មាតិកា
មូលនិធិពាណិជ្ជកម្ម................................................................. ទំព័រទី១
សេចក្តីផ្តើម......................................................... ទំព័រទី១
I. សញ្ញាណនៃមូលនិធិពាណិជ្ជកម្ម................................................. ទំព័រទី២
ក. សមាសធាតុនៃមូលនិធិពាណិជ្ជកម្ម......................................... ទំព័រទី៣
១. អតិថិតា............................................ ទំព័រទី៣
២. ពាណិជ្ជនាម............................................. ទំព័រទី៤
៣. កម្មសិទ្ធិឧស្សាហកម្ម............................................... ទំព័រទី៥
៤. ម៉ាក............................................... ទំព័រទី៧
៥. សិទ្ធិភតិសន្យា.............................................. ទំព័រទី៩
ខ. សមាសធាតុមិនរាប់បញ្ជូលជាមូលនិធិពាណិជ្ជកម្ម....................... ទំព័រទី១០
១. សៀវភៅពាណិជ្ជកម្ម........................................ ទំព័រទី១០
២. ឥណទេយ្យ និងបំណុល.................................... ទំព័រទី១០
II. ប្រតិបត្តិការគតិយុត្តលើមូលនិធិពាណិជ្ជកម្ម................................................ ទំព័រទី១១
ក. លក្ខណៈនៃការលក់មូលនិធិពាណិជ្ជកម្ម................................. ទំព័រទី១៥
១. លក្ខណៈគ្រឹះ............................................. ទំព័រទី១៦
២. លក្ខណៈទម្រង់........................................... ទំព័រទី១៧
៣. ការផ្សព្វផ្សាយការលក់មូលនិធិពាណិជ្ជកម្ម......................... ទំព័រទី១៨
៤. ការផ្ទេរកម្មសិទ្ធិ......................................................... ទំព័រទី២០
៥. កាតព្វកិច្ចរបស់គូភាគី........................................ ទំព័រទី២១
ខ. ការបញ្ចាំមូលនិធិពាណិជ្ជកម្ម........................................... ទំព័រទី២៤
១. ការបង្កើតកិច្ចសន្យាបញ្ចាំមូលនិធិពាណិជ្ជកម្ម......................... ទំព័រទី២៦
២. សិទ្ធិរបស់ម្ចាស់បំណុលដែលបានចុះបញ្ជី................... ទំព័រទី២៧
សេចក្តីសន្និដ្ឋាន.................................................. ទំព័រទី២៨
ឯកសារយោង និងឯកសារពិគ្រោះ........................... ទំព័រទី២៩
មូលនិធិពាណិជ្ជកម្ម
សេចក្តីផ្តើម
មូលនិធិពាណិជ្ជកម្ម គឺជាសញ្ញាណគតិយុត្តមួយនៃការប្រកបពាណិជ្ជកម្ម ដោយសារតែវាជាផ្នែកមួយនៃបេតិកភណ្ឌ ឬស្ថិនៅក្នុងបញ្ជីសារពើភណ្ឌរបស់សហគ្រាស ពាណិជ្ជកម្ម ដែលជាហេតុនាំឱ្យមូលនីធិពាណិជ្ជកម្មក្លាយទៅជាកម្មវត្ថុនៅក្នុងការសិក្សានៃវិជ្ជាជីវៈ ពាណិជ្ជកម្ម។ មូលនីធិពាណិជ្ជកម្មត្រូវបានកើតចេញពីពួកពាណិជ្ជករ នៅសតវត្សទី១៩ ដែលកាលពីមុនមកគេបានហៅថាជាហាងទំនិញ ឬមូលនីធិហាងទំនិញ។ មូលនីធិនេះ មានតម្លៃសេដ្ឋកិច្ច និងទ្រព្យកម្មសិទ្ធិជាពិសេស ចាប់តាំង ពីសតវត្សទី១៩ មកម្ល៉េះ ពីព្រោះ៖
បច្ចុប្បន្នសញ្ញាណនេះមានធាតុជាចំបងគឺ អតិថិជនសម្រាប់អ្នកបង្កើត ទំនងជាមិនយក លំនាំតាមវិជ្ជាជីវៈមុខរបរនោះទេ ព្រោះដោយហេតុថា៖
មូលនីធិពាណិជ្ជកម្ម ត្រូវបានផ្សំឡើងពីបណ្តាធាតុផ្សេងៗមានចលនវត្ថុ និងអចលនវត្ថុ ដែលពាណិជ្ជករ ក្រុមឧស្សាហករ បានរៀបចំឡើងដើម្បីស្វែងរកអតិថិជន។
ក្នុងនេះយើងនឹងធ្វើការបង្ហាញអំពីសញ្ញាណនៃមូលនីធិពាណិជ្ជកម្ម(I) និងប្រតិបត្តិការ គតិយុត្តលើមូលនីធិពាណិជ្ជកម្ម(II)។ ថាតើសញ្ញាណរបស់មូលនីធិពាណិជ្ជកម្មមានអ្វីខ្លះ និងប្រតិបត្តិការគតិយុត្តរបស់មូលនីធិនោះធ្វើឡើងយ៉ាងដូចម្ត៉េច នឹងមានបង្ហាញនៅផ្នែកខាងក្រោម។
I. សញ្ញាណនៃមូលនីធិពាណិជ្ជកម្ម
មូលនីធិពាណិជ្ជកម្ម គឺជាសំណុំនៃរូបទ្រព្យ ឬអរូបទ្រព្យដែលពាណិជ្ជករម្នាក់ ឬក្រុមហ៊ុនមួយប្រមូលផ្តុំ និងប្រើប្រាស់ដើម្បីសម្មតិកម្ម នូវសកម្មភាពឧស្សាហកម្ម ឬពាណិជ្ជករដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជនមួយក្នុងមូលនីធិពាណិជ្ជកម្ម។ ដោយគ្មាននិយមន័យ ដែលកំណត់ដោយច្បាប់មូលនីធិពាណិជ្ជកម្មត្រូវបានកំនត់ដោយ សមាសភាពរបស់ខ្លួនដែលក្នុងនោះមាន អតិថិតាជចម្បង ដូច្នេះមូលនីធិពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងដោយចលនទ្រព្យ ដែលពាណិជ្ជករម្នាក់ ឬឧស្សាហករណាម្នាក់រៀបចំឡើង ដើម្បីស្វែរកអតិថិតា។ ក្នុងនោះគេឃើញមានវិបាកមួយចំនួនបានលេចឡើង រួមមាន៖
មូលនីធិពាណិជ្ជកម្មត្រូវជាប់ទាក់ទង និងសកម្មភាពពាណិជ្ជកម្ម ដើម្បីអនុវត្តនៅ សកម្មភាពពាណិជ្ជកម្មមួយបានចាំបាច់ត្រូវមានមូលនីធិពាណិជ្ជកម្មមួយ ហើយសញ្ញាណនេះត្រូវតែខុសប្លែកគ្នា ពីសញ្ញាណសហគ្រាស និងសញ្ញាណរបស់ក្រុមហ៊ុន។ សហគ្រាសគឺជាស្ថាប័នស្វ័យតមួយដែលប្រមូលផ្តុំដោយកត្តាមនុស្ស និងកត្តាសេដ្ឋកិច្ចដើម្បី ផលិតទ្រព្យ និងសេវាកម្ម ដូច្នេះ សញ្ញាណនៃសហគ្រាសនេះមានលក្ខណៈទូលំទូលាយជាង សញ្ញាណនៃមូលនីធិពាណិជ្ជកម្ម។ ពាណិជ្ជករដែលដឹកនាំសហគ្រាសឯកបុគ្គល មួយអាចប្រើប្រាស់ បុគ្គលិកបាន ហើយជាញឹកញាប់មានមូលនីធិពាណិជ្ជកម្មតែមួយគត់ និងសហគ្រាសធំៗ អាចមានមូលនីធិពាណិជ្ជកម្មច្រើនខុសៗពីគ្នា។ ចំណែកឯក្រុមហ៊ុនបុគ្គលភាពគតិយុត្ត មានបេតិកភណ្ឌ នាមករណ៍ ទីស្នាក់ការក្រុមហ៊ុន សញ្ជាតិ ដូច្នេះក្រុមហ៊ុនគឺជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច។
ក. សមាសធាតុនៃមូលនិធិពាណិជ្ជកម្ម
មូលនិធិពាណិជ្ជកម្ម គឺជាបណ្តុំនៃទ្រព្យរបស់ពាណិជ្ជករដែលកើតឡើងពីចលនវត្ថុរូបបិយ និងអរូបបិយដែលតាមរយៈនេះ សមាសភាពនៃមូលនិធិពាណិជ្ជកម្មត្រូវបានបែងចែកជាពីរ ប្រភេទគឺ អរូបធាតុ (អតិថិតា ពាណិជ្ជនាម យីយោ ម៉ាក ប្រកាសនីយបត្រតក្កកម្ ម៉ូដែល គំនូរឧស្សាហកម្ម សិទ្ធិភតិសន្យា) និងរូបធាតុ (សម្ភារៈ ទំនិញ ឬសេវា) ដែលចែកចាយដោយសហគ្រាសពាណិជ្ជកម្ម។ នៅក្នុងចំណុចនេះ យើងសូមធ្វើការសង្កត់ធ្ងន់ ទៅលើអរូបធាតុនៃមូលនីធិពាណិជ្ជកម្ម ប៉ុន្តែទោះបីជាយ៉ាងនេះក្តី មុននឹងឈានទៅដល់ ការពន្យល់អំពីអរូបធាតុ យើងគប្បីមានសញ្ញាណបន្តិចអំពីរូបធាតុនៃមូលនីធិពាណិជ្ជកម្ម ដែលក្នុងនោះរួមមាន សម្ភារៈ ហត្តូបករណ៍ និងទំនិញ។
១. អតិថិតា
អតិថិតា គឺជាបុគ្គលទាំងឡាយណាដែលទិញជាទំលាប់នូវទ្រព្យ ឬសេវាផ្សេងៗពីពាណិជ្ជករនេះគឺជាធាតុសារវន្តនៃមូលនីធិពាណិជ្ជកម្ម គ្មានអតិថិតា គឺគ្មានមូលនីធិពាណិជ្ជកម្ម អតិថិជនមួយចំនួនអាចបង្កើតបានជាអតិថិតា បានតែករណីខ្លះ។ ជាភារៈរបស់តុលាការដែលត្រូវវាយតម្លៃលើអត្ថិភាពនៃអតិថិតាដែលត្រូវមានលក្ខណៈជាក់លាក់ និងបច្ចុប្បន្ន។ ដើម្បីឱ្យមានមូលនីធិពាណិជ្ជកម្មចាំបាច់ត្រូវមានអតិថិតាជាប់ផ្ទាល់នឹងមូលនីធិនេះ អតិថិតាពុំមែនជាធាតុនៃមូលនីធិដូចគ្នា និងធាតុផ្សេងៗទៀតឡើយតាមការពិតពាណិជ្ជករគ្មានសិទ្ធិផ្តាច់មុខធ្វើអាជីវកម្ម លើអតិថិតារបស់ខ្លួនឡើយ ពីព្រោះថាពាណិជ្ជករគ្មានឯកាធិភាព (ភាពផ្តាច់មុខ) ហើយអាចជួបប្រទះការដែឡអតិថិតារបស់ខ្លួន ចេញពីខ្លួនគ្រប់ពេលវេលា។ ប៉ុន្តែ ពាណិជ្ជករកាន់កាប់នូវធាតុផ្សេងៗជាច្រើនដែលអនុញ្ញាតឱ្យគេមានជំនឿលើការរក្សាអតិថិតា និងលើការអភិវឌ្ឍឱ្យកាន់តែរីកចំរើនឡើយទៀតលើអតិថិតានោះ ហើយការរក្សានូវធាតុទាំងនេះ ជាការគ្រប់គ្រាន់ហើយសម្រាប់រក្សាអតិថិតា។
កម្មសិទ្ធិករនៃមូលនីធិពាណិជ្ជកម្មត្រូវធ្វើអាជីវកម្មលើអតិថិតារបស់ខ្លួន ហើយកម្មសិទ្ធិករនៃមូលនីធិនេះ នឹងបាត់បង់នូវអតិថិតារបស់ខ្លួន ប្រសិនបើគេមិនធ្វើអាជីវកម្ម ហើយនៅពេលដែលគេបាត់បង់អតិថិតានេះ មូលនីធិពាណិជ្ជកម្មក៏ត្រូវបាត់បង់ផងដែរ។ កម្មសិទ្ធិករនៃមូលនីធិនេះអាចការពារមូលនីធិរបស់ខ្លួនប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលធ្វើជា ឧបសគ្គលើការអនុវត្តពាណិជ្ជកម្មហើយដោយកេងបាត់នូវអតិថិតារស់ខ្លួន និងគេត្រូវទទួលរងនូវ ផលវិបាកដែលកើតចេញពីការប្រគួតប្រជែង និងពាណិជ្ជករមួយផ្សេងៗទៀតអាច ដណ្តើមយកអតិថិតា មួយផ្នែកពីកម្មសិទ្ធិនេះបានដោយគោរពតាមសេរីភាពនៃការប្រគួតប្រជែង។
២. ពាណិជ្ជនាម
ពាណិជ្ជនាម គឺជាឈ្មោះ ឬសញ្ញាសម្គាល់សម្រាប់បញ្ជាក់ និងសម្គាល់លក្ខណៈខុសៗគ្នា នៃសហគ្រាសនីមួយៗ។ នាម ឬសញ្ញាសម្គាល់មិនអាចត្រូវបានប្រើប្រាស់ជាពាណិជ្ជនាមឡើយ ប្រសិនបើសារជាតិ ឬការប្រើប្រាស់ជាពាណិជ្ជនាម ឬសញ្ញាសម្គាល់ដែលការកំណត់នោះ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌ និងជាពិសេសអាចបំភ័ន្តដល់ មជ្ឈដ្ឋានពាណិជ្ជកម្ម ឬសាធារណៈជនអំពីភេទនៃសហគ្រាសដែលកំណត់ដោយនាម។
អនុឡោមតាមមាត្រា២០ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃ ការប្រកួតប្រជែងមិនស្មោះត្រង់ចុះថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០០២ បានឱ្យនិយមន័យពាណិជ្ជនាមថា “នាម ឬសញ្ញាសំគាល់ មិនត្រូវបានប្រើប្រាស់ជាពាណិជ្ជនាមឡើយ ប្រសិនបើសារជាតិ ឬការប្រើប្រាស់នាម ឬសញ្ញាសំគាល់ដែលបានកំណត់នោះ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌ និងជាពិសេសអាចបំភ័ន្តដល់មជ្ឈដ្ឋានពាណិជ្ជកម្ម ឬសាធារណៈជន អំពីប្រភេទនៃសហគ្រាសដែលកំណត់ដោយមាននោះ។”
ការការពារប្រឆាំង និងការរំលោភលើពាណិជ្ជនាមត្រូវបានធានាយ៉ាងទូលំទូលាយដោយច្បាប់ ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ,មាត្រា២១, ចុះថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០០២។ ពាណិជ្ជនាម ត្រូវបានការពារប្រឆាំង និងទង្វើមិនស្របច្បាប់របស់តតិយជនទោះមិនបានចុះបញ្ជី ឬគ្មានការចុះបញ្ជីក៏ដោយ ក៏ការប្រើប្រាស់ដោយគតិយុត្តនូវពាណិជ្ជនាមណាមួយមកធ្វើជាពាណិជ្ជនាម ឬធ្វើម៉ាកសមូហភាព ឬការប្រើប្រាស់ណាមួយដែល អាចធ្វើឱ្យសាធារណៈជនភ័ន្តច្រលំ ត្រូវចាត់ទុកថាមិនស្របច្បាប់ ដូច្នេះពាក្យថាពាណិជ្ជនាម ជាទូទៅសំដៅលើការសម្គាល់ដែលពាណិជ្ជករណាម្នាក់ជារួបវន្តបុគ្គល ឬជានីតិបុគ្គលប្រើប្រាស់សម្រាប់ការអនុវត្តសកម្មភាពពាណិជ្ជកម្មរបស់ខ្លួន។ ពេលដែលពាណិជ្ជករជារូបវន្តបុគ្គល នាមត្រកូលដែលគេប្រើសម្រាប់អនុវត្តពាណិជ្ជកម្មក្លាយជាទ្រព្យបេតិកភណ្ឌដែលអាចជាកម្មសិទ្ធិ និងផ្ទេរឱ្យតតិយជនបាន។ តាមពិតនាមនេះមាននាទី ទាក់ទាញអតិថិជន ដូច្នេះវាបានក្លាយជាធាតុមួយនៃមូលនីធិពាណិជ្ជកម្ម ហើយនាមនេះអាចប្រើប្រាស់ ដោយ អ្នកទិញបាន ឱ្យតែគេរក្សាលក្ខណៈពាណិជ្ជកម្មនៃនាមនេះពោលគឺអាចប្រើប្រាស់បានចំពោះ តែវិស័យពាណិជ្ជកម្មតែប៉ុណ្ណោះ។ ពាណិជ្ជនាមនេះអាចបង្កើតដោយឈ្មោះបុគ្គលណាម្នាក់ដែលមិន បាច់តែឈ្មោះអាជីវករទេ ឬដោយឈ្មោះដាក់តាមតម្រូវចិត្ត ឬដោយនិមិត្តរូបអ្វីមួយ និងយីហោនេះវាជាធាតុមួយនៃមូលនីធិពាណិជ្ជកម្ម។ ហេតុដូច្នេះ ហើយបានជាកម្មសិទ្ធិករ នៃអចលនវត្ថុមួយ ដែលមានប្រកបរបរពាណិជ្ជកម្ម នៅទីនោះអាចទាមទាររក្សាទុកយីហោនៃ ពាណិជ្ជនាមរបស់អ្នកជួលចាស់ដែលចេញពីអចលនវត្ថុនោះបានតែក្នុងករណីដែល កម្មសិទ្ធិករ បានជួលទាំងអចលនវត្ថុ និងមូលនីធិពាណិជ្ជកម្ម។ បើមិនដូច្នេះទេ ពាណិជ្ជករដែលចាកចេញ ពីកន្លែងតាំងនៃគ្រឹះស្ថានពាណិជ្ជកម្មរបស់ខ្លួននៅទីស្នាក់ការថ្មីនៃក្រុមហ៊ុនពាណិជ្ជកម្មរបស់ខ្លួន។
៣. កម្មសិទ្ធិឧស្សាហកម្ម
ប្រកាសនីយប័ត្រតក្កកម្ម ម៉ាកផលិកម្ម គំនូរ ម៉ូដែល ដែលឧស្សាហករ ឬពាណិជ្ជករម្នាក់មានសិទ្ធិគឺជា ចំណែកមួយនៃមូលនីធិពាណិជ្ជកម្ម ជាញឹកញាប់ធាតុទាំងនេះបង្កើតបានជាតម្លៃមូលនីធិ។ កម្មសិទ្ធិអរូបិយនីមួយៗ ត្រូវឋិតនៅក្រោមរបបគតិយុត្តដាច់ដោយឡែកពីគ្នា តែក្នុងករណីអនុប្បទានមូលនីធិពាណិជ្ជកម្ម អ្នកលក់ផ្ទេរសិទ្ធិទាំងអស់ដែលជារបស់ខ្លួន។ ម៉្យាងទៀត អ្នកលក់អាចបដិសេធមិនរាប់បញ្ជូល ក្នុងអនុប្បទាននេះ នៅធាតុណាមួយនៃកម្មសិទ្ធិអរូបិយទាំងនេះដោយខសន្យាជាក់លាក់មួយ ប៉ុន្តែការបដិសេធនេះនឹងមានវិសមិតភាពជាមួយអនុប្បទាន មូលនីធិពាណិជ្ជកម្ម បើមូលនីធិពាណិជ្ជកម្មនេះជាឧស្សាហកម្មមួយត្រឹមតែផលិតផលដែលមានប្រកាសនីយបត្រ ព្រោះថាក្នុងករណីនេះប្រកាសនីយបត្រគឺជាធាតុយ៉ាងសំខាន់នៃមូលនីធិ។ គេត្រូវប្រៀបប្រដូច ទៅនឹងកម្មសិទ្ធិឧស្សាហកម្មផងដែរ នូវសិទ្ធិ កម្មសិទ្ធិ អក្សរសាស្ត្រ និងសិល្បៈអាថ៌កំបាំងផលិតកម្ម ចំណេះធ្វើ និងមេដាយដែលទទួលបានក្នុង ពេលអនុវត្តពាណិជ្ជកម្ម។
ប្រកាសនីយបត្រតក្កកម្មគឺ ជាប័នកម្មសិទ្ធិឧស្សាហកម្មដែលចេញដោយក្រសួងទទួលបន្ទុកឧស្សាហកម្មហើយ ដែល ប្រគល់ជូនដល់តក្កករ ឬប្រត្តិសិទ្ធិរបស់គេនូវសិទ្ធិផ្តាច់មុខក្នុងការធ្វើអាជីវកម្ម។ ប្រកាសនីយ បត្រតក្កកម្ម គឹជាកត្តាអភិវឌ្ឍឧស្សាហកម្មចំពោះសិទ្ធិករ ហើយក៏ជាមធ្យោបាយឯកាធិភាព (ភាពផ្តាច់មុខ)។
យោងតាមមាត្រា៣ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មចុះថ្ងៃទី២២ មករា ២០០៣ បានចែងថា “ប្រកាសនីយ បត្រតក្កកម្ម ក្នុងន័យច្បាប់នេះគឺជាវិញ្ញាបនបត្រដែលបានផ្តល់ដើម្បីការពារតក្កកម្ម។ [...]។”
ដើម្បីអាទទួលប្រកាសនីយបត្របាន តក្កកម្មត្រូវតែថ្មី មានជំហានរកឃើញថ្មី និងអាចយកអនុវត្តនូវវិស័យឧស្សាហកម្ម។ តក្កកម្មដែលថ្មីមានន័យថា មិនមាននៅក្នុងសភាព នៃបចេ្ចកវិទ្យា ពោលគឺគ្មាននរណារកឃើញពីមុនមក។ សភាពនៃបចេ្ចកវិទ្យា គឹសព្វបែបយ៉ាងដែលសាធារណៈជនណាមួយក្នុងពិភពលោកបានដឹងមុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំនេះ ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាណប័នបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៣។
សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺជាសិទ្ធិរបស់តក្កករ។ មានបទបបញ្ញត្តិពិសេសដែលកំណត់តក្កកម្ម ដែលសម្រេចដោយកម្មករនិយោជិត ប្រសិនបើតក្កកម្មត្រូវបានបង្កើតឡើងដោយកម្មករនិយោជិត ក្នុងពេលប្រតិបត្តិកិច្ចសន្យាការងារ ដែលមានបេសកម្មធ្វើតក្កកម្ម ឬក្នុងពេលបំពេញកិច្ចការស្រាវជ្រាវដែលគេ ប្រគល់ឱ្យតក្កកម្មដែល បានមកជាកម្មសិទ្ធិរបស់និយោជិត។ ប៉ុន្តែ កម្មករនិយោជិតនឹងទទួលបានប្រាក់កម្រៃជាបន្ថែមទៀត ក្រៅពីករណីនេះតក្កកម្ម ជាកម្មសិទ្ធិរបស់និយោជិត។ ប៉ុន្តែ ប្រសិនបើសហគ្រាសបានអនុញ្ញាតឱ្យមានការរកឃើញតក្កកម្មនេះ និយោជកអាចសុំទទួលនូវសិទ្ធិកម្មសិទ្ធិ ឬសិទ្ធិអាស្រ័យផលចំពោះប្រកាសនីយបត្រ។
ប្រសិនបើមានបុគ្គលពីរនាក់ ឬច្រើននាក់រួមគ្នាបង្កើតតក្កកម្មមួយ សិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្មនេះ ត្រូវតែជាកម្មសិទ្ធិរួមគ្នានៃបុគ្គលទាំងឡាយនេះ តែប្រសិនបើបុគ្គលពីរនាក់ ឬច្រើននាក់បានរកឃើញដដែលៗជាមួយគ្នា នូវតក្កកម្មមួយដូចគ្នាបុគ្គលណាដែលបានដាក់សំណុំលិខិតស្នើសុំដែឡមានកាលបរិច្ឆេទសុំចុះបញ្ជីមុនគេបង្អស់ ឬមានកាលបរិច្ឆេទអវិភាគមុនគេបង្អស់ ហើយបានប្រកាសសុពលភាពនៃកាលបរិច្ឆេទអវិភាគនោះត្រូវទទួលបានសិទ្ធិជាម្ចាស់ប្រកាស់នីយបត្រតក្កកម្ម ប្រសិនបើសំណុំលិខិតស្នើសុំខាងលើមិនត្រូវបានដកយកទៅវិញ ឬក៏បានបោះចោល ឬក៏ត្រូវបានបដិសេធ។ ក្រៅពីប្រកាសនីយបត្រតក្កកម្មមានវិញ្ញាណប័នបត្រ ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មដែលជាសមាសធាតុអរូបិយនៃមូលនីធិពាណិជ្ជកម្មផងដែរ។
នៅក្នុងកម្មសិទ្ធិឧស្សាហកម្មមានប្រកាសនីយបត្រតក្កកម្ម គំរូឧស្សាហកម្ម គំរូម៉ូដែលមានអត្ថប្រយោជន៍សៀគ្វីបង្រួម និងអត្តសញ្ញាណចង្អុលភូមិសាស្ត្រដោយធាតុនីមួយៗ សុទ្ធតែស្ថិតនៅជាផ្នែកមួយនៃកម្មសិទ្ធិបញ្ញា ដោយហេតុថាកម្មសិទ្ធិបញ្ញារាប់បញ្ជូល កម្មសិទ្ធិឧស្សាហកម្ម សិទិ្ធអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល រួមជាមួយកម្មសិទ្ធិបញ្ញាផ្សេងៗទៀត ដូចជាការសម្ងាត់ពាណិជ្ជកម្ម សញ្ញាផ្កាយរណបជាអាទិ៍។
៤. ម៉ាក
ម៉ាកគឺជាសញ្ញាដែលអាចឱ្យយើងមើលឃើញហើយវាជាគ្រឿងសំគាល់នូវលក្ខណៈខុសប្លែកគ្នារវាងទំនិញ ឬសេវាសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទិញ ហៅថាពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សម្រាប់សេវា ហៅថាសេវាសញ្ញា ចំណែកម៉ាកនៃសមូហភាពគឺជាសញ្ញាដែលមើលឃើញសំដៅប្រើក្នុងការដាក់ពាក្យសុំចុះបញ្ជី និងសម្គាល់នូវប្រភពដើមនៃទំនិញ ឬសេវា ឬសម្គាល់នូវចរិកលក្ខណៈដទៃទៀត រាប់បញ្ជូលទាំងគុណភាពនៃទំនិញ ឬសេវាសហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ប័នសមូហភាពដែលបានចុះបញ្ជី។
អនុឡោមតាមមាត្រា២ កថាខណ្ឌ “ក”នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ចុះថ្ងៃទី០៧ កុម្ភះ ២០០២ បានឱ្យនិយមន័យ ម៉ាកថា “ម៉ាក គឺជាសញ្ញាដែលមើលឃើញហើយអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញហៅថា ពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សម្រាប់សេវាហៅថា សេវាសញ្ញា។”
ម៉ាកគឺជាធាតុមួយដែលមានសារៈសំខាន់នៅក្នុងយុទ្ធសាស្ត្ររបស់សហគ្រាស ពោលគឺជាមធ្យោបាយមួយក្នុង ការបណ្តុះភាពស្មោះស្ម័គ្ររបស់អតិថិតា។ សិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាកត្រូវបានទទួលស្គាល់តាមរយៈការចុះបញ្ជី ប៉ុន្តែមានម៉ាកមួយចំនួនដែលច្បាប់មិនអនុញ្ញាតឱ្យចុះបញ្ជីទេ ដូចជាម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវារបស់សហគ្រាស ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីរបស់ជាតិ ម៉ាកដែលប្រហាក់ប្រហែលគ្នា ឬម៉ាកដែលចុះបញ្ជីហើយដែលជាហេតុនាំឱ្យមានការភ័ន្តច្រលំ។
ការចុះបញ្ជីម៉ាកត្រូវធ្វើនៅក្រសួងពាណិជ្ជកម្ម បទបញ្ញាត្តិស្តីពីការចុះបញ្ជីម៉ាកនេះត្រូវយកទៅអនុវត្តផងដែរ ចំពោះការប្តូរអាស័យដ្ឋាននៃម្ចាស់ម៉ាក និងការបញ្ជាក់ឡើយវិញនូវការប្រើប្រាស់ និងមិនប្រើប្រាស់ពាក្យស្នើសុំចុះបញ្ជីត្រូវធ្វើឡើយដោយភ្ជាប់ និងគំរូម៉ាក និងបញ្ជីទំនិញសេវាត្រូវចុះបញ្ជីដោយរាយថ្នាក់តាមក្រុមមុខទំនិញ និងទាំងរូបវន្តបុគ្គល និងនីតិបុគ្គលអាចដាក់ពាក្យស្នើសុំម៉ាក ទោះជាសហគ្រាសរបស់ខ្លួនមានទំហំប៉ុណ្ណាក៏ដោយ ម៉ាកដែលត្រូវស្នើសុំនោះត្រូវតែមានលក្ខណៈសម្គាល់បាន ដែលមិនបានហាមឃាត់ដោយច្បាប់ និងមិនត្រូវបំពានដល់សិទ្ធិរបស់អ្នកដទៃ។
កាលណាមានពាក្យស្នើសុំចុះបញ្ជីច្រើនទាក់ទងនឹងម៉ាកច្រើនតែដូចគ្នា ឬប្រហាក់ប្រហែលគ្នាដែលត្រូវបានប្រើចំពោះទំនិញ ឬសេវាដូចគ្នា ឬប្រហាក់ប្រហែលគ្នា ហើយដែលដាក់ពាក្យសុំក្នុងពេលជាមួយគ្នា ក្រោយពីការពិគ្រោះឯកសារគ្នាទៅវិញទៅមកក្នុងចំណោមអ្នកស្នើសុំតែម្នាក់គត់ ដែលអាចទទួលបានការចុះបញ្ជី។
ក្រោយពីបានពិនិត្យយ៉ាងត្រឹមត្រូវរួចហើយ មន្ត្រីកាន់កាប់បញ្ជីចេញវិញ្ញាប័នបត្រនៃការចុះបញ្ជីជូនអ្នកស្នើសុំ និងចុះផ្សាយក្នុងព្រឹត្តបត្រផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។ ប្រសិនបើពាក្យសុំចុះបញ្ជីមិនស្របតាមលក្ខខណ្ឌនៃច្បាប់ អ្នកស្នើសុំត្រូវតែក្នុងរយៈពេល ៤៥ថ្ងៃបន្ទាប់ពីថ្ងៃជូនដំណឹងជាលាយលក្ខអក្សររបស់មន្ត្រីកាន់កាប់បញ្ជី។ ក្នុងករណីគ្មានការកែលម្អតាមច្បាប់កំណត់ទេ មន្ត្រីចុះបញ្ជីមានសិទ្ធិបដិសេធការចុះបញ្ជីម៉ាកនោះ និងបន្ទាប់ពីបានចុះផ្សាយក្នុងព្រឹត្តបត្រផ្លូវការហើយ ជនដែលមានពាក់ព័ន្ធ មានរយៈពេល ៩០ថ្ងៃ (មាត្រា១៤ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ចុះថ្ងៃទី០៧ កុម្ភះ ២០០២) ដើម្បីជូនដំណឹងទៅមន្ត្រី កាន់កាប់បញ្ជីពីការជំទាស់របស់ខ្លួនចំពោះការចុះបញ្ជីម៉ាក និងមន្ត្រីកាន់កាប់បញ្ជីត្រូវបញ្ជូនជាបន្ទាន់នៃសេចក្តីជូនដំណឹងនេះមួយច្បាប់ទៅនឹងស្នើសុំចុះបញ្ជីម៉ាក និងមន្ត្រីកាន់កាប់បញ្ជីត្រូវបញ្ជូនជាបន្ទាប់មកអ្នកស្នើសុំចុះបញ្ជីត្រូវបញ្ជូនទៅមន្ត្រីកាន់កាប់បញ្ជីនូវចម្លើយបញ្ជាក់ពីមូលដ្ឋានបង្អែកទាំងឡាយសម្រាប់ការចុះបញ្ជីរបស់ខ្លួន និងប្រសិនបើមិនបានឆ្លើយតបទេ ម្ចាស់ម៉ាកនោះត្រូវចាត់ទុកថាបានបោះចោលការចុះបញ្ជីរបស់ខ្លួន។ បើអ្នកស្នើចុះបញ្ជីធ្វើពាក្យជំទាស់ មន្ត្រីកាន់កាប់ត្រូវធ្វើចម្លើយមួយច្បាប់ទៅអ្នកដែលដាក់ពាក្យប្តឹងជំទាស់។ ប្រសិនបើភាគីម្ខាង ឬទាំងសងខាងមានបំណងចង់មានសវនាការ មន្ត្រីកាន់កាប់បញ្ជីត្រូវរៀបចំឱ្យមានសវនាការបន្ទាប់ពីបានស្តាប់ភាគីទាំងសងខាង និងពិចារណាលើពាក្យតវ៉ា មន្ត្រីកាន់កាប់ត្រូវសម្រេចថាម៉ាកដែលត្រូវបានចុះបញ្ជីនេះត្រូវទុក ឬបដិសេធ។ បន្ទាប់ពីមានការចុះបញ្ជីលើម៉ាក ម្ចាស់មានសិទ្ធិហាមឃាត់មិនឱ្យអ្នកដទៃបានប្រើប្រាស់ ប្រសិនបើខ្លួនមិនបានអនុញ្ញាត ដោយប្តឹងទៅតុលាការដើម្បីប្រឆាំងទៅនឹងជនដែលបានប្រើប្រាស់ដោយរំលោភលើម៉ាករបស់ខ្លួន ឬ ដោយគ្មានការយល់ព្រមពីខ្លួនដែលជាម្ចាស់ម៉ាក។ ម៉ាកដែលចុះបញ្ជីហើយមានសុពលភាព ១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី។ ម្ចាស់អាចទទួលបានការអនុគ្រោះចំពោះការយឺតយ៉ាវចំពោះការចុះបញ្ជីសារជាថ្មីក្នុងអំឡុងពេល ៦ខែ។
បទបញ្ញាតិ្តទាំងនេះក៏អាចត្រូវយកមកអនុវត្តផងដែរ ចំពោះម៉ាកសមូហភាព។ ម៉ាកអាចជាកិច្ចសន្យានៃអាជ្ញាប័ណ្ណ បើសិនជាកិច្ចសន្យានោះបានចែងពីការត្រួតពិនិត្យដ៏មានប្រសិទ្ធិភាពពីអ្នកប្រគល់អាជ្ញាប័ណ្ណចំពោះគុណភាពទំនិញ ឬសេវារបស់អ្នកទទួលអាជ្ញាប័ណ្ណដែលបានប្រើប្រាស់ម៉ាកនោះ។
៥. សិទ្ធិភតិសន្យា
មូលនីធិពាណិជ្ជកម្មអាចត្រូវបានគេធ្វើអាជីវកម្មនៅក្នុងអចលនវត្ថុដែលពាណិជ្ជករអាចជាកម្មសិទិ្ធករ ឬអាចជា ផលុភោគី។ នៅក្នុងករណីនេះសិទ្ធិអាស្រ័យផលទីកន្លែងនោះគឺជាសិទ្ធិអចលនវត្ថុដែលមិនអាចជាផ្នែកមួយនៃមូលនីធិពាណិជ្ជកម្មបានទេ ប្រសិនបើកម្មសិទ្ធិករលក់មូលនីធិពាណិជ្ជកម្មដោយមិនលក់អចលនវត្ថុនោះ កម្មសិទ្ធិករត្រូវប្រគល់សិទ្ធិភតិសន្យាទៅឱ្យអ្នកទិញ ប៉ុន្តែជាញឹកញាប់គេឃើញថាពាណិជ្ជករគ្រាន់តែជាអ្នកជួលទីកន្លែងប៉ុណ្ណោះ សម្រាប់ធ្វើអាជីវកម្មនៃមូលនីធិពាណិជ្ជកម្មរបស់ខ្លួន។ ពាណិជ្ជករត្រូវបង់ប្រាក់ថ្លៃឈ្នួល ហើយជាបដិភោគ គេទទួលបាននូវសិទ្ធិភតិសន្យា ចំពោះភតិសន្យាបតីនេះគឺជាសិទ្ធិចលនវត្ថុដែលជាផ្នែកមួយនៃមូលនីធិពាណិជ្ជកម្មហើយ តាមការអនុវត្តមានតម្លៃខ្លាំងណាស់ ពីព្រោះយ៉ាងហោចណាស់ នៅក្នុងពាណិជ្ជកម្មខ្នាតតូចវាមធ្យោបាយមួយយ៉ាងសំខាន់ក្នុងការទាក់ទាញអតិថិតា និងពាក្យទាំងនេះមានន័យដូចគ្នា និងសំដៅលើអចលនវត្ថុទាំងឡាយដែលប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម ហើយសម្ភារៈមានសារៈសំខាន់ខ្លាំងណាស់ក្នុងឧស្សាហកម្ម ជាងនៅក្នុងពាណិជ្ជកម្ម ដូច្នេះសម្ភារៈគឺជាធាតុមួយនៃមូលនីធិពាណិជ្ជកម្ម ប៉ុន្តែក្នុងករណីនៃការធ្វើអនុប្បទានអ្នកលក់មានសេរីភាពក្នុងការបដិសេធចេញពីការលក់នូវសម្ភារៈទាំងអស់។ ប្រសិនបើម្ចាស់មូលនីធិពាណិជ្ជកម្មនេះជាម្ចាស់អចលនវត្ថុដែរនោះ សម្ភារៈ និងឧបករណ៍ទាំងនោះ មានចរិកលក្ខណៈជាអចលនវត្ថុតាមភ័ព្វវាសនា មិនត្រូវឋិតក្នុងសមាសធាតុនៃមូលនីធិពាណិជ្ជកម្មនោះទេ។
ទំនិញគឺជាផលិតផលសម្រាប់លក់ អ្នកលក់អាចដកយកទំនិញចេញពីមូលនីធិពាណិជ្ជកម្មហើយយកទៅរក្សាទុក ឬយកទៅលក់ឱ្យអ្នកទិញផ្សេងទៀត រីឯសេវាគឺជាវត្ថុសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អ្នកស្នើសុំ។
ខ. សមាសធាតុមិនរាប់បញ្ជូលជាមូលនីធិពាណិជ្ជកម្ម
នៅក្នុងមូលនីធិពាណិជ្ជកម្មគេសង្កេតឃើញថា មានសមាសធាតុពីរដែលមិនត្រូវបានរាប់បញ្ជូលទៅក្នុងមូលនីធិពាណិជ្ជកម្ម មានដូចជា សៀវភៅពាណិជ្ជកម្ម (១) និងឥណទេយ្យ និងបំណុល(២)ប៉ុន្តែសមាសធាតុទាំងពីរនេះយើងមិនបានធ្វើការសិក្សាឱ្យបានស៊ីជំរៅនោះទេ។
១. សៀវភៅពាណិជ្ជកម្ម
លទ្ធជន (អ្នកទទួល) នៃមូលនីធិមានសិទ្ធិប្រើប្រាស់សៀវភៅពាណិជ្ជកម្មក្នុងរយៈពេល ៣ឆ្នាំជាកំណត់។
២. ឥណទេយ្យ និងបំណុល
មូលនីធិពាណិជ្ជកម្មមិនមែនជាបេតិកភណ្ឌទេ ដូច្នេះមូលនីធិពាណិជ្ជកម្មមិនផ្ទុកនូវឥណទេយ្យ ក៏ដូចជាបំណុលរបស់ពាណិជ្ជករទេ។
II. ប្រតិបត្តិការគតិយុត្តលើមូលនីធិពាណិជ្ជកម្ម
សមាសភាពនៃមូលនីធិពាណិជ្ជកម្ម ត្រូវបានស្តែងឡើងតាមរយៈ សមាសភាពអរូបិយ និងចរិកគតិយុត្តនៃមូលនីធិពាណិជ្ជកម្ម ដែលលើកឡើងអំពីបែបបទដែលជាគោលការណ៍នៃនីតិពាណិជ្ជកម្ម នៅក្នុងវិស័យមូលនីធិពាណិជ្ជកម្ម។
នៅក្នុងក្របខ័ណ្ឌនៃចរិកគតិយុត្តនៃមូលនីធិពាណិជ្ជកម្ម យើងលើកឡើងអំពីគោលការណ៍នៃលក្ខណៈជាសកលភាព និងគោលការណ៍នៃលក្ខណៈជាចលនទ្រព្យ និងជាអរូបទ្រព្យ។ ដោយឡែកគេបានធ្វើការបែកចែកប្រតិបត្តិការគតិយុត្ត ជាលក្ខណនៃការលក់មូលនីធិពាណិជ្ជកម្ម (ក) និងកាបញ្ចាំមូលនីធិពាណិជ្ជកម្ម (ខ)។ ដើម្បីឈានដល់ការស្វែងយល់ពីការលក់មូលនីធិពាណិជ្ជកម្ម និងការបញ្ចាំមូលនីធិពាណិជ្ជកម្ម យើងគប្បីសិក្សាអំពីលក្ខណៈសកលភាពនៃចរិកគតិយុត្តនៃមូលនីធិពាណិជ្ជកម្ម និងលក្ខណៈជារូបទ្រព្យ និងអរូបទ្រព្យជាមុនសិន។
មូលនីធិពាណិជ្ជកម្ម គឺជាវត្ថុមួយទាំងមូលដែលឋិតនៅក្រោមរបបគតិយុត្តពិសេសមួយខុសពីរបបគតិយុត្តដែលអនុវត្តចំពោះសមាសធាតុនីមួយៗ ដូច្នេះវិធានដែលគ្រប់គ្រងការលក់ ឬការបញ្ជាំមូលនីធិពាណិជ្ជកម្មជាទូទៅ ដូចគ្នានឹងវិធានដែលអនុវត្តចំពោះការលក់ និងការបញ្ចាំសមាសធាតុនីមួយៗដែលជារូបទ្រព្យ ឬអរូបទ្រព្យនោះដើម្បីបញ្ជាក់ពីធាតុត្រឹមត្រូវនៃអនុភាពវត្ថុនោះ គេមិនអាចអះអាងថាមូលនីធិពាណិជ្ជកម្មគឺ ជាសកម្មភាពនៃនីតិទេ មានន័យថាបេតិកភណ្ឌមួយប្រភេទដាច់ដោយឡែក និងផ្សេងពីភាគដែលនៅសល់នៃបេតិកភណ្ឌរបស់ពាណិជ្ជករ ហើយតាមពិតមូលនីធិពាណិជ្ជកម្មមិនធានាសងបំណុលពាណិជ្ជកម្មឡើយ និងមានតែសកម្មទ្រព្យប៉ុណ្ណេះជា សមាសភាព ពោលគឺគ្មាន អកម្មទ្រព្យទេ។ មូលនីធិនេះចូលរួមជាផ្នែកមួយនៃបេតិកភណ្ឌទូទៅរបស់ពាណិជ្ជករ និងត្រូវធានាសងគ្រប់ប្រភេទរបស់ពាណិជ្ជករនោះទាំងបំណុលរដ្ឋប្បវេណី និងបំណុលពាណិជ្ជកម្ម។
អ្នកនិពន្ធជាច្រើនបានអះអាងថា មូលនីធិពាណិជ្ជកម្មគ្រាន់តែជាសកម្មភាពតាមហេតុការណ៍ ប៉ុណ្ណោះ បានសេចក្តីថាជាសំណុំទ្រព្យនៃចលនវត្ថុចាំបាច់សម្រាប់អាជីវកម្មនៃសហគ្រាសពាណិជ្ជកម្ម តាមការពិតមូលនីធិពាណិជ្ជកម្មគឺ ជាសិទ្ធិមួយនៃកម្មសិទ្ធិបញ្ញាដែលប្រហាក់ប្រហែល និងសិទ្ធិកម្មសិទ្ធិ ឧស្សាហកម្ម និងពាណិជ្ជកម្ម ឬសិទ្ធិសិល្បៈ និងអក្សរសាស្ត្រ។ ដោយគ្រាន់តែការបង្កើតមូលនីធិពាណិជ្ជកម្មស្ថិតនៅក្រោមការរៀបចំ និងដាក់ឱ្យប្រើប្រាស់នៅសមាសធាតុទាំងឡាយនៃមូលនីធិពាណិជ្ជកម្ម ដើម្បីសមទ្ធិផលនៃកិច្ចការណាមួយ និងបំពេញនូវសេចក្តីត្រូវការរបស់អតិថិតាមួយក្រុម។ ប្រាកដណាស់ថាពាណិជ្ជកម្មគ្មានសិទ្ធិលើអតិថិតាទេ ដោយហេតុថាការប្រកួតប្រជែងធ្វើឡើងដោយសេរី ប៉ុន្តែគេមានសិទ្ធិផ្តាច់មុខលើមធ្យោបាយប្រើប្រាស់ និងរបៀបដែលគេយកមធ្យោបាយនេះមកប្រើប្រាស់ដើម្បីទទួលបាន និងរក្សានូវអតិថិតាហើយអតិថិតា គឺជាវត្ថុបំណងក្នុងការធ្វើអាជីវកម្មហើយជា ចំណងដែលតភ្ជាប់សមាសធាតុរបស់មូលនីធិពាណិជ្ជកម្មមិនឱ្យដាច់ចេញពីគ្នា និងសិទ្ធិកម្មសិទ្ធិបញ្ញានេះក៏ត្រូវបានការពារដោយប្តឹងពីការប្រកួតប្រជែងមិនស្មោះត្រង់។
នីតិវិជ្ជមានកម្ពុជាពុំមានចែង និងកំណត់ច្បាស់លាស់ពីនិយមន័យ និងប្រភេទគតិយុត្តនៃមូលនីធិពាណិជ្ជកម្មនោះទេ។ សេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មដែលរដ្ឋសភាបានទទួលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៥០ បានរៀបរាប់តែប្រភេទនៃក្រុមហ៊ុនពាណិជ្ជកម្មប៉ុណ្ណោះ ដោយពុំបានលើកឡើងពីសញ្ញាណនៃមូលនីធិពាណិជ្ជកម្មទាល់តែសោះ ប៉ុន្តែក្រមពាណិជ្ជកម្មដែលប្រកាសឱ្យប្រើដោយព្រះរាជក្រឹត្យលេខ៥៧៩ ន.ស ចុះថ្ងៃទី០៣ មិនា ១៩៥០ បានកំណត់យ៉ាងច្បាស់លាស់នូវប្រភេទគតិយុត្តនៃមូលនីធិពាណិជ្ជកម្ម។ មាត្រា៤២៩ នៃក្រមនេះបានចែងថា មូលនីធិពាណិជ្ជកម្មគឺ ជាសកលភាពនៃនីតិជាជាងសកលភាពនៃអំពើ មានន័យថា ធាតុផ្សេងៗដែលរួមផ្សំបង្កើតបានជាមូលនីធិពាណិជ្ជកម្មនេះត្រូវតែរួមបញ្ចូលគ្នា និងត្រូវចាត់ទុកថាជាអង្គភាពតែមួយ។ គេអាចយល់ភា្លមៗថាបទបញ្ញាតិ្តនេះផ្ទុយទាំងស្រុងទៅនឹងទ្រឹស្តីដែលបានលើកឡើង ខាងលើពីព្រោះវិធានទាំងពីរនេះបានអះអាងផ្សេងៗគ្នា វិធានមួយថាមូលនីធិពាណិជ្ជកម្មជាសកលភាពនៃអំពើ តែវិធានមួយទៀតថា ជាសកលភាពនៃនីតិ។ តាមពិតទៅនីតិបានបង្កើតជាសកលភាពជាច្រើនដូចជាបេតិកភណ្ឌជាដើម គេចាត់ទុកថាបេតិកភណ្ឌនេះពុំមែនជាទ្រព្យដែលជាកម្មសិទ្ធិរបស់បុគ្គល ហើយក៏មិនមែនជាបំណុលដែលបុគ្គលនោះជំពាក់ដែរ។ បេតិកភណ្ឌ គឺជាបណ្តុំទាំងមូលដែលប្រមូលផ្តុំនូវធាតុសកម្ម និងអសកម្មផងដែរ។
ដូច្នេះបញ្ហាចោទឡើង គឹវាមានប្រយោជន៍អ្វីដែលត្រូវកំណត់ពីប្រភេទគតិយុត្តនៃមូលនីធិពាណិជ្ជកម្មនោះ ថាជាទ្រព្យដែលប្រមូលផ្តុំគ្នាសម្រាប់អាជីវកម្មមួយ។
ហេតុអ្វីបានជាចាំបាច់កំណត់ចរិកលក្ខណៈគតិយុត្ត នៃមូលនីធិពាណិជ្ជកម្មថាជាសិទ្ធិភតិសន្យា ជាទំនិញ និងយីហោ ដែលប្រមូលផ្តុំគ្នាដើម្បីទាក់ទាញអតិថិតា។
អត្ថប្រយោជន៍នៃការកំណត់ចរិកលក្ខណៈគតិយុត្តនេះមានប្រាកដណាស់។ អះអាងថាទ្រព្យផ្សេងៗដែលប្រមូលផ្តុំក្នុងគោលបំណងទាក់ទាញអតិថិតាមួយក្រុមបង្កើតបានជាមូលនីធិពាណិជ្ជកម្មនោះ និងអនុញ្ញាតឱ្យគេលក់មូលនីធិពាណិជ្ជកម្មនេះឱ្យស្ថិតនៅក្រោមរបបគតិយុត្តមួយដាច់ដោយឡែកពីរបបគតិយុត្តដែលអនុវត្តចំពោះសមាសធាតុនីមួយៗដែលស្ថិតនៅដាច់ពីគ្នា។
ហេតុដូច្នេះ ហើយបានជាមូលនីធិពាណិជ្ជកម្ម គឺជាអរូបទ្រព្យ បើទោះបីជាមានទ្រព្យមួយចំនួនដែលជាសមាសធាតុនោះគឺ ជារូបទ្រព្យក៏ដោយ។ គួរកត់សម្គាល់ដូចគ្នាផងដែរ មានទ្រព្យមួយចំនួនពុំអាចធ្វើជាកម្មវត្ថុនៃកិច្ចសន្យាបានទេ នៅពេលដែលទ្រព្យទាំងនេះស្ថិតនៅដាច់ដោយឡែកពីទ្រព្យដ៏ទៃ ប៉ុន្តែកិច្ចសន្យាទាំងនោះអាចមានកម្មវត្ថុជាមូលនីធិពាណិជ្ជកម្ម ជាក់ស្តែងពាណិជ្ជនាមមិនអាចដាក់បញ្ចាំបានទេ ប៉ុន្តែមូលនីធិពាណិជ្ជកម្មនេះត្រូវគេយកទៅបញ្ចាំបើទោះជាសមាសធាតុមួយនៃមូលនីធិពាណិជ្ជកម្មនេះ គឺជាពាណិជ្ជនាមក៏ដោយ។
នត្ថិភាព (ភាពដែលគ្មាន) នៃស្វ័យភាពបេតិកភណ្ឌរបស់មូលនីធិពាណិជ្ជកម្មដែលមានប្រភពមកពីនីតិបារាំង ក៏ដូចជានីតិខ្មែរកាលពីសម័យសង្គមរាស្ត្រនិយមបានបដិសេធជានិច្ចមិនទទួលស្គាល់ថាមូលនីធិពាណិជ្ជកម្ម ជានីតិបុគ្គលឡើយ និងមូលនីធិពាណិជ្ជកម្មមិនមែនជាប្រធានប្រសិទ្ធិទេ ពោលគឺគ្រាន់តែជាទ្រព្យមួយក្នុងចំណោមទ្រព្យទាំងឡាយដែលមានក្នុងបេតិកភណ្ឌរបស់ពាណិជ្ជករប៉ណ្ណោះ។
ដូច្នេះបទបញ្ញាត្តិក្នុងក្រមពាណិជ្ជកម្មខ្មែរឆ្នាំ១៩៥០ មាត្រា៤២៩ ពុំមានបំណងអះអាងថាមូលនីធិពាណិជ្ជកម្ម គឺជានីតិបុគ្គលមួយ ឬប្រធានសិទ្ធិ ឬក៏ជាបេតិកភណ្ឌដាច់ដោយឡែកមួយ ពោលគឺវិធាននេះគ្រាន់តែចង់បញ្ជាក់ថាមូលនីធិពាណិជ្ជកម្ម ដែលជាសកលភាពនៃនីតិនោះ គឺជាវត្ថុមួយដែលខុសធាតុផ្សំរបស់មូលនីធិពិសេស គឺបង្កើតបានជាអង្គភាពគតិយុត្តមួយដែលត្រូវស្ថិតនៅក្រោមរបបគតិយុត្តតែមួយគត់ដាច់ដោយឡែកពីសមាសធាតុនីមួយៗរបស់ខ្លួន។
មូលនីធិពាណិជ្ជកម្មមានតែចលនទ្រព្យប៉ុណ្ណោះ ដែលជាធាតុផ្សំមូលនីធិនេះជាចលនវត្ថុដែលត្រូវស្ថិតនៅក្រោមវិធានទាំងឡាយអនុវត្តចំពោះចលនទ្រព្យ។ តែមូលនីធិនេះជាចលនទ្រព្យអរូបិយដូចជា សិទ្ធិកម្មសិទ្ធិបញ្ញា ដែលជាការចងភ្ជាប់មូលនីធិពាណិជ្ជកម្មឱ្យស្ថិតនៅជំពូកនៃចលនវត្ថុ គឺជាការដាក់កំហិតពីព្រោះមូលនីធិពាណិជ្ជកម្ម ដាច់ខាតផ្សំដោយធាតុចលនវត្ថុជានិច្ច និងអចលនវត្ថុពុំរាប់បញ្ជូលទៅក្នុងសកលភាពនៃមូលនីធិពាណិជ្ជកម្មទេ នេះបានសេចក្តីថាពាណិជ្ជករគឺជា កម្មសិទ្ធិករនៃទីកន្លែងដែលគាត់បំពេញសកម្មភាព គេត្រូវធ្វើការបែងចែកកម្មសិទ្ធិអចលនវត្ថុ ពីកម្មសិទ្ធិនៃមូលនីធិ។ តាមការអនុវត្តនៅពេលដែលពាណិជ្ជករធ្វើអនុប្បទានសហគ្រាសរបស់ខ្លួនទៅឱ្យអ្នកទិញ ពាណិជ្ជករនេះត្រូវលក់តាម លិខិតពីរខុសគ្នាសម្រាប់មូលនីធិពាណិជ្ជកម្មមួយ និងសម្រាប់អចលនវត្ថុមួយ។
ដូច្នេះ ក្នុងករណីលក់មូលនីធិពាណិជ្ជកម្មមានស្ថានភាពពីរយ៉ាងដែលអាចលើកមកបង្ហាញ៖
មូលនីធិពាណិជ្ជកម្មនេះ ជាចលនទ្រព្យអរូបិយជាការគួរឱ្យភ្ងាក់ផ្អើលមួយដោយហេតុថា មូលនីធិនេះមានសមាសធាតុមួយចំនួនជារូបទ្រព្យ (គ្រឿងយន្ត ទំនិញ...) ផ្តើមចេញពីចរិកលក្ខណៈគតិយុត្តនៃមូលនីធិពាណិជ្ជកម្មជារូបទ្រព្យ យុត្តសាស្ត្របារាំងបានអះអាងថាមូលនីធិពាណិជ្ជកម្មមិនស្ថិតនៅក្រោមវិធានដែលមានចែងដោយសិទ្ធិនៃកម្មសិទ្ធិ ចលនវត្ថុកើតមកពីភោគៈ ដោយសុចរិត (មាត្រា៦៩៤ នៃក្រមរដ្ឋប្បវេណីចាស់) ដូច្នេះក្នុងករណីមានវិវាទរវាងអ្នកទិញបន្តបន្ទាប់មានតែកាលបរិច្ឆេទនៃការទទួលភោគៈទេ។
ចរិកជាពាណិជ្ជកម្ម៖ វិធានដែលទាក់ទង និងមូលនីធិពាណិជ្ជកម្មអាចបង្គាប់បានតែចំពោះមូលនីធិដែលគេយកទៅអនុវត្តសកម្មភាពពាណិជ្ជកម្មប៉ុណ្ណោះ និងវិធានមិនយកទៅអនុវត្តចំពោះសកម្មភាពពាណិជ្ជកម្ម ឬអតិថិតារដ្ឋប្បវេណីនៃវិជ្ជាជីវៈសេរី ឬចំពោះគ្រឹះស្ថានសិប្បកម្មឡើយ។
ក. លក្ខណៈនៃការលក់មូលនីធិពាណិជ្ជកម្ម
ការលក់មូលនីធិពាណិជ្ជកម្មមិនមានចែងជាពិសេសនៅក្នុងនីតិវិជ្ជមានខ្មែរទេ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង លក្ខន្តិកៈរបស់ក្រុមហ៊ុនខ្លះបានលើកឡើងនូវបញ្ហានៃការលក់មូលនីធិពាណិជ្ជកម្មផងដែរ នៅក្នុងកម្មវត្ថុរបស់ក្រុមហ៊ុន។ មាត្រា៤៣០ នៃក្រមពាណិជ្ជកម្ម ១៩៥០ បានចែងថាការលក់មូលនីធិពាណិជ្ជកម្មត្រូវគោរពវិធានទូទៅនៃក្រមរដ្ឋប្បវេណីចាស់ និងតាមវិធានពិសេសទាំងឡាយណាដែលនឹងលើកឡើងក្នុងក្រមពាណិជ្ជកម្មនេះ។ ច្បាប់ដែលឋិតនៅជាធរមាន មានក្រមរដ្ឋប្បវេណីថ្មី ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧ ដែលបានអនុម័តដោយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវបញ្ញាតិទូទៅស្តីពីកិច្ចសន្យាសំខាន់ៗ និងអំពើអនីត្យានុកូល ដូច្នេះការលក់មូលនីធិពាណិជ្ជកម្ម ដែលជាកម្មវត្ថុនៃចំណុច “ក”នេះនឹងត្រូវលើកមកសំអាងនៅក្រមពាណិជ្ជកម្មចាស់ជាមូលដ្ឋាន។
ជាការចាប់ផ្តើមយើងគប្បីយល់អំពីលក្ខខណ្ឌ នៃការលក់នីតិរួមដែលមានចែងក្នុងមាត្រានៃក្រមពាណិជ្ជកម្មចាស់ ក្រឹត្យច្បាប់លេខ៣៨ និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ប៉ុន្តែការលក់មូលនីធិពាណិជ្ជកម្មក៏ត្រូវស្ថិតនៅក្រោមបទបញ្ញាត្តិពិសេសផងដែរ នៃក្រមរដ្ឋប្បវេណីចាស់ ដូច្នេះនៅក្នុងចំណុចនេះយើងនឹងលើកយកលក្ខខណ្ឌនៃការលក់មូលនីធិពាណិជ្ជកម្ម ដែលផ្អែកលើរបបគតិយុត្តនៃនីតិរួម និងសំរបទៅតាមរបបគតិយុត្តពិសេស ចំពោះមូលនីធិពាណិជ្ជកម្ម បន្ទាប់មកទៀតឋិតក្នុងវិធីសាស្ត្រនៃការបកស្រាយខាងលើដែលយើងនឹងធ្វើការអត្ថាធិប្បាយនៃការលក់មូលនីធិពាណិជ្ជកម្មដោយមកធ្វើជាមូលដ្ឋាននៅបទបញ្ញាត្តិទូទៅនៃការលក់ និងបទបញ្ញាត្តិពិសេសនៃកម្មវត្ថុនៃការលក់មូលនីធិពាណិជ្ជកម្ម។
ឆ្លងកាត់នូវការបកស្រាយនេះ ការលក់មូលនីធិពាណិជ្ជកម្មត្រូវបង្ហាញតាមរយៈលក្ខខណ្ឌនៃការលក់មូលនីធិពាណិជ្ជកម្ម និងអានុភាពនៃការលក់មូលនីធិពាណិជ្ជកម្ម។
មូលនីធិពាណិជ្ជកម្មគឺ ជាចលនវត្ថុដែលតម្រូវឱ្យមានលក្ខខណ្ឌនៅក្នុងការលក់ ដូចជានៅក្នុងកិច្ចសន្យាស៊ីវិលនានាផងដែរ ប៉ុន្តែការលក់មូលនីធិពាណិជ្ជកម្មមានចរិកជាពាណិជ្ជកិច្ចដែលតម្រូវធ្វើឡើងមានចរិតជាកិច្ចសន្យាពាណិជ្ជកម្ម ដូច្នេះវាមានលក្ខខណ្ឌខ្លះ ដែលមានភាពស្មុគស្មាញច្រើន។
លក្ខខណ្ឌនៃការលក់មូលនីធិពាណិជ្ជកម្មមានភា្ជប់នូវលក្ខខណ្ឌ សំខាន់បីយ៉ាង រួមមាន៖ លក្ខខណ្ឌគ្រឹះ, លក្ខខណ្ឌទម្រង់ និងលក្ខខណ្ឌការផ្សព្វផ្សាយការលក់មូលនីធិពាណិជ្ជកម្ម។ ក្នុងនោះក៏បានរាប់បញ្ជូលនូវការផ្ទេរកម្មសិទ្ធិ និងកាតព្វកិច្ចរបស់គូភាគី នៅក្នុងចំណុច “ក” នេះផងដែរ។
១. លក្ខណៈគ្រឹះ
ជាគោលការណ៍លក្ខខណ្ឌគ្រឹះ សំដៅលើលក្ខខណ្ឌដែលអនុវត្តចំពោះគ្រប់កិច្ចសន្យាគ្រប់ប្រភេទ ជាពិសេសចំពោះការលក់អចលនវត្ថុដែលមានជាអាទិ៍៖
១.១. កម្មវត្ថុ
កម្មវត្ថុជាទីតាំងនៃកាតព្វកិច្ចត្រូវចែងឱ្យប្រាកដ ដាច់ពីគ្នាតាមប្រភេទ តាមធនធាន តាមចំនួន និងតាមតុលាការ។ ការដែលមិនអាចលក់បាន គឺពិបាកហួសវិស័យមនុស្សមិនអាចធ្វើបាន កុំថាឡើយតែកំដឹង (កូនបំណុល) ម្នាក់ឯងនោះ សូម្បីតែជនទាំងពួងក៏ធ្វើមិនកើតដែរ។ ការពិបាកទាំងនេះហៅថា ការមិនអាចដឹងដាច់ខាត ដោយសារហួសពីសមត្ថភាពរបស់មនុស្សទូទៅ មានន័យថាបុគ្គលទាំងឡាយ មិនអាចបំពេញកាតព្វកិច្ចនោះបានជាដាច់ខាត។
១.២. ការព្រមព្រៀង
ប្រសិនបើភន្តច្រលំ អំពីសេចក្តីប្តេជ្ញាភន្តច្រលំអំពីអត្តសញ្ញាណ អំពីសារជាតិនៃកម្មវត្ថុ សេចក្តីព្រមព្រៀងនោះមិនចាត់ទុកជាទង្វើស្ម័គ្រទេ។ សេចក្តីស្ម័គ្រដែលមិនធ្វើឡើងដោយសេរីនោះ ស្ម័គ្រដោយការគំរាមគំហែង ឬដោយគេបោកប្រាស់មិនឱ្យដឹងខ្លួនជាមុន (មាត្រា៧៩៣ ដល់មាត្រា៨០៣ នៃក្រមរដ្ឋប្បវេណីចាស់)។
១.៣. សមត្ថភាព
ជនដែលគ្មានសមត្ថភាព ក្នុងការចុះកិច្ចសន្យានោះរួមមាន៖
២. លក្ខណៈទម្រង់
ជាទូទៅការលក់មូលនីធិពាណិជ្ជកម្ម គឺជាពាណិជ្ជកិច្ច ដូច្នេះការលក់មូលនីធិពាណិជ្ជកម្មដូចជាការលក់កិច្ចសន្យាផ្សេងៗទៀតផងដែរ គឺអាចបង្ហាញភស្តុតាងតាមគ្រប់មធ្យោបាយ ហើយសពុលភាពនៃការលក់នេះមិនតម្រូវឱ្យមានលិខិតជាលាយលក្ខណ៍អក្សរទេ។ ក្រមរដ្ឋប្បវេណីចាស់បានកំណត់យកនូវគោលការណ៍ នៃការព្រមព្រៀងនិយមចំពោះកិច្ចសន្យាលក់ទាំងអចលនវត្ថុទាំងចលនវត្ថុដោយអះអាងថា លិខិតយថាភូត ដែលត្រូវធ្វើមាននាទីត្រឹមតែជាបន្ទាល់ចំពោះគូរភាគី និងតតិយជនប៉ុណ្ណោះ ពោលគឺគ្មានប៉ះពាល់ដល់សុពលភាពនៃកិច្ចសន្យាលក់នោះទេ នេះគឺជាវិធានដែលនីតិរដ្ឋប្បវេណីខ្មែរកាលពីសម័យសង្គមរាស្ត្រនិយមអនុម័តយកនីតិវិជ្ជមានខ្មែរ សព្វថ្ងៃពុំបានចែងបទបញ្ញាត្តិពិសេសដើម្បីបញ្ជាក់ថារបបគតិយុត្តដាច់ដោយឡែកចំពោះការលក់មូលនីធិពាណិជ្ជកម្មទេ។ ដោយហេតុថា មូលនីធិពាណិជ្ជកម្មជាចលនវត្ថុ ដូច្នេះការផ្ទេរកម្មសិទ្ធិចាត់ទុកថាត្រឹមត្រូវបានហើយតតិយជនជំទាស់លែងបានចាប់តាំងពីពេលប្រគល់វត្ថុនោះដល់ដៃអ្នកទិញលើកលែងការលក់មានធ្វើសេចក្តីបញ្ជាក់នៅក្នុងសំបុត្រ។
ថ្វីត្បិតជាលិខិតលាយលក្ខណ៍អក្សរ លិខិតយថាភូតពុំមែនជាលក្ខខណ្ឌសុពលភាពចំពោះកិច្ចសន្យាលក់មូលនីធិពាណិជ្ជកម្មក៏ពិតមែន ប៉ុន្តែតាមការអនុវត្តលិខិតជាលាយលក្ខណ៍អក្សរ ឬលិខិតយថាភូតនៅចំពោះមុខសារការី តែក៏ត្រូវបានគេកសាងឡើងពីព្រោះថាវាមានសារៈសំខាន់ និងចាំបាច់សម្រាប់ការផ្សព្វផ្សាយនៃការលក់ និងសម្រាប់បុព្វសិទ្ធិរបស់អ្នកលក់ព្រមទាំងសម្រាប់ចុះឈ្មោះអ្នកទិញក្នុងបញ្ជីពាណិជ្ជកម្ម។
ក្រឡាបញ្ជីនៃតុលាការពាណិជ្ជកម្មត្រូវកាន់កាប់បញ្ជីមួយសម្រាប់ចុះបុព្វសិទ្ធិរបស់អ្នកលក់។ អ្នកលក់ ឬអាណតិ្តគាហក របស់អ្នកលក់ត្រូវបង្ហាញជូនក្រឡាបញ្ជីនៅច្បាប់ដើមនៃលិខិតលក់មួយច្បាប់ ប្រសិនបើលិខិតនោះជាលិខិតឯកជន ឬលិខិតចំលង ប្រសិនបើជាលិខិតសារការី។ ភា្ជប់មកជាមួយលិខិតលក់នេះមានដីកាអមពីរទៀត ដែលសសេរនៅក្រដាសទទេមួយដែលមានចុះនូវនីតិចាំបាច់ផ្សេងៗ។ ក្រឡាបញ្ជីចំលងដីកាអមនេះនៅលើបញ្ជីពាណិជ្ជកម្ម រក្សាទុកមួយច្បាប់ និងមួយច្បាប់ទៀតប្រគល់ទៅឱ្យម្ចាស់បំណុលដោយមាននិទ្ទេសដែលបានចុះបញ្ជីរួចហើយ។ ការចុះបញ្ជីនេះមានឧត្តមភាពលើរាល់ការចុះបញ្ជីគ្រប់ប្រភេទ ដែលធ្វើឡើងក្នុងពេលជាមួយគ្នារវាអ្នកលក់ និងអ្នកទិញ និងការចុះបញ្ជីនេះអាចយកទៅជំទាស់បានចំពោះក្ស័យធន និងការជំរះបញ្ជីរបស់អ្នកលក់ព្រមទាំងសន្តតិកម្មអត្ថគាហក។
៣. ការផ្សព្វផ្សាយការលក់មូលនីធិពាណិជ្ជកម្ម
ជាទូទៅមូលនីធិពាណិជ្ជកម្ម គឺជាធាតុសារវន្ត័នៃបេតិកភណ្ឌរបស់ពាណិជ្ជករ។ ក្នុងករណីលក់មូលនីធិពាណិជ្ជកម្មដោយលួចលាក់ ឬដោយលាក់កំបាំងថ្លៃលក់ ចំពោះម្ចាស់បំណុលទាំងឡាយពិសេសគឺម្ចាស់បំណុលសាមញ នឹងបាត់បង់សិទ្ធិបញ្ចាំរបស់ខ្លួនហើយ និងអាចមិនទទួលបាននៅការសងប្រាក់ ហេតុដូច្នេះហើយបានជានីតិនិពន្ធបានរៀបចំការប្រកាស់ផ្សាយការលក់មូលនីធិពាណិជ្ជកម្មដើម្បីអនុញ្ញាតឱ្យម្ចាស់បំណុលទាំងឡាយធ្វើការជំទាស់លើផ្នែកលក់ និងអនុវត្តសិទ្ធិទិញតម្លៃថ្លៃ ប្រសិនបើម្ចាស់បំណុលទាំងនោះយល់ឃើញថាថ្លៃលក់នេះមិនគ្រប់គ្រាន់ទេ។
ការលក់មូលនីធិពាណិជ្ជកម្មត្រូវតែប្រកាសផ្សាយតាមពាក្យសុំរបស់អ្នកទិញ ក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃចុះកិច្ចសន្យាលក់ក្រោមទ្រង់ទ្រាយជាសម្រង់ ឬជាប្រកាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រកាស់ផ្សាយនេះត្រូវធ្វើឡើងវិញចាប់ពីថ្ងៃទី០៨ ដល់ទី១៥ បន្ទាប់ពីការចុះផ្សាយលើកទី១ ដោយមានបញ្ជាក់កាលបរិច្ឆេទនៃលិខិតលក់ នាម គោត្តនាម និងលំនៅដ្ឋានកម្មសិទ្ធិករចាស់ និងកម្មសិទ្ធិករថ្មី ប្រភេទ និងទីស្នាក់ការរបស់មូលនីធិ ការបង្ហាញរយៈពេលសម្រាប់ធ្វើការជំទាស់ និងជ្រើសរើសលំនៅដ្ឋានក្នុងដែនរបស់តុលាការ (មាត្រា៤៤៤ នៃក្រមពាណិជ្ជកម្មឆ្នាំ១៩៥០)។
ទណ្ឌកម្មចំពោះការមិនបានប្រកាសផ្សាយចំពោះការលក់មូលនីធិពាណិជ្ជកម្ម៖
ការមិនបានប្រកាសផ្សាយការលក់នេះមិនមែនជាឧបសគ្គនៃសុពលភាពដល់ការលក់នោះទេ ប៉ុន្តែប្រសិនបើថ្លៃលក់ត្រូវប្រគល់ជូនដល់ដៃអ្នកលក់ហើយដោយគ្មានការប្រកាសផ្សាយអ្វីសោះ ឬមុនពេលផុតកំណត់រយៈពេលដែលត្រូវប្រគល់ជូនដល់ម្ចាស់បំណុលរបស់អ្នកលក់សម្រាប់ធ្វើការប្តឹងទាស់ ការបង់ថ្លៃនេះត្រូវបានប្រកាសថាមិនអាចយកជំទាស់បាន ចំពោះម្ចាស់បំណុលទាំងនោះទេ ហើយអ្នកទិញនឹងត្រូវមានកាតព្វកិច្ចបង់ថ្លៃជាលើកទី២ ដល់ម្ចាស់បំណុលទាំងនេះ ពោលគឺអ្នកទិញទោះជាបានប្រគល់ថ្លៃដល់អ្នកលក់ក៏ពិតមែន ប៉ុន្តែនៅតែជាប់ជំពាក់ប្រាក់ដដែល ចំពោះតតិយជនដែលមានប្រយោជន៍ពាក់ព័ន្ធ (មាត្រា៤៤៩ នៃក្រមពាណិជ្ជកម្មឆ្នាំ១៩៥០)។
សិទ្ធិធ្វើបណ្តឹងទាស់នៃម្ចាស់បំណុលក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃចុះផ្សាយលើទីពីរ រាល់ម្ចាស់បំណុលទាំងអស់នៃកម្មសិទ្ធិចាស់ ទោះជាឥណទេយ្យរបស់ខ្លួនអាចទារបានក្តី មិនបានក្តីអាចធ្វើការជំទាស់ចំពោះការបង់ថ្លៃរបស់អ្នកទិញ ក៏ប៉ុន្តែភតិសន្យាបតិមិនអានធ្វើបណ្តឹងទាស់សម្រាប់ថ្លៃជួលបច្ចុប្បន្ន ឬដែលនឹងមកដល់ទោះជាមាន ខសន្យាផ្ទុយពីនេះក្នុងភតិសន្យាក៏ដោយ។ ក្នុងរយៈពេល២០ថ្ងៃចាប់ពីថ្ងៃចុះផ្សាយជាលើកទីពីរ ម្ចាស់បំណុលត្រូវចុះឈ្មោះ ឬដែលបានជំទាស់ និងមានសិទ្ធិទទួលដឹងលឺពីការលក់ និងសភាពការប្តឹងទាស់។
ប្រសិនបើថ្លៃនៃការលក់នេះមិនគ្រប់គ្រាន់សម្រាប់សងម្ចាស់បំណុលដែលបានចុះឈ្មោះ និងបានធ្វើបណ្តឹងទាស់នោះទេ ម្ចាស់បំណុលណាម្នាក់អាចប្តឹងទាមទារឱ្យយកមូលនីធិនោះដាក់លក់ឡៃឡុង ឬដាក់លក់ដេញថ្លៃដោយ តម្រូវឱ្យតំឡើងថ្លៃ ចំនួនមួយភាគប្រាំមួយនៃថ្លៃដើម ហើយថ្លៃនេះមិនរាប់បញ្ជូលសម្ភារៈ និងទំនិញទេ ពោលគឺថ្លៃដែលបានតំឡើងមួយភាគ ប្រាំមួយនៃថ្លៃដើមនេះគឺជាតម្លៃរូបធាតុនៃមូលនីធិពាណិជ្ជកម្មប៉ុណ្ណោះ។
សិទ្ធិរបស់អ្នកលក់មូលនីធិពាណិជ្ជកម្ម ម្ចាស់ដើមមូលនីធិពាណិជ្ជកម្មអាចប្តឹងមកប្រធានតុលាការរដ្ឋប្បវេណីដើម្បីសុំដីកាកិច្ចការប្រញាប់ (ដីកាសម្រេចរក្សាការពារ) ដើម្បីទទួលបាននូវមោឃភាពនៃបណ្តឹងទាស់ និងទទួលសិទ្ធិនៃថ្លៃលក់មកវិញ ប្រសិនបើបណ្តឹងទាស់នេះ ធ្វើឡើងដោយគ្មានបណ្ណសម្គាល់សិទ្ធិជាម្ចាស់បំណុល និងគ្មានមូលហេតុ ឬក៏ត្រូវចាត់ទុកជាមោឃៈតាមទម្រង់ច្បាប់។ តាមនីតិវិធីនៃប្រញាប់ ម្ចាស់ដើមនៃមូលនីធិក៏អាចទទួលបានផងដែរនូវកិច្ចធានាចំពោះបណ្តឹងទាស់នេះដែរ ធ្វើឡើងសម្រាប់ប្រាក់មួយចំនួនកំណត់សម្រាប់ប្រធានតុលាការ ហើយអ្នកលក់ក៏ត្រូវប្រគល់ប្រាក់ទាំងនេះទៅក្នុងដៃតតិយជនណាម្នាក់ ដែលមានតួនាទីចែកចាយចំពោះប្រាក់ទាំងនេះទៅឱ្យម្ចាស់បំណុល ដែលប្តឹងទាស់ និងធ្វើដូច្នេះអ្នកលក់ត្រូវបានអនុញ្ញាតឱ្យទទួលប្រាក់ថ្លៃលក់ពីអ្នកទិញ។
ចៅក្រមដែលចេញដីកាសម្រេចរក្សាការពារ ត្រូវផ្តល់ការអនុញ្ញាតតាមការស្នើសុំខាងលើនេះលុះត្រាណាអ្នកទិញបានបញ្ជាក់ហេតុដ៏ត្រឹមត្រូវ តាមរយៈការធ្វើសេចក្តីប្រកាស ដែលមានទម្រង់ជាក់លាក់ក្រោមការទទួលខុលត្រូវផ្ទាល់ខ្លួន ហើយត្រូវកំណត់ទុកថាពុំមានម្ចាស់បំណុលដែលប្តឹងទាស់ផ្សេងៗទៀតក្រៅពីម្ចាស់បំណុល ដែលបានប្តឹងហើយនោះទេ។ ដោយអនុវត្តដីកាកិច្ចការប្រញាប់ (ដីកាសម្រេចរក្សាការពារ) អ្នកទិញមិនត្រូវរួចខ្លួនពីការទទួលខុសត្រូវសងបំណុលរបស់ម្ចាស់បំណុលផ្សេងទៀត ដោយអាចមានមុនពេលចេញដីកាសម្រេចនោះបានដាក់ពាក្យសុំ និងតម្កល់ប្រាតិភោគ តាមឆន្ទៈ ឬឆន្ទានុសិទិ្ធរបស់ខ្លួន។
៤. ការផ្ទេរកម្មសិទ្ធិ
មូលនីធិពាណិជ្ជកម្មគឺ ជាកម្មវត្ថុមួយចំនួនទាំងមូល ជាសកលភាពមួយដែលជាកម្មវត្ថុនៃកម្មសិទិ្ធ ជាការសមហេតុផលណាស់ដែលថាកិច្ចសន្យាលក់តែម្យ៉ាងគួរណាស់តែ គ្រប់គ្រាន់ ដើម្បីផ្ទេរនូវកម្មសិទ្ធិនៃ សមាសធាតុទាំងអស់នៃមូលនីធិពាណិជ្ជកម្ម។ ប៉ុន្តែតាមការពិតអ្វីៗទាំងអស់មិនងាយស្រួលដល់ថ្នាក់នេះទេ ច្បាប់ពុំហានទាញយកនូវរាល់ផលវិបាកសព្វបែបយ៉ាងពីសកលភាពនៃនីតិនេះទេ ពោលគឺច្បាប់ទាញយកតែវិធានពិសេសៗទាំងឡាយនៃការផ្ទេរសមាសធាតុមួយចំនួន ត្រូវតែប្រព្រឹត្តតាមផងដែរ និងការលក់បង្កឱ្យមានយ៉ាងប្រាកដនៃការផ្ទេរកម្មសិទ្ធិនៃកម្មវត្ថុទាំងអស់ មានន័យថាផ្ទេរកម្មសិទ្ធិនៃអរូបទ្រព្យដែលជាមួលនីធិពាណិជ្ជកម្ម។ ដោយហេតុថាការលក់មូលនីធិពាណិជ្ជកម្ម គឺជាកិច្ចសន្យាព្រមព្រៀងពុំមានជាកិច្ចសន្យាឱឡារឹកទេ ការផ្ទេរកម្មសិទ្ធិត្រូវបានប្រព្រឹត្តទៅរវាងគូភាគីទាំងសងខាង ចាប់ពីពេលដែលសហភាគីបានព្រមព្រៀងគ្នានូវវត្ថុ និងថ្លៃនៃវត្ថុនោះ ហើយការលក់នេះអាចយកទៅជំទាស់ជាមួយតតិយជននោះបានដែរ ប៉ុន្តែមានករណីពិសេសពីរយ៉ាងដែលគូសបញ្ជាក់គឺ៖
ការផ្ទេរនៃធាតុមួយចំនួននូវមូលនីធិពាណិជ្ជកម្មដើម្បីអាចជំទាស់បានជាមួយតតិយជនតម្រូវឱ្យមានបែបបទមួយចំនួនដែលពិសេសសម្រាប់ធាតុទាំងនេះដូចជា ករណីផ្ទេរសិទ្ធិកម្មសិទ្ធិឧស្សាហកម្មជាដើម។ ដើម្បីអាចជំទាស់បានមួយតតិយជន ការធ្វើអនុប្បទានម៉ាក និងប្រកាសនីយបត្រត្រូវតែមានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម។ កាលដែលទ្រព្យទាំងនេះរាប់បញ្ជួនទៅក្នុងមូលនីធិពាណិជ្ជកម្មពុំអាចលើកលែងការប្រត្តិបត្តិនៃបែបបទពិសេសនេះទេ។ សិទ្ធិកម្មសិទ្ធិឧស្សាហកម្មរក្សានូវឯកត្តភាពមួយយ៉ាងជាក់លាក់នៅក្នុងមូលនីធិពាណិជ្ជកម្មនេះ ដូចគ្នាដែរការផ្ទេរកម្មសិទ្ធិនៃរូបធាតុដើម្បីឱ្យជំទាស់ជាមួយតតិយជនចាំបាច់ត្រូវប្រគល់ដល់ដៃអ្នកទិញ។ ជាចុងក្រោយសិទ្ធិភតិសន្យាអាចជំទាស់ជាមួយនឹងភតិបតីបានចាប់ពីពេលជូនដំណឹងអំពីការលក់មូលនីធិនេះដល់ភតិបតី។
៥. កាតព្វកិច្ចរបស់គូភាគី
នៅពេលដែលមានការផ្ទេរកម្មសិទ្ធិទៅលើវត្ថុ ឬទៅលើមូលនីធិពាណិជ្ជកម្មតាមរយៈការលក់មូលនីធិពាណិជ្ជកម្ម ដែលដូចជាពាណិជ្ជកិច្ចធ្វើឡើងដោយពាណិជ្ជករ តាមរយៈកិច្ចសន្យាពាណិជ្ជកម្ម គឺជាបុព្វហេតុបណ្តាលឱ្យមានការផ្ទេរកម្មសិទ្ធិ ដែលជាសភាវៈគតិយុត្តនៃអំពើនោះ និងបង្កើតឱ្យភាពគីទាំងសងខាងនូវកាតព្វកិច្ច ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចសន្យា ឬខចែងណាមួយ ដូច្នេះនាំឱ្យមានកាតព្វកិច្ចរបស់អ្នកលក់(៥.១) និងកាតព្វកិច្ចរបស់អ្នកទិញ(៥.២)។
៥.១. កាតព្វកិច្ចរបស់អ្នកលក់
ការប្រគល់មូលនីធិពាណិជ្ជកម្ម៖ អ្នកលក់ត្រូវប្រគល់ធាតុទាំងឡាយនៃមូលនីធិពាណិជ្ជកម្មដល់អ្នកទិញ និងបង្ហាញណែនាំដល់អតិថិតា ប៉ុន្តែការប្រគល់ដល់ដៃនៃមូលនីធិពាណិជ្ជកម្មនេះត្រូវឋិតនៅឯករាជ្យពីការផ្ទេរកម្មសិទ្ធិនៃមូលនីធិដែលធ្វើឡើងរវាងគូភាគី និងចំពោះតតិយជនចាប់ពីពេលចុះកិច្ចសន្យាដោយគ្មានបែបបទអ្វីទាំងអស់ ដោយហតុថា មូលនីធិពាណិជ្ជកម្មជាចលនវត្ថុអរូបិយ។ ប៉ុន្តែសមាសធាតុនីមួយៗនៃតួនាទីការផ្ទេរកម្មសិទ្ធិអាចយកទៅជំទាស់ជាមួយតតិយជនបាន អាចតាំងជាមួយតតិយជនបានលុះត្រាតែ បានគោរពទៅតាមវិធានពិសេសចំពោះធាតុទាំងនេះ។ ចំពោះសម្ភារៈ និងទំនិញចាំបាច់ត្រូវតែប្រគល់ដល់ដៃ ចំពោះសិទ្ធិភតិសន្យាចាំបាច់ត្រូវជូនដំណឹង ដល់ភតិសន្យា ឬការព្រមព្រៀងពីភតិសន្យាបតីចំពោះប្រកាសនីយបត្រ ឬក៏ម៉ាកត្រូវតែមានការចុះបញ្ជីរបស់ក្រសួងដែលមានសមត្ថកិច្ច។
ការធានាចំពោះវិការៈនៃវត្ថុ៖ ក្រៅពីការធានាចំពោះវិការៈដែលឋិតនៅក្រោមនីតិរួមនៃការលក់អ្នកលក់ត្រូវធានាចំពោះអ្នកទិញនូវភាពពិតប្រាកដ នៃនិន្ទេសទាំងឡាយដែលមានបញ្ជូលនៅក្នុងលិខិតលក់ (អតិភាពនៃអតិថិតា)។ នៅក្នុងករណីដែលមិនមានភាពពិតប្រាកដ (អតិថិតាមានតិចជាងការរៀបរាប់ក្នុងលិខិត) អ្នកទិញអាចប្តឹងសុំរំលាយការលក់ និងអាចសុំបន្ថយថ្លៃលក់ឱ្យតែមានភស្តុតាងច្បាស់លាស់ថាមិនពិតប្រាកដ នេះបានបង្ករឱ្យអ្នកទិញមានការភន្តច្រលំលើតម្លៃនៃមូលនីធិពាណិជ្ជកម្ម។
ការធានាចំពោះការរំខាន និងការដកហូត៖ អនុលោមតាមនីតិរួម អ្នកលក់ត្រូវធានាចំពោះអ្នកទិញនូវការរំខានតាមផ្លូវច្បាប់ពីសំណាក់តតិយជនដូចជា ការប្តឹងទាមទារមូលនីធិ ព្រមទាំងការរំខានតាមផ្លូវច្បាប់ ឬរំខានអំពីអ្វីផ្សេងទៀតដែលកើតចេញពីអ្នកលក់ខ្លួនឯងផ្ទាល់។
ម្យ៉ាងទៀតការធានានេះហាមឃាត់អ្នកលក់ មិនឱ្យបើកធ្វើពាណិជ្ជកម្មដូចដើមហើយយកអតិថិតាដែលខ្លួនបានលក់នោះទេ។ កាតព្វកិច្ចមិនបង្កើតគ្រឹះស្ថានឡើងវិញនេះជាទូទៅត្រូវបានកំណត់ទុកនៅក្នុងខសន្យាមួយ ឬក្នុងលិខិតលក់ដែលអាចមានសុពលភាព លុះត្រាណាការហាមឃាត់នេះកំរិតនៅក្នុងសកម្មភាពមួយចំនួនក្នុងរយៈពេលកំណត់មួយ និងនៅក្នុងកន្លែងជាក់លាក់មួយ។ ប្រសិនបើកាតព្វកិច្ចនេះមិនត្រូវបានកំណត់ច្បាស់លាស់ ពោលគឺមានលក្ខណៈទូទៅវិញ កាតព្វកិច្ចនេះនឹងផ្ទុយទៅនឹងសេរីភាពក្នុងការប្រកបរបរពាណិជ្ជកម្ម។ អ្នកលក់មិនត្រូវបង្កើតគ្រឹះស្ថានឡើងវិញដោយបែបផ្ទាល់ខ្លួន ឬខ្ចីឈ្មោះគេប្រើដូចជាយកឈ្មោះសហព័ន្ធរបស់ខ្លួនជាដើម ដូចគ្នាដែរ អ្នកលក់មិនត្រូវបំរើប្រយោជន៍របស់គូប្រជែងរបស់អ្នកទិញទេ។ ឥណទេយ្យនៃការមិនប្រកួតប្រជែងក៏ជាធាតុមួយនៃមូលនីធិពាណិជ្ជកម្មដែរ ព្រោះឥណទេយ្យនេះជាការបង្ហាញអតិថិតានៃមូលនីធិនេះ ហើយឥណទេយ្យនេះត្រុវផ្ទេរដោយស្វ័យប្រវត្តិជាមួយមូលនីធិពាណិជ្ជកម្មនេះ ធ្វើយ៉ាងណាឱ្យអ្នកទិញជាបន្តបន្ទាប់ អ្នកលើកមកសំអាងនៅចំពោះអ្នកលក់ដែលជាម្ចាស់ដើម។ ដូច្នេះ អ្នកលក់ត្រូវគោរពកាតព្វកិច្ចមិនបង្កើតគ្រឹះស្ថានឡើងវិញទាំងចំពោះអ្នកទិញដែលជា គូភាគីសន្យារបស់ខ្លួនផង និងចំពោះអ្នកទិញបន្ត ប្រសិនបើអ្នកលក់បំពានកាតព្វកិច្ចនេះ គឺនឹងផ្តន្ទាទោសឱ្យបញ្ឈប់សកម្មភាព និងបង់ប្រាក់សោហ៊ុយជម្ងឺចិត្ត ហើយការរំលាយកិច្ចសន្យាក៏អាចប្តឹងទាមទារដោយអ្នកទិញផង។
៥.២. កាតព្វកិច្ចរបស់អ្នកទិញ
កាតព្វកិច្ចជាសារវន្តរបស់អ្នកទិញ គឺត្រូវបង់ថ្លៃ និងការចំណាយបន្តបន្សំផ្សេងៗទៀតដូចជា សិទិ្ធចុះហលេខាចរិកជាដើម។ ជាទូទៅអ្នកលក់ផ្តល់ជូនដល់អ្នកទិញនូវឥណទានមួយសម្រាប់ថ្លៃមួយចំណែកដែលនឹងត្រូវប្រគល់ឱ្យនៅពេលក្រោយដែលរាប់បញ្ជូលទាំងថ្លៃដើម និងការប្រាក់ផងដែរ។ ភាគីទាំងសងខាងអាចចុះកិច្ចសន្យាជួល ឬកិច្ចសន្យាលក់ដែលក្នុងនោះនូវការប្រគល់ប្រាកសាមសិប (ប្រាក់ប្រគល់តាមកំណត់) តំណាងឱ្យថ្លៃជួល និងថ្លៃលក់ផង ហើយកម្មសិទ្ធិលើមូលនីធិពាណិជ្ជកម្មអាចត្រូវ បានផ្ទេរជូនចំពោះអ្នកទិញនូវថ្លៃប្រគល់ប្រាក់ចុងក្រោយ។ ការជួល-លក់អាចមានសុពលភាពតែក្នុងករណីដែលគ្មានបំណងឆបោកប៉ុណ្ណោះ ដូចជាគ្មានបំណងឆបោកចំពោះម្ចាស់បំណុលរបស់អ្នកលក់ ឬអ្នកទិញ។
ការធានាចំពោះអ្នកលក់ដើម្បីធានា ការបង់ថ្លៃលក់មូលនីធិនីតិរដ្ឋប្បវេណីបានប្រគល់ជូនដល់អ្នកនូវបុព្វសិទ្ធិមួយ និងបណ្តឹងសុំរំលាយកិច្ចសន្យាលក់ (មាត្រា១០៧៥ ដល់១០៧៧ នៃក្រមរដ្ឋប្បវេណីឆ្នាំ ១៩៦៧) ប៉ុន្តែនៅក្នុងនីតិពាណិជ្ជកម្មការធានាទាំងនេះ ពុំអាចយកមកជំទាស់ជាមួយនឹងក្ស័យធនរបស់អ្នកទិញបានទេ ហើយអ្នកលក់ដែលពុំបានទទួលការបង់ថ្លៃគ្រប់គ្រាន់តែជាម្ចាស់បំណុលសាមញ្ញប៉ុណ្ណោះ ដែលទទួលប្រាក់បានតាមសមាមាត្រនៃប្រាក់សម្រាប់បែងចែក នៅពេលក្ស័យធន។ ដើម្បីឱ្យអ្នកលក់គេចផុតពីរបបគតិយុត្តតឹតតែងនេះ និងសម្រួលដល់ការលក់មូលនីធិពាណិជ្ជកម្មដោយមានឥណទាន ក្រមពាណិជ្ជកម្ម ១៩៥០ បានអនុញ្ញាតឱ្យអ្នកលក់យកនូវបុព្វសិទ្ធិ និងបណ្តឹងរំលាយកិច្ចសន្យារបស់ខ្លួនមកជំទាស់ជាមួយ និងក្ស័យធនរបស់អ្នកទិញតាមរយៈប្រព័ន្ធនៃការប្រកាសផ្សាយ។
បុព្វសិទ្ធិអ្នកលក់អាចកើតមានបាន លុះត្រាណាតែកាលក់នេះត្រូវបានធ្វើឡើងដោយចុះក្នុងលិខិតយថាភូត ឬលិខិតឯកជនដោយមានចុះបញ្ជីការហើយការចុះបញ្ជីនេះត្រូវធ្វើនៅក្រឡាបញ្ជីរបស់តុលាការពាណិជ្ជកម្ម នៃទីកន្លែងដែលមូលនីធិនេះធ្វើអាជីវកម្ម។ ការចុះបញ្ជីនេះត្រូវធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃចុះលិខិតលក់រួចមក។ បុព្វសិទ្ធិនេះមានចំពោះតែធាតុនៃមូលនីធិដែលបានរៀបរាប់នៅក្នុងកិច្ចសន្យាលក់ និងនៅក្នុងបញ្ជីប្រសិនបើគ្មានកំណត់ច្បាស់លាស់នោះទេ បុព្វសិទ្ធិនេះ គឺត្រូវស្ថិតនៅលើយីហោពាណិជ្ជនាម និងអតិថិតា។ ថ្លៃផ្សេងៗពីគ្នាត្រូវបានកំណត់ឡើងចំពោះអរូបធាតុនៃមូលនីធិ សម្ភារៈ ទំនិញ និងបុព្វសិទ្ធិអ្នកលក់ដែលធានាដោយថ្លៃទាំងនេះ ឬក៏ប្រាក់ដែលនៅជំពាក់នេះត្រូវយកទៅអនុវត្តដាច់ដោយឡែកពីគ្នាលើថ្លៃលក់នៃវត្ថុជាលំដាប់ ទំនិញ សម្ភារៈ និងអរូបធាតុនៃមូលនីធិ (មាត្រា៤៣៤ នៃក្រមពាណិជ្ជកម្ម១៩៥០)។
ប្រសិនបើថ្លៃលក់ត្រូវបង់ជាភាគ និងច្រើនដងនោះភាគីទាំងសងខាងមាសេរីភាពក្នុងការចាត់ទុកការបង់មួយផ្នែក ដែលជាប្រាក់សុទ្ធនៅពេលលក់មកលើធាតុណាមួយនៃមូលនីធិពាណិជ្ជកម្ម ប៉ុន្តែការបង់ដោយភាគ ជាបន្តបន្ទាប់ចាំបាច់ ត្រូវសន្មត់ថាបង់ចំពោះថ្លៃទិញបន្តមកទៀតលើផ្នែក សម្ភារៈ (មាត្រា៤៣៧ នៃក្រមពាណិជ្ជកម្ម ១៩៥០)។
បណ្តឹងរំលាយកិច្ចសន្យា អ្នកលក់ដែលមិនបានទទួលប្រាក់បង់ថ្លៃមានសិទ្ធិសុំឱ្យប្រកាសរំលាយកិច្ចសន្យាលក់ និងទទួលយកវិញនៅមូលនីធិនេះដោយត្រូវប្រគល់ប្រាក់ដែលខ្លួនបានទទួលយកមកឱ្យអ្នកទិញ ប៉ុន្តែបណ្តឹងនេះអាចយកទៅជំទាស់បានជាមួយតតិយជន ដូចជាអ្នកទិញជាបន្ទាប់នៃមូលនីធិនេះម្ចាស់បំណុលបានទទួលការបញ្ចាំលើមូលនីធិ ឬក្ស័យធនរបស់អ្នកទិញបានប្រសិនបើបណ្តឹងត្រូវបានបំរុងទុកយ៉ាងជាក់លាក់អំពីការចុះបុព្វសិទ្ធិ ប្រសិនបើបុព្វនេះមិនទាន់ផុតរលត់ទេ។ ម្ចាស់បំណុលដែលទទួលលើការបញ្ចាំមូលនីធិនេះ អាចគេចផុតពីកិច្ចសន្យាលក់ដោយសងប្រាក់ដល់អ្នកលក់ (មាត្រា៤៤០ នៃក្រមពាណិជ្ជកម្ម១៩៥០) និងនៅពេលរំលាយកិច្ចសន្យាលក់មូលនីធិពាណិជ្ជកម្មនាំឱ្យមូលនីធិនេះបង្វិលនៅម្ចាស់ដើមវិញ។
ខ. ការបញ្ចាំមូលនីធិពាណិជ្ជកម្ម
ប្រាតិភោគភណ្ឌិត ឬប្រាតិភោគប្រត្យក្ស ឬកំជាប់ដោយវត្ថុប្រគល់ជូនដល់ម្ចាស់បំណុលនៅកម្មសិទ្ធិលើទ្រព្យដោយឡែកមួយរបស់កូនបំណុល។ ប្រសិនបើម្ចាស់បំណុលមិនទទួលបានការសងប្រាក់ទេ ម្ចាស់បំណុលអាចទាមទារឱ្យលក់ទ្រព្យនេះដើម្បីសងថ្លៃបំណុលមុនម្ចាស់បំណុលនេះ និងទទួលបានប្រាក់សំណងដោយបុរិមា ពោលគឺទទួលការសងបំណុលមុនម្ចាស់បំណុលសាមញ្ញផ្សេងទៀត។ គេយល់ថា អ្នកផ្តល់ឥណទាន ដូចជាធនាគារឹកទាំងឡាយជាដើម នៅពេលដែលព្រមឱ្យប្រាក់ខ្ចីដល់ពាណិជ្ជករណាម្នាក់តែងតែសុំឱ្យបង្កើតជាប្រាតិភោគនេះឡើង។ ដោយហេតុថា មូលនីធិពាណិជ្ជកម្មជាញឹកញាប់ គឹជាទ្រព្យដែលមានសារៈសំខាន់តែមួយគត់របស់កូនបំណុលទើបគេត្រូវរៀបចំឱ្យមានប្រាតិភោគមួយដែលមានកម្មវត្ថុ គឺជាមូលនីធិពាណិជ្ជកម្មនេះ។
ប៉ុន្តែគេបានជួបប្រទះនូវការលំបាកមួយ គឺថានីតិរដ្ឋប្បវេណីប្រាតិភោគប្រត្យក្សតាមរដ្ឋប្បវេណីតាមរដ្ឋប្បវេណីត្រុវបានរៀបចំឡើងដោយរបៀបខុសគ្នាឆ្ងាយតែម្តង ទៅតាមប្រាតិភោគនោះត្រូវបានធ្វើឡើងលើចលនវត្ថុ ឬអចលនវត្ថុ។ ប្រាតិភោគអចលនវត្ថុដែលជាអ៊ីប៉ូតែកនោះត្រូវធ្វើការប្រកាសផ្សាយដោយលេខាចរិកនៅក្នុងបញ្ជីមួយ គឺការចុះបញ្ជីនេះហើយដែលនាំឱ្យតតិយជនជំទាស់លែងបាន ឬមិនអាចតតាំងបាន។ ប្រាតិភោគចលនវត្ថុ ដែលជាការបញ្ចាំចលនវត្ថុនេះជា គោលមិនតម្រូវឱ្យមានការចុះលេខាចរិកទេ ប៉ុន្តែទ្រព្យដែលត្រូវបានប្រគល់ទុកជា ការបញ្ចាំត្រូវប្រគល់ជូនដល់ម្ចាស់បំណុល ដែលជាអ្នករក្សាកាន់កាប់ទ្រព្យរហូតដល់ទទួលការសងបំណុល។
ប្រព័ន្ធនៃនីតិរដ្ឋប្បវេណីពុំមានលក្ខណៈស័ក្កសមជាមួយនឹងប្រាតិភោគលើមូលនីធិពាណិជ្ជកម្ម។ មូលនីធិពាណិជ្ជកម្មជាចលនវត្ថុ ប៉ុន្តែពាណិជ្ជករពុំអាចបោះបង់ចំពោះការកាន់កាប់មូលនីធិបានឡើយ ពីព្រោះថានេះជាចលនវត្ថុអរូបិយ។ គេផ្លាស់ត្រឡប់យន្តការនៃអ៊ីប៉ូតែក លើអចលនវត្ថុមកអនុវត្តចំពោះមូលនីធិពាណិជ្ជកម្មវិញ។ ជាចុងបញ្ចប់ ក្រមពាណិជ្ជកម្ម ១៩៥០ ក្រោមឈ្មោះថា “ការបញ្ចាំមូលនីធិពាណិជ្ជកម្មនូវអ៊ីប៉ូតែកចលនវត្ថុលើមូលនីធិពាណិជ្ជកម្ម”។
ឆ្លងកាត់នូវតំណាក់កាលទាំងនេះ ការបញ្ចាំងមូលនីធិពាណិជ្ជកម្មត្រូវធ្វើឡើងតាមរយៈការបង្កើតកិច្ចសន្យាបញ្ចាំមូលនីធិពាណិជ្ជកម្មដែលធើ្វការបកស្រាយអំពីលក្ខខណ្ឌនៃការលក់ និងសិទ្ធិរបស់ម្ចាស់បំណុលដែលបានចុះបញ្ជីដោយលើកឡើងអំពីបុព្វសិទ្ធិ និងការតតាំងជាមួយតតិយជន តាមរយៈការធ្វើលេខាចរិកនៃរឹមទំព័រ ដែលជាបន្ទុកបញ្ជាក់អំពីការបញ្ចាំសម្រាប់បង្កើតឱ្យមានសិទ្ធិប្រត្យក្ស នៅពេលម្ចាស់មូលនីធិនេះលក់មូលនីធិទៅឱ្យអ្នកផ្សេង។
១. ការបង្កើតកិច្ចសន្យាបញ្ចាំមូលនីធិពាណិជ្ជកម្ម
សមាសធាតុដែលអាចបញ្ចាំបាន៖ ម្ចាស់បំណុលដែលជាអ្នកផ្តល់ឥណទានស្នើសុំទៅកូនបំណុលឱ្យយល់ព្រមធ្វើការបញ្ចាំលើមូលនីធិពាណិជ្ជកម្មដែលខ្លួនធ្វើជាកម្មសិទ្ធិករ។ តាមរយៈបច្ចេកទេសការបញ្ចាំមូលនីធិត្រូវបានរៀបចំឡើងដូចជាអ៊ីប៉ូតែកដែរ។
ការបញ្ចាំនេះ តតិយជនជំទាស់លែងបានដោយសារតែការចុះបញ្ជី ប៉ុន្តែកម្មសិទ្ធិករពុំមានកាតព្វកិច្ចបោះបង់មូលនីធិនេះទេ មានន័យថាអាចបន្តធ្វើអាជីវកម្មតទៅទៀត។
កម្មវត្ថុនៃការបញ្ចាំមូលនីធិពាណិជ្ជកម្ម អាចធ្វើទៅបានតែចំពោះសមាសធាតុដូចតទៅនេះប៉ុណ្ណោះ៖
ប៉ុន្តែការបញ្ចាំមិនអាចធ្វើឡើងចំពោះសម្ភារៈបានទេ នៅពេលដែលសម្ភារៈទាំងនោះ គឺជាអចលនវត្ថុតាមភ័ព្វវាសនាដូចជា ត្រូវបានភា្ជប់ទៅនឹងអចលនវត្ថុដោយកម្មសិទ្ធិ ឬភ្ជាប់ជានិច្ចនៅនឹងទីស្នាក់ាការអចិន្ត្រៃយ៍។
ជានិច្ចជាកាលទំនិញពុំដែលរាប់បញ្ជូលទៅក្នុងការបញ្ចាំនេះទេ ដោយមានមូលហេតុមកពីទំនិញទាំងនេះ មានតម្លៃមិនស្ថិតស្ថេរ ពោលគឺពាណិជ្ជករអាចលក់ទំនិញនេះបានគ្រប់ពេលវេលាហើយមិនអាចទិញចូលក្នុងសន្និធិ តែទោះជាយ៉ាងណាក៏ដោយ ក៏សិទ្ធិបន្តរបស់ម្ចាស់បំណុលមានបញ្ចាំត្រុវបានបង្ខាំដោយស៊ីសង្វាក់ជាមួយមាត្រា៦៩៤ នៃក្រមរដ្ឋប្បវេណី ១៩២០ ដែលហាមឃាតការទាមទារកម្មសិទ្ធិលើចលនវត្ថុពីភាគីសុច្ចរិត។ ដើម្បីបដិសេធទំនិញមិនរាប់បញ្ជូលក្នុងកិច្ចសន្យាបញ្ចាំ ក្រមពាណិជ្ជកម្ម១៩៥០ បានសម្តែងថាថ្លៃទំនិញទាំងនោះត្រូវបែងចែកទៅតាម ចំនែកនៃបំណុលរវាងម្ចាស់បំណុលសាមញ្ញក្នុងករណីក្ស័យធនរបស់ពាណិជ្ជករ ដែលតាមរយៈនេះការបញ្ចាំតែងតែបង្កើតសិទ្ធិ ដែលជាប្រភេទសិទ្ធិប្រត្យក្ស សម្រាប់ឱ្យបុគ្គលនោះ តតាំងជាមួយតតិយជន និងមានអនុភាពតាមវត្ថុរហូត ទោះបីជាបានផ្ទេរទៅឱ្យ បុគ្គលផ្សេងក៏ដោយលើកលែងតែ ម្ចាស់សិទ្ធិលើការបញ្ចាំមិនបានចុះបញ្ជីទៅតាមលក្ខខណ្ឌនៃការលក់។
ទម្រង់នៃកិច្ចសន្យា៖ កិច្ចសន្យាមូលនីធិបញ្ចាំមូលនីធិពាណិជ្ជកម្មត្រូវតែធ្វើឡើងដោយលិខិតយថាភូត ឬលិខិតឯកជន និងត្រូវចុះបញ្ជីយ៉ាងត្រឹមត្រូវនូវបុព្វសិទ្ធិដែលមានវត្ថុពីកិច្ចសន្យាបញ្ចាំនេះកើតមានឡើងនៅពេលយកលិខិតកិច្ចសន្យាទៅចុះបញ្ជីសាធារណៈមួយដែលកាន់កាប់ ដោយក្រឡាបញ្ជីនៃតុលាការពាណិជ្ជកម្ម នៃទីកន្លែងដែលមូលនីធិនេះបានធ្វើអាជីវកម្ម។ ក្នុងការបញ្ចាំមានរាប់បញ្ជូលសាខានៃមូលនីធិនេះ ទម្រង់បែបបទនេះ ត្រូវបំពេញផងដែរ នៅក្រឡាបញ្ជីនៃតុលាការពាណិជ្ជកម្មនៃទីកន្លែងដែលសាខានេះតាំងនៅ និងការចុះបញ្ជីត្រូវតែធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីពេលតាក់តែងលិខិតកិច្ចសន្យា បើមិនដូច្នោះទេកិច្ចសន្យានេះត្រូវចាត់ទុកជាមោឃៈ។ ក្នុងករណីក្ស័យធន ឬជម្រះបញ្ជីវិធានស្តីពីការបញ្ឈប់ការបង់ប្រាក់ត្រូវយកទៅអនុវត្តចំពោះមូលនីធិពាណិជ្ជកម្មនេះផងដែរ។
២. សិទ្ធិរបស់ម្ចាស់បំណុលដែលបានចុះបញ្ជី
ជាគោលការណ៍ ខុសពីបុព្វសិទ្ធិរបស់អ្នកលក់ការបញ្ចាំធានាដោយអវិភាគនៃឥណទេយ្យទាំងស្រុងដោយសមាសធាតុទាំងអស់របស់មូលនីធិដែលដាក់បញ្ចាំនោះ។ លំដាប់នៃម្ចាស់បំណុលដែលមានបញ្ចាំទាំងឡាយត្រូវបានកំណត់នៅកាលបរិច្ឆេទនៃការចុះបញ្ជី។ ដើមបំណុលទាំងឡាយណាដែលចុះបញ្ជីនៅថ្ងៃជាមួយគ្នានឹងត្រូវទទួលបានលំដាប់ស្មើគ្នា។ ការចុះបញ្ជីធានាចំពោះការប្រាក់ចំនួន ២ឆ្នាំ ក្នុងលំដាប់ស្មើនឹងប្រាក់ដើម។ ការចុះបញ្ជីនេះត្រូវធ្វើឡើងសារជាថ្មីនៅរៀងរាល់ ១០ឆ្នាំម្តង។ ការចុះបញ្ជីអាចលុបចេញវិញបាន ឬមួយដោយការព្រមព្រៀងរវាងភាគីដែលពាក់ព័ន្ធ និងដែលមានសមាសធាតុចំពោះកិច្ចសន្យានេះនៅចំពោះមុខក្រឡាបញ្ជីនៃតុលាការពាណិជ្ជកម្ម ឬមួយដោយសាលក្រមរបស់តុលាការពាណិជ្ជកម្មដែលមានអាជ្ញាអស់ជំនុំ។
ការលក់ដោយបង្ខំនូវនីធិពាណិជ្ជកម្ម៖ ៨ថ្ងៃក្រោយចេញដីកាបង្ខំឱ្យសងប្រាក់ហើយនៅតែមិនបានសង ម្ចាស់បំណុលដែលបានចុះបញ្ជី ម្ចាស់បំណុលផ្សេងៗទៀត ឬម្ចាស់បំណុលដែលមានកិច្ចសន្យាបញ្ចាំអាចប្តឹងមកតុលាការពាណិជ្ជកម្មឱ្យដាក់លក់មូលនីធិនេះដោយបង្ខំ។ ការលក់នេះត្រូវធ្វើឡើងដោយស្នងការលក់ដេញថ្លៃ ឬដោយសារការី ឬដោយអាជ្ញាសាលាដែលតែងតាំងដោយតុលាការ។
សេចក្តីសន្និដ្ឋាន
និយាយជារួមនៅពេលធ្វើការសិក្សាអំពីមូលនីធិពាណិជ្ជកម្ម គេលើកឡើង អំពីសញ្ញាណទូទៅនៃមូលនីធិពាណិជ្ជកម្ម(I) , ប្រតិបត្តិការគតិយុត្តលើមូលនិធិពាណិជ្ជកម្ម(II)។ នៅក្នុងសញ្ញាណទូទៅនៃមូលនីធិពាណិជ្ជកម្ម គឺលើកឡើងអំពីអត្ថន័យ គោលបំណងនៃការការពារ និងផលវិបាកគតិយុត្តដែលសំដៅថា មូលនីធិពាណិជ្ជកម្មមិនមែនជាអចលនវត្ថុ និងចលនវត្ថុ។ មូលនីធិពាណិជ្ជកម្មកកើតពីបណ្តុំនៃទ្រព្យ មូលនីធិពាណិជ្ជកម្ម មានលក្ខណៈជាសកលភាពនីយកម្ម និងមូលនីធិពាណិជ្ជកម្មគ្មានបុគ្គលភាពគតិយុត្តនោះទេ។ ចំណែកឯសមាសភាពនៃមូលនីធិពាណិជ្ជកម្ម គឺលើកឡើងអំពីបណ្តុំនៃទ្រព្យដែលកើតចេញពីអតិថិតា ពាណិជ្ជនាម កម្មសិទ្ធិឧស្សាហកម្ម ម៉ាក និងសិទ្ធិភតិសន្យា និងបង្ហាញពីចរិគតិយុត្តនៃមូលនីធិពាណិជ្ជកម្ម ដែលលើកឡើងអំពីលក្ខណៈជាសកលភាព និងលក្ខណៈជាចលនទ្រព្យ និងជាអរូបទ្រព្យ។ ម្យ៉ាងវិញទៀត ការលក់មូលនីធិពាណិជ្ជកម្មគឺ លើកឡើងអំពីលក្ខខណ្ឌនៃការលក់ និងអានុភាពនៃការលក់មូលនីធិពាណិជ្ជកម្មដែលតាមរយៈនេះលក្ខខណ្ឌ នៃការលក់នេះតម្រូវឱ្យគោរព លក្ខខណ្ឌគ្រឹះ លក្ខខណ្ឌទម្រង់ និងលក្ខខណ្ឌនៃការប្រកាសផ្សាយជាសាធារណៈ និងអានុភាពនៃការលក់មូលនីធិពាណិជ្ជកម្មស្តែងឡើងតាមរយៈ ការផ្ទេរកម្មសិទ្ធិ និងការបង្កើតឱ្យមានកាតព្វកិច្ចរបស់អ្នកលក់ និងកាតព្វកិច្ចរបស់អ្នកទិញ។ លើសពីនេះទៅទៀត ការបញ្ចាំមូលនីធិពាណិជ្ជកម្មចង្អុលបង្ហាញពីការបង្កើតកិច្ចសន្យាបញ្ចាំមូលនីធិពាណិជ្ជកម្ម និងសិទ្ធិរបស់ម្ចាស់បំណុលដែលបានចុះបញ្ជីដែលតាមរយៈនេះ នៅក្នុងការបង្កើតកិច្ចសន្យាបញ្ចាំមូលនីធិពាណិជ្ជកម្ម គឺបរិយាយអំពីលក្ខខណ្ឌនៃការបញ្ចាំ កម្មវត្ថុនៃការបញ្ចាំ និងទម្រង់នៃកិច្ចសន្យាបញ្ចាំមូលនីធិពាណិជ្ជកម្ម ហើយសិទ្ធិរបស់ម្ចាស់បំណុល គឺជាគោលការណ៍នៃបុព្វសិទ្ធិរបស់ម្ចាស់បំណុល ដែលជាប្រភេទនៃសិទ្ធិប្រត្យក្សសម្រាប់តតាំងជាមួយតតិយជន ទោះបីជាវត្ថុនោះទៅដល់ទីណាក៏ដោយ ព្រោះសិទ្ធិនេះ គឺចងភ្ជាប់វត្ថុនោះ។
ឯកសារយោង និងពិគ្រោះ
I wonder if you have this document in English?
ReplyDeleteDear Keodavutha,
DeleteThis is a research paper which is prepared by my team in Khmer Version only. But if I found References Document in English, I will post here, blog.
Any Inquires please let me know.
Thanks,
Thank u so much for ur share!
ReplyDelete