិទ្ធិកុមារ ទៅឱ្យគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិពីរឆ្នាំក្រោយពីការផ្តល់សច្ចាប័នលើអនុសញ្ញានេះ និងរៀងរាល់៥ឆ្នាំម្តង បន្តបន្ទាប់មកទៀត (មាត្រា៤៤)



III. ពិសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ
ពិធីសារបន្ថែម គឺជាឯកសារបន្ថែមលើសន្ធិសញ្ញាគោលដែលរដ្ឋនីមួយៗ អាចជ្រើសរើសដើម្បីចូលជាសមាជិក ប្រសិនបើរដ្ឋនោះយល់ព្រមទទួលកាតព្វកិច្ចបន្ថែមតាមពិធីសារនោះដោយមិនគិតដល់អនុសញ្ញាដើមឡើយ។
អនុសញ្ញាស្តីពីសិទ្ធិកុមារ មានពិធីសារបន្ថែមចំនួនពីរដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែឧសភា ឆ្នាំ២០០០ដូចគ្នា។ ពិធីសារមួយគឺ សំដៅប្រឆាំងនឹងការជួញដូរកុមារ ពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ឯពិធីសារបន្ថែមមួយទៀត គឺសំដៅដល់ការការពារកុមារពីការពាក់ព័ន្ធនៅក្នុងជម្លោះប្រដាប់អាវុធ ដោយធ្វើការដាក់កំហិត និងបញ្ញាត្តិពីការប្រើប្រាស់ទាហានក្រោមអាយុ១៨ឆ្នាំ។











សេចក្តីសន្និដ្ឋាន
អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជាលិខិតុបករណ៍អន្តរជាតិមួយដែលបានបង្កើតឡើងដោយមហាសន្និបាទអង្គការសហប្រជាជាតិ ក្នុងគោលបំណង ការពារ និងផ្តល់ឧត្តមប្រយោជន៍ដល់កុមារដែលជាជនគ្មានសមត្ថភាព ក្នុងការសម្រេចចិត្តចំពោះកិច្ចការងារជាច្រើន។ លើសពីនេះទៅទៀត អនុសញ្ញានេះមានទិសដៅដើម្បីធ្វើយ៉ាងណាធានាឱ្យកុមារអាចទទួលបាននូវ កុមារភាព មួយប្រកបដោយសុភមង្គល ហើយនិងប្រើប្រាស់បាននូវសិទ្ធិ និងសេរីភាពទាំងឡាយដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍នេះ ដើម្បីជាគុណប្រយោជន៍សម្រាប់ខ្លួនផ្ទាល់ និងសម្រាប់សង្គមហើយ និងសុំអំពាវនាវដល់មាតាបិតា ដល់បុរស ស្ត្រីជាបុគ្គលម្នាក់ៗដល់អង្គការស្ម័គ្រចិត្តដល់អាជ្ញាធរមូលដ្ឋាន និងដល់រដ្ឋាភិបាលនានា សុំឱ្យទទួលស្គាល់សិទ្ធិទាំងនេះ ហើយនឹងប្រឹងប្រែងធ្វើឱ្យមានការគោរពសិទ្ធិទាំងនេះ អាស្រ័យដោយវិធានការច្បាប់ និងវិធានការផ្សេងៗទៀតដែលនឹងត្រូវប្រកាន់យកមកអនុវត្តន៍។ ម្យ៉ាងវិញទៀត ដោយសារតែគេឃើងថាកុមារត្រូវបានក្លាយជាជនរងគ្រោះដែលមានចំនួនច្រើន ដូច្នេះហើយបានជាមានសេចក្តីពា្រងច្បាប់ ឬសេចក្តីស្នើច្បាប់ជាច្រើនតែងតែមានកង្វល់អំពីបញ្ហានេះ។







ឯកសារយោង
 សេចក្តីថ្លែងការណ៍ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ បោះពុម្ពឆ្នាំ១៩៩៣ ដោយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
 អនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម បោះពុម្ពផ្សាយនៅ ខែមិថុនា ឆ្នាំ២០០៩ ដោយ យូនីសេហ្វនៅកម្ពុជា។
 សង្ខេបអនុសញ្ញាស្តីពីសិទ្ធិកុមារ ចងក្រងដោយ អង្គការអូស្ត្រាលីសង្គ្រោះកុមារ រួមសហការជាមួយគណៈកម្មាធិការអង្គរការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ។

No comments:

Post a Comment