សេចក្តីផ្តើម.................................................. ទំព័រទី១
អសមត្ថភាព........................................................ ទំព័រទី២
I. និយមម័យ................................................................ ទំព័រទី២
II. លក្ខណៈអសមត្ថភាពនៃបុគ្គល.................................................... ទំព័រទី២
១. អសមត្ថភាពខាងការអាស្រ័យផលពីសិទ្ធិ.................................... ទំព័រទី២
២. អសមត្ថភាពខាងការិយកម្មនៃសិទ្ធិ........................................ ទំព័រទី៣
III. អសមត្ថជន.................................................................................... ទំព័រទី៣
១. អនីតិជន..................................................................................... ទំព័រទី៣
ក. អនីតិជនគ្មានអត្តាធិនភាព................................................................................... ទំព័រទី៤
ក.១. អសមត្ថភាពនៃអនីតិជនគ្មានអត្តាធិនភាព.......................................................... ទំព័រទី៤
ក.២. អភិបាលតាមច្បាប់................................................................. ទំព័រទី៤
ក.៣. អាណាព្យាបាល............................................................................. ទំព័រទី៥
ក.៣.១. រចនាសម្ព័ន្ធនៃអាណាព្យាបាល................................................................. ទំព័រទី៥
ក.៣.២. កាតព្វកិច្ច និងសិទ្ធិអធ្យាប័ក................................................. ទំព័រទី៨
ខ. អនីតិជនមានអត្តាធិនភាព................................................................... ទំព័រទី៩
២. នីតិជន.......................................................................................... ទំព័រទី១១
ក. នីតិជនស្ថិតក្រោមអាណាព្យាបាល...................................................... ទំព័រទី១១
ក.១. ជនគំហាត់ស៊ីវិល.......................................................... ទំព័រទី១២
ក.២. ជនគំហាត់ព្រហ្មទណ្ឌ.............................................................. ទំព័រទី១២
ខ. នីតិជនស្ថិតក្រោមហិតូបត្ថម្ភ................................................................. ទំព័រទី១៣
សេចក្តីសន្និដ្ឋាន..................................................................................... ទំព័រទី១៤
ឯកសារយោង................................................................................ ទំព័រទី១៥
សេចក្តីផ្តើម
នៅក្នុងសង្គមគ្រប់ប្រភេទ មិនថាសង្គមណាទេ ទោះបីជាសង្គមនោះសម្បូរទៅដោយធនធានមនុស្សយ៉ាងណាក៏ដោយ គេតែក្រលែកឃើញមានជនមួយចំនួនដែលអសមត្ថភាពទៅ នឹងកាតព្វកិច្ច ដែលច្បាប់កំណត់ឲ្យធ្វើ។ បើទោះបីជារូបវន្តបុគ្គលគ្រប់រូបសុទ្ធតែមានសិទ្ធិ ប៉ុន្តែ សិទ្ធិទាំងនោះសុទ្ធសឹងតែមានកំណត់ទុកជាមុនក្នុងច្បាប់ ក្នុងករណីនេះគេឃើញមានចំនុចមួយចំនួនដែល រូបវន្តបុគ្គលមិនអាចបំពេញ ឬសម្រេចបានដោយសមត្ថភាព(តាមអត្ថន័យច្បាប់) ផ្ទាល់ខ្លួន គឺធ្វើការអាស្រ័យអ្នកដ៏ទៃ កិច្ចទាំងនោះត្រូវបានគេឲ្យឈ្មោះថា “អសមត្ថភាព”។ ទៀតសោទពាក្យនេះ ត្រូវបានគេប្រើជាញឹកញាប់ ជាមួយអសមត្ថជនដែលជាបុគ្គលមានសាច់ មានឈាម ដែលយើងហៅថា “រូបវន្តបុគ្គល” នោះឯង។ ក្នុងព្រះរាជាណាចក្រកម្ពុជា នៃយើងក្រុមមនុស្ស ឬជំពូកមនុស្សដែលមិនមានលទ្ធភាពនឹងបំពេញកិច្ចការ ឬគ្មានសមត្ថភាពនោះ ត្រូវបានច្បាប់គាំពារជាពិសេសជាង សមត្ថជន ដែលជាជនដែលមានសមត្ថភាពគតិយុត្ត ពេញលេញគ្រប់លក្ខណៈ ស្របទៅតាមច្បាប់ដែលមានចែង ហើយនៅជាធរមាន។ អសមត្ថជន ត្រូវបានទទួលបន្ទុកក្នុងការមើល ថែរក្សាដោយ ឪពុកម្តាយ ឬអាណាព្យាបាល ដែលជាអ្នកឃុំគ្រង បីបាច់ មើលថែរក្សា មើលការខុសត្រូវចំពោះរាល់ទង្វើ ដែលបានប្រព្រឹត្តដោយអសមត្ថជន។
រូបវន្តបុគ្គលគ្រប់រូបជាជនអាចមានសមត្ថភាពគតិយុត្ត(La capacite juridique)។
សមត្ថភាពគតិយុត្ត គឺជាសម្បទារបស់បុគ្គលម្នាក់ដែលទទួលបាននូវសិទ្ធិ និងកាតព្វកិច្ច ហើយប្រើប្រាស់នូវសិទ្ធិទាំងនោះ។ សមត្ថភាពគតិយុត្ត មានសមត្ថភាពខាងអាស្រ័យផល ឬសម្បទាដើម្បីទទួលបាននូវសិទ្ធិ កាតព្វកិច្ច និងសមត្ថភាពខាងកាយកម្ម ឬសម្បទាដែលអនុវត្តនូវសិទ្ធិ និងកាតព្វកិច្ច។
បុគ្គលដែលមិនអាចចាត់ចែងពេញលេញលើសមត្ថភាពទាំងពីរនេះបាន គឺជាអសមត្ថជន។ ជាគោលការណ៍ បុគ្គលទាំងទ្បាយសុទ្ធតែមានសមត្ថភាព លើកលែងតែជនមួយចំនួនប៉ុណ្ណោះដែលអសមត្ថភាព។
អសមត្ថភាព
I. និយមម័យ
ដោយផ្អែកទៅលើវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត “សមត្ថ”មានអត្ថន័យថា ដែលអាច, ដែលអាចហាន ។ ន. សេចក្ដីអាច, ការអាចហាន, ការហ៊ាន; ដំណើរធ្វើកើត ។ សមត្ថកាល វេលាដែលនៅប្រឹងប្រែងបាន, វេលាដែលធ្វើការកើតនៅឡើយ (វេលាកំពុងពេញកម្លាំង) ។ សមត្ថគុណ គុណនៃសេចក្ដីអាចហាន ។ សមត្ថចិត្ត ចិត្តហ៊ាន, ចិត្តមុត ។ សមត្ថបុរស បុរសអាចហាន, មនុស្សហ៊ាន, មនុស្សមុត; អ្នកធ្វើការកើត, មនុស្សបានការ ។ សមត្ថភាព ភាពនៃសេចក្ដីអាចហាន, សេចក្ដីមោះមុត ។ល។
ដោយផ្អែកទៅតាមអត្ថន័យ នៃពាក្យតាមន័យច្បាប់ គឺសំដៅទៅកាន់លក្ខណៈដែលបុគ្គលគ្មាន ដើម្បីឆ្លើយតមទៅនឹងច្បាប់រួមមាន៖
II. លក្ខណៈអសមត្ថភាពនៃបុគ្គល
ក្នុងនោះគេបានធ្វើការបែងចែក អសមត្ថភាព ជាពីរប្រភេទ គឺ អសមត្ថភាពខាងការអាស្រ័យផលពីសិទ្ធិ(១) និងអសមត្ថភាពខាងការិយកម្មនៃសិទ្ធិ(២)។
១. អសមត្ថភាពខាងការអាស្រ័យផលពីសិទ្ធិ
ជាលក្ខណៈដែលគ្មានសម្បទានឹងទទួលបាននូវសិទ្ធិ។ ឧទាហរណ៍ៈ ទាសករ (អសមត្ថភាពទូទៅនៃការអាស្រ័យផល)។ ប៉ុន្តែ បច្ចុប្បន្ននេះ មានតែជនលទ្ធភាពអាស្រ័យផលពីសិទ្ធិរបស់ខ្លួនរហូតដល់មានការកំណត់ដោយច្បាប់។ ឧទាហរណ៍ៈ សិទ្ធិរៀបអាពាហ៍ពិពាហ៍ ច្បាប់កំណត់អាយុ២០ឆ្នាំ សម្រាប់បុរស និង១៨ឆ្នាំ ចំពោះនារី និងសិទ្ធិបោះឆ្នោតជាដើម...។
២. អសមត្ថភាពខាងការិយកម្មនៃសិទ្ធិ
ដោយផ្អែកទៅលើមាត្រា១៦ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បានចែងថា “ជនដែលត្រូវបានកម្រិតសមត្ថភាព សំដៅទៅលើអនីតិជន ជននៅក្រោមអាណាព្យាបាលទូទៅ និងជនដែលនៅក្រោមហិតូបត្ថម្ភ។”
គ្មានសម្បទានឹងអនុវត្តដោយខ្លួនឯងបាននូវសិទ្ធិ និងកាតព្វកិច្ចដែលខ្លួនមាន។ ជនម្នាក់ជាម្ចាស់នៃកម្មសិទ្ធិ តែច្បាប់បានបន្ថយក្នុងការអនុវត្តសិទ្ធិរបស់ជននោះ។ ឧទាហរណ៍ៈ អនីតិជនអាចជាកម្មសិទ្ធិករ ឬម្ចាស់បំណុលដែលមានសមត្ថភាពអាស្រ័យផលពីសិទិ្ធជាម្ចាស់បំណុល ឬជាកម្មសិទ្ធិករ តែគេមិនអាចអនុវត្តដោយខ្លួនឯងក្រៅពីការទទួលផលទេ ដូចជា ការលក់ ការប្តឹងទាមទារបំណុលគេត្រូវមានជនណាម្នាក់ប្រើប្រាស់សិទ្ធិនេះជំនួសខ្លួន។
III. អសមត្ថជន
អសមត្ថជន ត្រូវបានធ្វើការបែងចែកជាពីរ គឺ អនីតិជន និងនីតិជន។
១. អនីតិជន
ហេតុអ្វីបានជាគេចាត់ទុកថាអនីតិជនជាអសមត្ថជន?
យោងតាមមាត្រា១៧ នៃក្រមរដ្ឋប្បវេណីថ្មី បានចែងថា “អនីតិជនសំដៅទៅលើជនដែលមានអាយុក្រោម១៨ឆ្នាំ(ដប់ប្រាំបី) ឆ្នាំ។”
អនីតិជនមានពីរប្រភេទគឺ៖
ក. អនីតិជនគ្មានអត្តាធីនភាព
ក.១. អសមត្ថភាពនៃអនីតិជនគ្មានអត្តាធីនភាព
អនីតិជនគ្មានអត្តាធិនភាព ជាជនអសមត្ថភាពទូទៅក្នុងការអនុវត្តនូវសិទ្ធិរបស់ខ្លួន។ អនីតិជនប្រភេទនេះ មិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងកិច្ចគតិយុត្ត (Acte juridique) តែឯងបានទេ។ គេត្រូវមានតំណាក់កាលស្របច្បាប់ (ឪពុកម្តាយ ឬអាណាព្យាបាល) ជាអ្នកតំណាងក្នុងនាមដើម្បីផលប្រយោជន៍របស់អនីតិជននោះ ដូចជាការចុះកិច្ចសន្យាទិញ-លក់ជាដើម...។ លើកលែងតែកិច្ចមួយចំនួនដែលធ្វើឡើយដោយអនីតិជន ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។
ចំពោះកាតព្វកិច្ចក្រៅកិច្ចសន្យា មានទោសកម្មរដ្ឋប្បវេណី(Delit civil) ឬឧទោសកម្ម (Quasidelit) ។ តាមមាត្រា១២៤ នៃក្រឹត្យច្បាប់លេខ៣៨ អនីតិជនមានអាយុច្រើនជាង១៤ឆ្នាំ តែមិនទាន់គ្រប់១៨ឆ្នាំ ត្រូវទទួលខុសត្រូវ ខាងសំណង ក្នុងករណីគ្មានទ្រព្យ ឬគ្មានប្រាក់ គឺឪពុកម្តាយ ឬអាណាព្យាបាលត្រូវសងជំនួស។
ដើម្បីការពារអនីតិជន ច្បាប់បានបង្កើតនូវវិធីពីរយ៉ាងគឺ៖
ក.២. អភិបាលតាមច្បាប់
គឺជាវិធីមួយដែលផ្តល់សិទ្ធិ និងកាតព្វកិច្ចចំពោះឪពុកម្តាយ ដើម្បីថែរក្សា គ្រប់គ្រងនូវទ្រព្យសម្បត្តិរបស់កូនជាអនីតិជន។ ឪពុកម្តាយ ជាតំណាងស្របច្បាប់របស់អនីតិជន ត្រូវអនុវត្តរួមគ្នានូវអំណាចមេបា (L’aulorité parentale) ។
យោងទៅលើមាត្រា១០៣៤ នៃក្រមរដ្ឋប្បវេណីថ្មី “អ្នកដែលមានអំណាចមេបា មានសិទ្ធិ និងករណីកិច្ច ត្រូវបីបាច់ថែរក្សារូបកាយរបស់កូនដែលជាអនីតិជន និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូននោះ។”
សិទ្ធិអភិបាលតាមច្បាប់ ជាទូទៅធ្លាក់ទៅលើឪពុកម្តាយ។ ឪពុកម្តាយ អាចបំពេញតែម្នាក់ឯងនូវកិច្ចរក្សាទុក នូវទ្រព្យសម្បត្តិ (L’ acte d’administration) ។ ចំពោះកិច្ចចាត់ចែងទ្រព្យសម្បត្តិ (L’ acte de disposition) ត្រូវមានការយល់ព្រមពីឪពុកម្តាយ។
ឪពុកម្តាយ គ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន និងប្រើប្រាស់ទ្រព្យនោះរហូតដល់កូនមានអត្តាធិនភាព ឬនិតិភាព។ សិទ្ធិប្រើប្រាស់ (Les droits de juissance Jégale) គឺ ជាសិទ្ធិដែលផ្តល់ឲ្យឪពុកម្តាយ នូវលទ្ធភាពចាត់ចែងចំណូលពីទ្រព្យសម្បត្តិរបស់កូន។ ចំណូលពីទ្រព្យសម្បត្តិនេះ គឺបំរុងសំរាប់ផ្គត់ផ្គង់ក្នុងការអប់រំ ការចំណាយលើបន្ទុក និងជួសជុលទ្រព្យសម្បត្តិរបស់អនីតិជន (ជាបឋម)។ បើសល់ គឺអាស្រ័យលើឪពុកម្តាយ ជាអ្នកចាត់ចែង។
ក.៣. អាណាព្យាបាល
ជាវិធានមួយសំដៅការការពារអនីតិជនកំព្រា ដែលឪពុកម្តាយបានស្លាប់ ឬចំពោះកូនដែលគេបោះបង់ចោលដោយប្រគល់ទៅឲ្យអាណាព្យាបាល ឬអធ្យាប័ក (Tuteur) ថែរក្សារូបរាងកាយ និងប្រើប្រាស់ទ្រព្យសម្បត្តិរបស់អនីតិជននោះ។
ដោយផ្អែកទៅលើមាត្រា១០៥២ នៃក្រមរដ្ឋប្បវេណីថ្មី ស្តីពីការចាប់ផ្តើមឲ្យមាន អាណាព្យាបាលសម្រាប់អនីតិជន។
តាមក្រមរដ្ឋប្បវេណី១៩៦៧ ការបើឲ្យមានអាណាព្យាបាលនៅពេលដែលឪពុកស្លាប់ ឬម្តាយស្លាប់។
អាណាព្យាបាល ឬអធ្យាប័ក គឺ ជាបុគ្គលដែលមានភារកិច្ចតំណាងអនីតិជន ឬក៏នីតិជនដែលស្ថិតនៅក្រោមអាណាព្យាបាល។
ក.៣.១. រចនាសម្ព័ន្ធនៃអាណាព្យាបាល
អាណាព្យាបាលមាន៖ អាណាព្យាបាល ឬអធ្យាប័ក ក្រុមប្រឹក្សាញាតិ តុលាការ។ អំណាចអាណាព្យាបាល ត្រូវប្រគល់ទៅឲ្យខាងលំនៅរបស់អនីតិជន។ អាណាព្យាបាល ឬអធ្យាប័ក ជាតំណាងរបស់អនីតិជន ជាអ្នកមានអំណាចអាណាព្យាបាលដែលទទួលបានពីកំណើត (tuteur naturel) តាមច្បាប់ (tuteur legal) តាមឪពុកម្តាយ ជ្រើសរើសឲ្យ តាមក្រុមញាតិ (tuteur datif) តាមតុលាការ (tuteur judiciare) ។
អធ្យាប័ក ត្រូវតែជានីតិជន ដែលមានសមត្ថភាពគតិយុត្តពេញលេញ ជាជនដែលមិនធ្លាប់មានទោសឧក្រិដ្ឋ ឬមជ្ឈឹម (សម្លាប់, លួច...)។ អធ្យាប័កត្រូវគេបែងជាពីរ គឺ អធ្យាប័កដែលជាសញ្ជាតិ និងអធ្យាប័កដែលមិនមែនជាសញ្ជាតិរបស់អនីតិជន។ ជនដែលមិនមែនជាញាតិលោហិត ឬមិនមែនជាញាតិពន្ធរបស់ឪពុកម្តាយ អនីតិជន មិនអាចបង្ខំឲ្យទទួលភារកិច្ចជាអធ្យាប័កបានទេ។ ជាគោលការណ៍ ភារៈនេះតម្រូវចំពោះសមាជិកដែលជាសាច់ញាតិ របស់អនីតិជន។ តាមក្រមរដ្ឋប្បវេណីឆ្នាំ១៩៦៧ ចែងអំពីមូលហេតុដែលត្រូវអនុគ្រោះមួយចំនួយ ចំពោះជនដែលអាចរួចផុតពីភារៈ អធ្យាប័ក ដោយធ្វើការបែងចែករវាងអធ្យាប័កតាមបណ្តាំ និងអធ្យាប័កដោយក្រុមប្រឹក្សាញាតិ។
ក្រុមប្រឹក្សាញាតិមិនត្រូវឲ្យតិចជាង៦នាក់ ប្រជុំក្រោមអធិបតីភាពរបស់មេឃុំ នៅសាលាឃុំនៃទីលំនៅរបស់អនីតិជន។ ក្រុមប្រឹក្សាញាតិតែងតាំងនិងសម្រេចទៅលើហេតុដែលគួរអនុគ្រោះទាំងឡាយ ឬហេតុដែលត្រូវដកចេញពីអាណាព្យាបាល ត្រូវពិនិត្យការគ្រប់គ្រង អនុញ្ញាតិឲ្យអធ្យាប័ក ធ្វើកិច្ចការដែលចាត់ទុកថា ធ្ងន់ធ្ងរ (លក់, បញ្ចាំ អចលនវត្ថុរបស់អនីតិជនឲ្យអចលនវត្ថុទទួលនូវសេវភាព...។) អនុញ្ញាតិឲ្យអនីតិជនរៀបអាពាហ៍ពិពាហ៍ (ទោះបី អនីតិជនមានអត្តាធិនភាពក៏ដោយ)។ ចំពោះកូនឥតខាន់ស្លា រាល់កិច្ចការដែលចាត់ទុកថា ធ្ងន់ធ្ងរ ត្រូវមានការអនុញ្ញាតិពីតុលាការ។
ក្រុមប្រឹក្សាញាតិនោះ ត្រូវយកបុព្វញាតិដែលនៅរស់ រួមមានចំនួនចាប់ពីប្រាំមួយនាក់ ឡើងទៅ គឺបងប្រុសដែលជានីតិជន នៃកូននោះ និងបងប្រុសនីតិជននៃឪពុកកូននោះ ជាសមាជិក ក្រោមអធិបតីភាពនៃមេឃុំ។ បើញាតិទាំងឡាយនោះមិនគ្រប់ប្រាំមួយនាក់ មេឃុំត្រូវជ្រើរើសសាច់ញាតិឯទៀត ឬញាតិពន្ធ (សាច់ថ្លៃ)។ បើទាស់ណាស់ទៅទៀត ត្រូវយកមិត្តសំលាញ់ នៃឪពុកក៏បាន។
ក្រុមប្រឹក្សាញាតិ គឺ មេឃុំកោះដោយចិត្តឯងឲ្យមកប្រជុំក្តី ឬដោយមានពាក្យពីសាច់ញាតិនៃកូនជាអនីតិជននោះសុំក្តី។
ក្រុមប្រឹក្សាញាតិត្រូវប្រជុំនៅសាលាឃុំខាងលំនៅនៃកូន ដែលអនីតិជននោះរស់នៅ។ តមកក្រុមប្រឹក្សាញាតិចាត់ម្នាក់ជាអាណាព្យាបាល។
លើកូនឥតខាន់ស្លា៖ បើឪពុកនៃកូនដែលជាអនីតិជនឥតខាន់ស្លាមិនបានជ្រើសរើសអាណាព្យាបាលឲ្យកូនទេ អំណាចព្យាបាលនោះត្រូវធ្លាក់ទៅលើបងប្រុសទាំងឡាយ នៃកូននោះ ដែលរួមឪពុកម្តាយជាមួយគ្នា ហើយជានីតិជនផង ដោយយោងទៅតាម មាត្រា៣៨៥ នៃក្រមរដ្ឋប្បវេណី១៩៦៧ ដែលនិយាយអំពីលំដាប់ពីបងទៅប្អូន។ បើគ្មានបងប្រុសរួមឪពុកម្តាយជានីតិជនទេ អំណាចព្យាបាលត្រូវធ្លាក់ទៅលើប្តីនៃបងស្រីទាំងឡាយ ដែលរួមឪពុកម្តាយតែមួយដោយ រើសយកបងដែលចាស់ជាងគេ (មាត្រា៣៨៦ នៃក្រមរដ្ឋប្បវេណី១៩៦៧)។ បើគ្មានបងប្រុសរួមឪពុកម្តាយ ឬបងថ្លៃប្រុសទេ តុលាការត្រូវទំលាក់អំណាចព្យាបាលនេះ ទៅលើញាតិណាមួយដែលមានសាច់ជិត (មាត្រា៣៨៧ នៃក្រមរដ្ឋប្បវេណី១៩៦៧)។ អ្នកតុលាការតំរូវខាងលើមិនអាចប្រកែកមិនទទួលអំណាចព្យាបាលនេះបានទេ លើលែងតែមានហេតុផលដូចជា សុខភាព អាយុ(ច្រើនជាង៦០ឆ្នាំ) បន្ទុកនៃគ្រួសាររបស់ខ្លួន ឬមុខងាររាជការដែលខ្លួនជាប់រវល់(មាត្រា៣៩៥ នៃក្រមរដ្ឋប្បវេណី១៩៦៧)។
លើកូនដែលគេបោះបង់ចោល៖ តាមមាត្រា៣៨៩ នៃក្រមរដ្ឋប្បវេណី១៩៦៧ តុលាការត្រូវផ្តល់អាណាព្យាបាលឲ្យក្មេងដែលគេបោះបង់ចោលទាំងឡាយ ដោយចិត្តឯងក្តី ដោយមានពាក្យបណ្តឹងពីជនណាក្តី។
ក.៣.២. កាតព្វកិច្ច និងសិទ្ធិអធ្យាប័ក
អធ្យាប័កមានមុខងារចម្បងពីរគឺ៖
អធ្យាប័កត្រូវទុកបាលិកដូចជាកូនបង្កើតរបស់ខ្លួន និងមានកាតព្វកិច្ចដូចជាឪពុកក្នុងគ្រួសារ។ កូនអនីតិជននោះ ត្រូវគោរពប្រតិបត្តិ ស្តាប់បង្គាប់អធ្យាប័កដូចជាឪពុកបង្កើត របស់ខ្លួនដូច្នោះដែរ។
អធ្យាប័កជាអ្នកទទួលទុកដាក់ទ្រព្យសម្បិត្តរបស់អនីតិជន ដែលខ្លួនត្រូវគ្រប់គ្រងថែរក្សានោះក្នុងបន្ទុកខ្លួនទាំងអស់។
អធ្យាប័កមិនអាចទទួលបញ្ចាំ ទទួលជួលនូវទ្រព្យសម្បត្តិរបស់បាលិតបានទេ។ ហើយក៏មិនអាចអនុញ្ញាតឲ្យអនីតិជននោះធ្វើអំណោយនូវទ្រព្យរបស់ខ្លួនខ្លះ ឬទាំងអស់បានឡើយ។
អធ្យាប័កមិនអាចលក់ បញ្ចាំអចលនវត្ថុ ឬឲ្យចលនវត្ថុទទួលនូវសេវភាព មិនអាចខ្ចី បុល ឬប្តឹងដល់តុលាការជាប្រយោជន៍អនីតិជននោះដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាញាតិ បើបាលិតនោះជាកូនមានខាន់ស្លា ឬពីប្រធានសាលាដំបូង (បើបាលិតនោះជាកូនឥតខាន់ស្លា) បានឡើយ។
កិច្ចដែលអធ្យាប័កអាចធ្វើបាន ដោយមិនចាំបាច់មានការព្រមព្រៀងពីក្រុមប្រឹក្សាញាតិមាន៖
ពេលអនីតិជនក្លាយទៅជានីតិជន ឬជនមានអត្តាធិនភាព របបអាណាព្យាបាលត្រូវបានបញ្ចប់ ហើយអធ្យាប័កត្រូវរាយការណ៍នូវអ្វីដែលខ្លួនបានចាត់ចែងទ្រព្យសម្បត្តិ នៃក្មេងនោះ ប្រាប់វានៅមុខក្រុមប្រឹក្សាញាតិ បើក្មេងនោះជាកូនមានខាន់ស្លា។ បើជាកូនឥតខាន់ស្លា ប្រធានសាលាដំបូងត្រូវជំរះគណនីរបស់អាណាព្យាបាលនោះ ហើយអធ្យាប័កត្រូវប្រគល់បេតិកភ័ណ្ឌ ដែលខ្លួនបានទទួលគ្រប់គ្រងរក្សាឲ្យទៅអនីតិជននោះវិញ។
ខ. អនីតិជនមានអត្តាធិនភាព
មាត្រា២១ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ត្រង់ចំនុច១ បានចែងថា “ក្នុងករណីដែលអនីតិជនដែលបានដល់អាយុ១៦ (ដប់ប្រាំមួយ)ឆ្នាំ ទ្រទ្រង់ជីវភាពខ្លួនឯងដោយឯករាជ្យ តុលាការអាចប្រកាស់នូវអត្តាធីនភាពរបស់អ្នកនោះបានតាមពាក្យសុំរបស់អនីតិជននោះ ប្រសិនបើតុលាការយល់ឃើញថា អត្តាធីនភាពស្របនឹងផលប្រយោជន៍របស់អនីតិជននោះ។ ក្នុងករណីនេះ តុលាការត្រូវសួរយោបល់ពីអ្នកមានសិទ្ធិអំណាចមេបា។”
អនីតិជនមានអត្តាធិនភាពទៅតាមច្បាប់កំណត់ ចាប់ពីអាយុ១៦ឆ្នាំ(ក្រមរដ្ឋប្បវេណីខ្មែរឆ្នាំ១៩៦៧ គឺ១៨ឆ្នាំ)។
អត្តាធិនភាព គឺជាអំពើមួយដែលផ្តល់ឲ្យអនីតិជនគ្រប់គ្រងខ្លួនឯង និងចាត់ចែងទ្រព្យរបស់ខ្លួនដោយខ្លួនឯង។
អត្តាធិនភាព ត្រូវបានប្រគល់ទៅឲ្យអនីតិជនតាមច្បាប់ (Emancipation légale) ដោយស្ម័គ្រចិត្ត (Emancipation volontaire) និងដោយតុលាការ (Emancipation judiciaire)។
ចំពោះសេចក្តីសម្រេចប្រគល់អត្តាធិនភាពឲ្យអនីតិជន ត្រូវបញ្ជាក់ក្នុងលិខិតចំនួន៣ច្បាប់ ដោយមានចុះហត្ថលេខាត្រឹមត្រូវ។ លិខិតមួយច្បាប់ជូនទៅសាលាដំបូង មួយច្បាប់ទៀតប្រគល់ឲ្យអនីតិជន មួយច្បាប់ទៀតតំកល់ទុក នៅសាលាឃុំខាងលំនៅរបស់អនីតិជន។
អនីតិជនដែលបានអត្តាធិនភាពហើយ អាចបំពេញកិច្ចការដោយខ្លួនឯងបាន ប៉ុន្តែចំពោះកិច្ចការទាំងឡាយណាដែលកាលពីមុនអាណាព្យាបាលរបស់ខ្លួនត្រូវសុំការអនុញ្ញាតពីក្រុមប្រឹក្សាញាតិសិនទើបធ្វើបាននោះ ឥឡូវនេះអនីតិជននោះអាចធ្វើកិច្ចការទាំងឡាយនោះបាន លុះត្រាតែមានហិតូបត្ថម្ភកៈមួយនាក់អមផង។
អនីតិជនដែលបានអត្តាធិនភាពហើយ មានការចាយវាយដោយខ្ជះខ្ជាយបង្ហិននូវទ្រព្យសម្បតិ្តរបស់ខ្លួន ឬបានចុះកិច្ចសន្យានឹងគេច្រើនហួសហេតុពេក តុលាការអាចដកហូតអត្តាធិនភាពនោះ ឬធ្វើការដកហូតតាមការប្តឹងរបស់ហិតូបត្ថម្ភកៈក៏បាន។ ឯខ្លួនអនីតិជននោះ ត្រូវដាក់ឲ្យនៅក្រោមអាណាព្យាបាលជាថ្មីវិញទៀត។
កិច្ចសន្យាទាំងឡាយណាដែលត្រូវបានហិតូបត្ថម្ភកៈអម ទើបធ្វើបាន ហើយជនដែលមានអត្តាធិនភាពធ្វើតែម្នាក់ឯង កិច្ចសន្យាទាំងឡាយនោះត្រូវទុកជាមោឃៈ ឬនឹងបន្ថយខ្លះក៏បាន។
២. នីតិជន
គ្រប់បុគ្គលដែលមានអាយុ១៨ឆ្នាំ ច្បាប់កំណត់ថាជានីតិជន (Le majeur) ដែលជាជនដែលមានសមត្ថភាពពេញលេញ នូវរាល់កិច្ចការទាំងឡាយដែលទាក់ទងនឹងកិច្ចការស៊ីវិល។
ប៉ុន្តែ ដោយស្ថានភាពរបស់នីតិជនដែលមានការអន់ថយខាងស្មារតី ខាងរូបរាងកាយដែលខ្លួនគ្មានលទ្ធភាព ការពារនូវផលប្រយោជន៍របស់ខ្លួនបាន ដូច្នេះច្បាប់បានចែងពីការការពារចំពោះនីតិជនទាំងនោះ។ នីតិជនប្រភេទនោះ ត្រូវបានច្បាប់កំណត់ឲ្យស្ថិតនៅក្រោមអាណាព្យាបាល និងស្ថិតក្រោមហិតូបត្ថម្ភ។
ក. នីតិជនស្ថិតក្រោមអាណាព្យាបាល
ជាជនគ្មានសមត្ថភាពខាងការិយកម្មទាំងស្រុង។ នីតិជនអសម្ថភាពត្រូវបានដកសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន។
នីតិជនអសមត្ថភាពមានពីរប្រភេទគឺ៖
- គំហាត់ៈ គឺជាអំពើដែលតុលាការឃាត់ ឬដកហូតពីនីតិជនណាម្នាក់ នូវសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន។
ក.១. ជនគំហាត់ស៊ីវិល
ជនទាំងឡាយណាដែលជានីតិជនអសមត្ថភាព មានវិបត្តិព្រោះល្ងីល្ងើ ឬឆ្កួតវង្វេង នឹងត្រូវដកសិទ្ធិគ្រប់គ្រងទ្រព្យរបស់ខ្លួន ដោយមានសាលក្រមរបស់តុលាការ។ ជនគំហាត់ចាត់ទុកដូចជាក្មេងអនីតិភាព ហើយត្រូវចាត់ចែងឲ្យមាន អាណាព្យាបាលតាមវិធានដូចគ្នានឹងអនីតិជនដែរ។
ក.២. ជនគំហាត់ព្រហ្មទណ្ឌ ជនទាំងឡាយណាដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ជាទណ្ឌិតហើយនោះ នឹងត្រូវដកហូតនូវសិទ្ធិគ្រប់គ្រងទ្រព្យរបស់ខ្លួន។ ទណ្ឌិតរើសជនណាម្នាក់ ដែលខ្លួនចង់ឲ្យធ្វើជាអាណាព្យាបាលលើទ្រព្យរបស់ខ្លួន ក្នុងវេលាដែលខ្លួនកំពុងជាប់ទោស។ បើទណ្ឌិពុំបានរើសអ្នកជាអាណាព្យាបាលទេ អាជ្ញាធរឃុំត្រូវចាត់តាំងអាណាព្យាបាលឲ្យ។ ក្នុងការចាត់តាំងអាណាព្យាបាល លើទ្រព្យសម្បត្តិរបស់ទណ្ឌិតដែលត្រូវគំហាត់នោះ អាជ្ញាធរឃុំ ឬសង្កាត់ត្រូវគោរពតាមបទបញ្ញាតិ្តស្តីអំពីការតម្រូវលើការប្រគល់អំណាចព្យាបាលនោះ។ អំណាចព្យាបាលត្រូវផុត នៅពេលដែលទណ្ឌិតបានសេរីភាពវិញ។
វិធានទាំងឡាយដែលបានបញ្ញាតិ្តពីកាតព្វកិច្ចរបស់អាណាព្យាបាល នៃអនីតិជនទៅលើការគ្រប់គ្រងបេតិកភ័ណ្ឌរបស់អនីតិជន ដែលមានកំណត់នៅក្នុងអំណាចព្យាបាលនោះ គឺត្រូវយកមកអនុវត្តនៅក្នុងអំណាចព្យាបាលលើទណ្ឌិតដែលត្រូវគំហាត់នេះដែរ។
ខ. នីតិជនស្ថិតក្រោមហិតូបត្ថម្ភ
មាត្រា២៩ នៃក្រមរដ្ឋប្បវេណីថ្មី បានចែងថា “ជនដែលបានទទួលការប្រកាស់ចាប់ផ្តើមហិតូបត្ថម្ភ ត្រូវហៅថា ជនក្រោមហិតូបត្ថម្ភ ហើយត្រូវស្ថិតនៅក្រោមការថែរក្សាដោយ ហិតូបត្ថម្ភកៈ។”
ជាជនដែលចាយវាយខ្ជះខ្ជាយហួសហេតុ ឬជនដែលមានសតិទន់ខ្សោយដោយជម្ងឺថ្លង់ គ ខ្វិន ជរា ប្រមឹក ងងឹតងងល់ ញៀនអាភៀន (មិនមែនជានីតិជនដែលឆ្គួតវង្វេងល្ងីល្ងើ) ដែលអាចត្រូវតុលាការសម្រេចឲ្យស្ថិតនៅក្រោមហិតូបត្ថម្ភ ដើម្បីធ្វើការពិភាក្សា ឬត្រួតពិនិត្យលើសកម្មភាពស៊ីវិល។
នីតិជនស្ថិតក្រោមហិតូបត្ថម្ភកៈ មានសមត្ថភាពបំពេញដោយខ្លួនឯងនូវកិច្ចការប្រចាំថ្ងៃ កិច្ចដែលជាប់ទាក់ទងនឹងជីវភាពឯកជន (ទទួលកូនចិញ្ចឹម កិច្ចគ្រប់គ្រង) លើលែងតែការរៀបអាពាហ៍ពិពាហ៍ ត្រូវមានការយល់ព្រមពីហិតូបត្ថម្ភកៈ។
រាល់កិច្ចចាត់ចែងដែលនីតិជនបំពេញតែម្នាក់ឯង ចាត់ទុកជាមោឃៈ។ ប៉ុន្តែ ចាត់ទុកថាមានសុពលភាព លើកលែងតែមានការខូចប្រយោជន៍ (ហិតវិបរិត=Lésion) ឬ ចុះកិច្ចសន្យាច្រើនពេក។ ហិតូបត្ថម្ភកៈអាចប្តឹងសុំវិកតិការ ភេទ(Rescission) ឬបន្ថយ(Action en escision pour lésion ou action en réduction pour excis)។
សេចក្តីសន្និដ្ឋាន
ដូចដែលបាន អធិប្បាយខាងលើ ធ្វើឲ្យយើងដឹងកាន់តែច្បាស់ថា “អសមត្ថភាព” ជាអ្វី? ហើយដឹងកាន់តែច្បាស់ថា នរណាជាជនអសមត្ថភាព ហើយត្រូវបានច្បាប់កំណត់យ៉ាងច្បាស់ផងដែរ។ អសមត្ថភាព ជាភាពដែលមិនអាច សម្រេចបានដោយឯកឯង គ្មានសិទ្ធិពេញលេញទៅតាមច្បាប់ ពោលគ្មានសេរីភាព ក្នុងការប្រតិបត្តិ ឬអនុវត្តអ្វី លើកលែងតែជាសកម្មភាពប្រចាំថ្ងៃ ឬមានការយល់ព្រមពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាល ដែលជាអ្នកគ្រប់គ្រង។ អសមត្ថភាពមានច្រើនរូបភាព តែអសមត្ថភាពក្នុងន័យនេះសំដៅទៅលើសកម្មភាពគតិយុត្តដែលបុគ្គលគ្មាន ដូចដែលមាន នៅក្នុងអត្ថបទខាងលើង អសមត្ថភាព ត្រូវបានផ្តោតយ៉ាងសំខាន់ ទៅលើរូបវន្តបុគ្គល ដែលរួមមាន អនីតិជន និងនីតិជន។ ដោយអនីតិជនជាជនដែលស្ថិតនៅក្រោយការគ្រប់គ្រងពីឪពុកម្តាយ ឬអាណាព្យាបាល និងច្បាប់ការពារជាពិសេស ហើយកំណត់យ៉ាងច្បាស់ផងដែរ ដើម្បីធ្វើឲ្យយើងមានភាពងាយស្រួលបន្តិច ក្នុងការស្វែងយល់ និងដឹងយ៉ាងប្រត្យក្ស អំពីសិទ្ធិ និងសកម្មភាពដែលអនុញ្ញាតដោយច្បាប់។ សូម្បីតែនីតិព្រហ្មទណ្ឌក៏បានសង្កត់ធ្ងន់ត្រង់ចំនុចនេះផងដែរ។ ឧទាហរណ៍ៈ ដូចជាការប្រព្រឹត្តកំហុសរបស់អនីតិជន ច្បាប់មានវិធានការដូចគ្នាទៅនឹងនីតិជនផងដែរ តែមានលក្ខណៈធូស្រាលជាង។ ប៉ុន្តែ នីតិជន ដែលយើងចាត់ទុកជាជន មានអាយុគ្រប់គ្រាន់ និងសមត្ថភាពគតិយុត្តទៅហើយវិញនោះ ហេតុអ្វីបានជាគេធ្វើការរាប់បញ្ជូលនីតិជនទៅក្នុងលក្ខខណ្ឌដែលហៅថា អសមត្ថជនដែរ? ក្នុងនេះក៏បានបញ្ជាក់រួចហើយដែរ នៅខាងក្នុងផ្នែកសំខាន់ នៃអត្ថបទ។
ឯកសារយោង
មាត្រា១៦, ១៧, ២១, ២៩, ១០៣៤, និងមាត្រា១០៥២
មាត្រា៣៣៦, ៣៧២, ៣៧៣, ២៨៥, ៣៨៦, ២៨៧, ៣៨៩, និងមាត្រា៣៩៥
No comments:
Post a Comment