Tuesday, February 1, 2011

General Provision of Criminal Code

                                                                                  គោលការណ៍ទូទៅនៃនីតិព្រហ្មទណ្ឌ

សេចក្តីផ្តើម
            ជាទូទៅប្រទេស ឬរដ្ឋណាក៏ដោយមិនថាប្រកាន់យករបបនយោបាយណាមួយនោះទេ។ ទោះបី​ប្រទេស​សេរីនិយម ឬក៏ប្រទេសសង្គមនិយមក៏ដោយ ដើម្បីនាធាឲ្យបាននូវសន្តិសុខ​សណ្តាប់ធ្នាប់​របៀប​រៀប​រយសង្គម ឲ្យបានល្អនោះគេទាមទារឲ្យមាននីតិសំរាប់គ្រប់គ្រង ហើយនីតិដែលដើរតួចំបងក្នុ​ង​ការរៀប​ចំរៀបរយសណ្តាប់ធ្នាប់សង្គមនោះ គឺ “នីតិព្រហ្មទណ្ឌ”។
I.និមយន័យ
            នីតិព្រហ្មទណ្ឌ គឺជានីតិមួយប្រភេទ ដែលប្រទេសនានាមិនអាចខ្វះបានទ្បើយ ទោះបីជា​ប្រទេស​នោះមានបូរណភាពដែនដីទូលំទូលាយក្តី ឬតូចតាចក្តី។ នីតិព្រហ្មទណ្ឌ រួមចំណែក​បង្ករ​ឲ្យមាន​ស្ថាន​ភាពអំណោយផលនានា ដើម្បីធានាទំនាក់ទំនងសង្គមឲ្យមានការរីកចំរើន​ព្រមទាំងការពារ​រាល់​ទំនាក់ទំនង​​ទាំងនេះឲ្យរួចផុត ពីភាពមហន្តរាយ និងភាព​អនាធិបតេយ្យ​ដែលបង្ក​ទ្បើងដោយ​ជនល្មើស។
ទំនាក់ទំនងដែលនីតិព្រហ្មទណ្ឌបានការពារនោះគឺសិទ្ធិ និងការតព្វកិច្ចស្របច្បាប់​របស់ប្រជា​ពលរដ្ឋ។
            នីតិព្រហ្មទណ្ឌជាផ្នែកមួយនៃនីតិ វាចងក្រងរាល់បទបញ្ញាត្តិ និងវិធាននានាក្នុងគោលបំណង៖
            នីតិព្រហ្មទណ្ឌ ជាសំណុំវិធានទាំងទ្បាយណា ដែលតំរងទិសទៅរកការផ្តន្ទាទោស ជនល្មើស​ចំពោះ​អំពើដែលបង្ករគ្រោះថ្នាក់ដល់សង្គម។ គេអាចឲ្យនិមយន័យម្យ៉ាងទៀតថា ជាសំណុំ​វិធាន​ទាំងទ្បាយដែលកំណត់អំពីទោស និងបទល្មើស។ ហើយគេអាចហៅបានម្យ៉ាងទៀតថា នីតិព្រហ្មទណ្ឌ គឺឈរលើមូលដ្ឋាន នៃការកំណត់បទល្មើស មានន័យថា នៅពេលបំពារបំពានធ្ងន់ធ្ងរ ចំពោះ​នីតិព្រហ្មទណ្ឌនេះ ទោសធ្ងន់ជាងគេគឺ ទោសឧក្រិដ្ឋ។
II. ប្រភេទនៃនីតិព្រហ្មទណ្ឌ
            ជាទូទៅនីតិត្រូវបានគេចែកជាពីរ ផ្នែកធំៗ គឺ៖
            ១. នីតិសាធារណៈ
            ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីដំណើរការប្រព្រឹត្ត របស់រដ្ឋ ព្រមទាំងកំណត់អំពី​ទំនាក់​ទំនងរវាងរដ្ឋ ជាមួយភ្នាក់ងាររដ្ឋ និងកំណត់អំពីទំនាក់ទំនងរវាងរដ្ឋ ជាមួយនឹងបុគ្គល​ឯកជន​ផងដែរ។
            តាមនិយមន័យខាងលើ យើងអាចកំណត់បានថា ក្នុងទំនាក់ទំនងនៃនីតិសាធារណៈ​នេះដាច់​ខាត​ត្រូវមានភាគីម្ខាងជារដ្ឋ។ នីតិសាធារណៈនេះត្រូវបានគេបែងចែក ជានីតិផ្សេងៗទៀតដូចតទៅ៖
            ក. នីតិរដ្ឋធម្មនុញ្ញ
             ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីដំណើរការប្រព្រឹត្តទៅនៃអង្គការរដ្ឋ។ ឧទាហរណ៍ៈ ដំណើរការប្រព្រឹត្តទៅនៃរដ្ឋាភិបាល ,ដំណើរការប្រព្រឹត្តទៅរបស់ព្រឺទ្ធសភា របស់រដ្ឋសភា និងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
            ខ. នីតិរដ្ឋបាល
            ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីការប្រព្រឹត្តទៅរបស់រាជការ និងកំណត់អំពីទំនាក់​ទំនង​រវាងរាជការ ជាមួយអ្នកនៅក្រោមឱវាទ ឬអ្នកដែលត្រូវគេគ្រប់គ្រង។ ឧទាហរណ៍ៈ ក្រសួង​គ្រងគ្រង​លើការងាររបស់មន្ត្រីរាជការនៅក្រោមខ្សែបណ្តោយរបស់ខ្លួន ,​នាយករដ្ឋមន្ត្រីគ្រប់គ្រង​ការងារ​របស់​ក្រសួងនានា ។ល។
            គ. នីតិព្រហ្មទណ្ឌ
            ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីការដាក់ទោសទណ្ឌ ចំពោះអ្នកមិនគោរ​ព​ច្បាប់​នេះ។ ឧទាហរណ៍ៈ ជនសំលាប់គេ ត្រូវដាក់ពន្ធនាគារ , ជនដែលមិនគោរពច្បាប់ចរាចរណ៍ ត្រូវបាន​ផាកពិន័យ។
            ឃ. នីតិសារពើពន្ធ
            ជាសំណុំវិធានទាំងទ្បាយណាដែលទាក់ទងទៅនឹងការកំណត់ និងទាក់ទងទៅនឹង​ការប្រមូល​ពន្ធ។ ឧទាហរណ៍ៈ ការបង់ពន្ធដារ , ពន្ធលើប្រាក់ចំណេញ.........។
            ២. នីតិ​ឯកជន
            ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងឯកជន និងឯកជន។
            តាមន័យខាងលើនេះយើងអាចសន្និដ្ឋានបានថានៅក្នុងនីតិ​ឯកជននេះភាគីទាំងសងខាង សុទ្ធ​សឹង​​តែជា បុគ្គលឯកជនទាំងអស់ គ្មានភាគីណាមួយជាស្ថាប័នរដ្ឋទ្បើយ។ នីតិ​ឯកជននេះត្រូវបាន​បែង​ចែក​ជាច្រើនប្រភេទផ្សេងៗគ្នាដូចតទៅ៖
            ក. នីតិរដ្ឋប្បវេណី
            ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងឯកជន និងឯកជនផងគ្នា។ ឧទាហរណ៍ៈ ការទិញលក់ , ការរៀបអាពាហ៍ពិពាហ៍ , ការខ្ចីបំណុល.........។
            ខ. នីតិពាណិជ្ជកម្ម
            ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងពាណិជ្ជករ និងពាណិជ្ជករ។ ឧទាហរណ៍ៈ ការលក់ដូររវាងក្រុមហ៊ុនមួយជាមួយ ក្រុមហ៊ុនមួយទៀត ការលក់មូលនិធិពាណិជកម្ម។
            គ. នីតិការងារ
            ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងនិយោជក “អ្នកគ្រប់គ្រង”  និង​និយោជិក “អ្នកស៊ីប្រាក់ខែ”។
            ឃ. នីតិសន្តិសុខសង្គម ឬនីតិសង្គមកិច្ច
            ជាសំណុំវិធានទាំងទ្បាយណាដែលកំណត់អំពីទំនាក់ទំនងរវាងសន្តិសុខសង្គម ជាមួយអ្នកដែល​ត្រូវ​គេរ៉ាប់រង។ ឧទាហរណ៍ៈ គ្រោះថ្នាក់ការងារ , អ្នកដែលធ្វើការនៅកន្លែង​ដែលប៉ះពាល់​ដល់​សុខភាព............។
            តាមប្រព័ន្ធនីតិខាងលើ យើងសង្កេតឃើញថា នីតិព្រហ្មទណ្ឌស្ថិតនៅក្នុងចង្កោម នៃ​នីតិសាធារណៈ នេះជាទស្សនៈបែបចាស់បុរាណ ប៉ុន្តែបើផ្អែកលើទស្សនៈ​ បែបថ្មីគេមិន​ត្រឹមតែ​ចាត់ទុក​នីតិព្រហ្មទណ្ឌ ក្នុងចង្កោមនៃនីតិសាធារណៈប៉ុណ្ណោះទេ គេក៏ចាត់ទុកវា​ស្ថិតនៅក្នុងនីតិឯកជនផងដែរ។ តទៅនេះ គេចាត់ទុកនីតិព្រហ្មទណ្ឌស្ថិតក្នុងចង្កោមនៃនីតិចំរុះ ពោសគឺនីតិព្រហ្មទណ្ឌស្ថិត​នៅចន្លោះ​នីតិសាធារណៈ និងនីតិឯកជន ពីព្រោះវាមានភារកិច្ចការពារសណ្ដាប់ធ្នាប់សង្គម ដោយផ្តន្ទាទោសជន​ល្មើស​ផង និងត្រូវគោរពសិទ្ធិសេរីភាពរបស់បុគ្គលផងដែរ។

                                                                                                                                    
​ការថ្លឹងឲ្យស្មើរវាងផលប្រយោជន៍ទាំងសងខាង គឺផលប្រយោជន៍របស់រដ្ឋ ឬជាមួយផលប្រយោជន៍​របស់ប្រជាពលរដ្ឋ ឬបុគ្គលជាជនល្មើស។
III. មែកធាងនៃនីតិព្រហ្មទណ្ឌ
នីតិព្រហ្មទណ្ឌត្រូវបានចែកជា៣ សណ្ឋាន៖
១. នីតិព្រហ្មទណ្ឌទូទៅៈ ចែងអំពីគោលការណ៍ទូទៅ​​​​​​​​​​​​​​​​ដើម្បីកំណត់អំពីបទល្មើស កំណត់អំពី​ទោស និងរបៀបអនុវត្តទោស​។
២. នីតិវិធីព្រហ្មទណ្ឌៈ ចែងអំពីការចាត់តាំងអំណាចតុលាការ ជាជាន់ជាថ្នាក់ រៀបចំពិធី (របៀបរបប) ដើម្បីតម្រូវឲ្យសាលាជំរះក្តី គ្រប់ជាន់ថ្នាក់គោរព និងប្រតិបត្តិតាម និងចែងអំពីគោល​ការណ៍ដែលត្រូវគោរពសិទ្ធិ និងសេរីភាពបុគ្គល ដូចជាការឃាត់ខ្លួន ការឃុំខ្លួន ព្រមទាំងរៀបចំពិធី​ផ្សេងៗទៀត ដើម្បីត្រូតពិនិត្យ ការអនុវត្តច្បាប់ដោយស្ថាប័នតុលាការ។
៣. នីតិព្រហ្មទណ្ឌពិសេសៈ សិក្សាអំពីបទល្មើសព្រហ្មទណ្ឌនីមួយៗ ដើម្បីអនុវត្តគោលការណ៍​នីតិព្រហ្មទណ្ឌទូទៅ ដូចជា ធាតុផ្សំនៃបទល្មើស និងការកំរិតទោសជាដើម។
IV. ទំនាក់ទំនងរវាងនីតិព្រហ្មទណ្ឌជាមួយវិទ្យាសាស្ត្រ ដ៏ទៃទៀត
            ១. វិទ្យាសាស្ត្រ សិក្សារកមូលហេតុដែលជំរុញឲ្យមានការប្រព្រឹត្តបទល្មើស និងសិក្សាអំពីចរិត​លក្ខណៈរបស់ជនល្មើស ដែលគេឲ្យឈ្មោះថា ឧក្រិដ្ឋវិទ្យា។
            ២. វិទ្យាសាស្ត្រសិក្សាអំពីបចេ្ចកទេស ស្វែងរកជនប្រព្រឹត្តបទល្មើស និងកំណត់នូវកាលៈទេសៈ ពិតបា្រកដនៃការប្រព្រឹត្តបទល្មើស ដែលគេហៅថា ឧក្រិដ្ឋវិច័យ ដូចជាៈ
                        -នីតិវិជ្ជសាស្ត្រ
                        -រកអត្តសញ្ញាណដោយពិនិត្យលើស្នាមម្រាមដៃ
            ៣. វិទ្យាសាស្ត្រសិក្សាអំពីចិត្តសាស្ត្រ អាចផ្តល់នូវការពិចារណាយល់ដឹងឲ្យបានល្អិតល្អន់ លើ​បុគ្គល ប្រព្រឹត្តល្មើស ដែលគេឲ្យឈ្មោះថា ចិត្តវិទ្យា។
            ៤. វិទ្យាសាស្ត្រសិក្សាអំពីមនុស្ស និងអំពីសង្គមដែលនាំឲ្យគេថ្លឹងថ្លែងបានល្អត្រឹមត្រូវដែល​គេ​ហៅ​ថា សង្គមវិទ្យា។
V. ចរិតនៃនីតិព្រហ្មទណ្ឌ
            ជាទូទៅនៃនីតិព្រហ្មទណ្ឌ គឺជាការផ្តន្ទាទោសទៅលើជនល្មើស នៅពេលមានបទល្មើសមួយ​កើតទ្បើង។ ការដាក់ទោសនេះជាតំណាក់កាលមួយយ៉ាងសំខាន់ គឺត្រូវផ្អែកលើមូលដ្ឋាននៃពិរុទ្ធភាព​របស់ជនល្មើស និងកំរិតគ្រោះថ្នាក់ដល់សង្គមនៃអំពើល្មើសនោះ។ ប្រសិនបើកំរិតគ្រោះថា្នក់ដល់សង្គម​នោះមានទំហំធំធេងទណ្ឌកម្មក៏ធ្ងន់ធ្ងរ ទៅតាមនោះដែរ។ ផ្ទុយទៅវិញ បើទំហំនៃការខូចខាតតិចតួច​ស្តួចស្តើងទេនោះ ទណ្ឌកម្មក៏ស្រាលទៅតាមនោះដែរ។
            ចរិតនៃនីតិព្រហ្មទណ្ឌ តែងតែផ្តន្ទាទោសទៅលើជនល្មើស នូវទណ្ឌកម្មពីរប្រភេទៈ
            ក. ទណ្ឌកម្មព្រហ្មទណ្ឌ
            គឺជាការសម្រេចដាក់ទណ្ឌកម្មដោយស្ថាប័នតុលាការ តាមរូបភាពជាសាលក្រម ដោយយក​ទណ្ឌិត ទៅដាក់ពន្ធនាគារ តាមការបញ្ញាត្តិរបស់ច្បាប់។
            ឧទាហរណ៍ៈ មាត្រា៣៤ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ចុះថ្ងៃទី១០ កញ្ញា ១៩៩២ បានបញ្ញត្តិថា​អំពើប្លន់ត្រូវផ្តន្ទាទោស ដាក់គុកជាបទឧក្រិដ្ឋ ពី ៣ឆ្នាំ ទៅ១០ឆ្នាំ។
            -អំពើមនុស្សឃាតដោយចេតនា មាត្រា៣២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល បានបញ្ញត្តិថា អំពើនេះ​ ត្រូវផ្តន្ទាទោសពីបទឧក្រិដ្ឋ ដាក់គុកពី ៨ឆ្នាំ ទៅ១៥ឆ្នាំ។
            -អំពើរំលោភសេពសនវៈ មាត្រា៣៣ នៃច្បាប់ដដែល បានបញ្ញត្តិថា អំពើនេះត្រូវផ្តន្ទាទោស ដាក់គុកពី ៥ឆ្នាំទៅ ១០ឆ្នាំ។ ក្នុងករណី ដែលមានស្ថានទម្ងន់ទោសដាក់គុកជាបទឧក្រិដ្ឋ ពី១០ឆ្នាំ ទៅ​១៥ឆ្នាំ
            ខ. ទណ្ឌកម្មបវេណី      
            គឺជាប្រភេទទណ្ឌកម្មមួយដែលច្បាប់ចាប់បង្ខំជនល្មើសឲ្យធ្វើសំណង ជួសជុលការខូចខាត ដល់​ប្រយោជន៍អ្នកដ៏ទៃ។ ឧទាហរណ៍ៈ ករណីចោរលួចម៉ូតូ ម្ចាស់ម៉ូតូដែលជាជនរងគ្រោះមានសិទ្ធិទាមទារ​ម៉ូតូរបស់ខ្លួនមកវិញ ព្រមទាំងសំណងជំងឺចិត្តទៀតផង។
            សរុបសេចក្តីមកចរិតនៃនីតិព្រហ្មទណ្ឌបានផ្តន្ទាទោសលើជនល្មើស នូវទណ្ឌកម្មព្រហ្មទណ្ឌផង​និងទណ្ឌកម្មរដ្ឋប្បវេណីផង នោះជាការត្រឹមត្រូវណាស់ពីព្រោះការធ្វើដូចនេះអាចធ្វើឲ្យជនល្មើសខ្លាច​រអា។ ពោលនៅពេលដែលគេប្រព្រឹត្តបទល្មើស គេត្រូវទទួលការខាតបង់ប្រយោជន៍យ៉ាងច្រើន។ ដូចជា​គេត្រូវជាប់ពន្ធនាគារមិនបានប្រកបអាជីវកម្ម ចិញ្ចឹមគ្រួសារផង ព្រមទាំងត្រូវបង់សំណងដល់ជនរង​គ្រោះទៀត។ ផ្ទុយទៅវិញប្រសិនបើច្បាប់គ្រាន់តែតម្រូវឲ្យដាក់ពន្ធនាគារមួយមុខនោះ ជនល្មើសមិនសូវ​មានការភ័យក្លាចទេ ដូចជាករណីលួចលុយរដ្ឋ ចំនួនច្រើន បើតុលាការគ្រាន់តែដាក់ពន្ធនាគារ ក្រោយពី​ទទួលទោសគ្រប់ចំនួនហើយ ជននោះនឹងក្លាយទៅជាអ្នកមានដោយសារប្រាក់ចំនួនដ៏ច្រើន​ ដែលខ្លួន​បានលួចសម្បត្តិរដ្ឋ។ ប៉ុន្តែ ប្រសិនបើគ្រាន់តែផ្តន្ទាទោស នូវសំណងរដ្ឋប្បវេណីនោះ ជនល្មើសរិតតែមិន​ខ្លាចរអាទៅទៀត ពីព្រោះនៅពេលដែលគេទាន់គ្រាន់តែសងចំនួនទឹកប្រាក់នោះវិញជាការស្រេច។    
VI. ការបង្ហាញនូវរចនាសម្ព័ន្ធនានា របស់សាលាជំរះក្តីព្រហ្មទណ្ឌ
            នៅពេលមានបទល្មើសមួយកើតទ្បើង ជនល្មើសនឹងត្រូវគេផ្តន្ទាទោសដាក់ ពន្ធនាគារ ប៉ុន្តែ​នឹងទទួលទោសនេះ ត្រូវឆ្លងកាត់អង្គការតុលាការ តាមលំដាប់លំដោយ ដូចមានចែងក្នុងច្បាប់​ស្តីពី​ប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តក្នុងសម័យអន្តរកាល​ ចុះថ្ងៃ​ទី១០ កញ្ញា ១៩៩២។ ច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣ និងច្បាប់ស្តីពីការចាត់តាំង​ និងសកម្មភាពរបស់សាលាជំរះក្តី នៃរដ្ឋកម្ពុជា ចុះថ្ងៃទី២៩ មករា ១៩៩៣ រូមមាន៖
            -អយ្យការ
            -ចៅក្រមស៊ើបអង្កេត ឬសុភាចាបុរស
            -តុលាការខេត្ត-រាជធានីផ្នែកអាជ្ញា
            -សាលាឧទ្ធរណ៍ ផ្នែកអាជ្ញា
            -តុលាការកំពូល ផ្នែកអាជ្ញា និងរូមក្រុម
ប៉ុន្តែ សេចក្តីព្រាងច្បាប់ថ្មីដែល​ទាក់ទងទៅនឹងការរៀបចំតុលាការ និងនីតិព្រហ្មទណ្ឌមានបន្ថែមនូវ​អង្គការតុលាការខ្លះៗទៀត ទៅក្នុងទំរង់អង្គការតុលាការដែលមានរួចមកហើយ គឺ៖
            -សាលានីតិកម្មស៊ើបសួរ
            -សភានីតិកម្មស៊ើបសួរ
            -តុលាការឧក្រិដ្ឋជាន់ដំបូង
            ១. អំពីអយ្យការ
            នៅអមសាលាក្តីគ្រប់ជាន់ថ្នាក់រួមមានតុលាការខេត្ត-រាជធានី តុលាការយោធា សាលាឧទ្ធរណ៍ តុលាការកំពូល តែងតែមានអយ្យការ ឬមហាអយ្យការមួយជានិច្ច្ ដែលជាអ្នកមានសិទ្ធិធើ្វបណ្តឹងអាជ្ញា​(មាត្រា១១២ នៃរដ្ឋធម្មនុញ្ញ ចុះថ្ងៃទី២៤ កញ្ញា ១៩៩៣) ។ អង្គការអយ្យការនេះមានភារកិច្ចស្វែរកជន​ល្មើស ប្រមូលភស្តុតាងចោទប្រកាន់ជនល្មើស បញ្ជូនជនល្មើសទៅតុលាការកាត់ទោស និងតាមដាន​ការអនុវត្តសាលក្រមរបស់តុលាការ។
            ក. ក្នុងការស្វែងរកជាបឋម និងប្រមូលភស្តុតាង អយ្យការទទួលជំនួយពីមន្ត្រីនគរបាលយុត្តិធម៌​ដែលមានចែងក្នុងមាត្រា៣៧ វក្យខណ្ឌទី២ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៤ កក្តដា​ ២០០៧ រួមមាន៖ “ព្រះរាជអាជ្ញាអាចប្រើប្រាស់អំណាចទាំងអស់ដែលក្រមនេះបានទទួលស្គាល់ ឲ្យដល់​មន្រ្តីនគរបាលយុត្តិធម៌ក្នុងការស៊ើបអង្កេត។” និងមាត្រា៣៦ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣ រួមមាន៖
            -ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នឹងសេដ្ឋកិច្ច
            -ប្រធាន និងអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម
            -ស្នងការ និងស្នងការរងនគរបាលខេត្ត-ក្រុង
            -ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌ និងសេដ្ឋកិច្ច
            -ប្រធានការិយាល័យប្រឆាំងភេរវកម្ម                         
            -ប្រធានការិយាល័យនគរបាលសន្តិសុខ
            -អធិការ និងអធិការរងនគរបាលនយោបាយស្រុក ទីរួមខេត្ត
            -ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល
            -ប្រធានការិយាល័យនគរបាលចរាចរណ៍ និងប្រធានផ្នែកបទល្មើសចរាចរណ៍
            -កងរាជអាវុធហត្ថ
            -មន្រ្តីនគរបាលព្រំដែន
            -មន្ត្រីរុក្ខាប្រមាញ់ និងនេសាទ
            ទាំងអស់នេះ គឺជាមន្រ្តីនគរបាលយុត្តិធម៌
            ខ. នៅពេលសវនាការរបស់តុលាការព្រហ្មទណ្ឌ អយ្យការ ជាគូក្តីដើម។ ក្នុងន័យនេះ អយ្យការ​ជាអ្នកចោទប្រកាន់ វែកញែក អំពើប្រព្រឹត្តរបស់ជនល្មើស ចង្អុល​បង្ហាញភស្តុតាង ដើម្បីបញ្ជាក់អំពីពិរុទ្ធភាពលើជនល្មើស ហើយសុំឲ្យតុលាការធ្វើការផ្តន្ទាទោសលើជន​ល្មើស។
            គ. បន្ទាប់ពីមានសេចក្តីសម្រេចផ្សេងៗរបស់ចៅក្រម ដូចជាក្នុងរឿងអាជ្ញា ដូចជាដីការ​ចាប់ខ្លួន​ដីការឃុំខ្លួន ដីការឲ្យទៅនៅក្រៅឃុំបណ្តោះអាសន្ន សាលក្រមដែលត្រូវអនុវត្តទោសគុក ក្នុងពន្ធនាគារ​ឬអនុវត្តធនទ័ណ្ឌនោះ អយ្យការត្រូវតែតាមដានត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេចទាំងនោះឲ្យបាន​ត្រឹមត្រូវ។
            សព្វថ្ងៃនេះ នៅអមតុលាការខេត្ត-ក្រុង តំណាងអយ្យការ គេហៅថា ព្រះរាជអាជ្ញា។ នៅអមសាលាឧទ្ធរណ៍ (មានតែនៅរាជធានីភ្នំពេញទេ) តំណាងមហាអយ្យការនោះ គេហៅថា អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។ ចំណែកឯមហាអយ្យការអមតុលាការកំពូល គេហៅថា អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។
            ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញាទាំងអស់នេះ ស្ថិតនៅក្នុងឋានានុក្រមតែមួយ គាត់ពុំមែន​ជាចៅក្រមជំនុំជំរះទេ ប៉ុន្តែក្នុងការជំនុំជំរះនេះតំណាងអយ្យការ ត្រូវចូលរួមដើម្បីចោទប្រកាន់ ពិរុទ្ធជន​និងសុំឲ្យតុលាការដាក់ទោសបើពុំនោះទេ តុលាការពុំអាចជំនុំជំរះ ឬកាត់ទោសជនល្មើសបានទ្បើយ។
            ២. ចៅក្រមស៊ើបអង្កេត
            មាត្រា៤១ នៃច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី២៩ មករា ១៩៩៣ បានចែងអំពីកំណត់ហេតុ​ទាំងទ្បាយរបស់នគរបាលយុត្តិធម៌ គ្រាន់តែចាត់ទុកជាសេចក្តីផ្តើមភស្តុតាង ឬជាពត៌មានប៉ុណ្ណោះ ពុំមានលក្ខណៈបង្ខំឲ្យចៅក្រម ត្រូវតែជឿទាំងស្រុងនោះទេ។ ហេតុនេះ ហើយបានជាគេឃើញមាន​នៅ​ជំពូកទី៥ ​ចាប់ពីមាត្រា៦៨ ដល់៩៥ គេចែងអំពីអំណាចស៊ើបអង្កេតរបស់ចៅក្រមស៊ើប ដែលមានក្រលា​បញ្ជីម្នាក់ នៅអមជាមួយផង មានសមត្ថកិច្ចក្នុងដែនដី រង្វង់សមត្ថកិច្ចរបស់តុលាការដែលខ្លួនបំពេញ​ការងារតែប៉ុណ្ណោះ ចំពោះគ្រប់រឿងប្រភេទមជ្ឈឹម និងឧក្រិដ្ឋទាំងអស់ដែលអយ្យការបានបញ្ជូនដីការ​សន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដោយគេយល់ឃើញថា ការងារស៊ើបអង្កេតជាការងារចាំបាច់ និងដើម្បី​ជៀសវាងការភ័ន្តច្រទ្បំនានា។
            ច្បាប់ស្តីពីនីតិវិធី តម្រូវឲ្យមានចៅក្រមស៊ើបអង្កេត ពីព្រោះចៅក្រមស៊ើបអង្កេតនេះជាអ្នកបច្ចេក​ទេសដែលត្រូវតែគោរព និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ មាន​ឯករាជ្យភាពពេញលេញក្នុងតួនាទី អាចធានាអព្យាក្រឹត្យ និងគោរពសិទ្ធិសេរីភាពរបស់បុគ្គលបាន។ នៅតុលាការខេត្ត-រាជធានីនីមួយៗ ចៅក្រមស៊ើបអង្កេតអាចមានច្រើននាក់ទៅតាមរឿងក្តីនៃបទល្មើសអាជ្ញា។
៣. តុលាការជាន់ទាប
            តុលាការជាន់ទាប ជាសាលាជំរះក្តីថ្នាក់ដំបូង ដែលតាំងនៅគ្រប់ខេត្ត-ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសាលាជំរះក្តីយោធា។
            ក. តុលាការខេត្ត-ក្រុង (សាលាដំបូង)
            តុលាការនេះមាននៅគ្រប់ខេត្ត-ក្រុង ទាំងអស់ហើយមានតួនាទី និងសមត្ថ​កិច្ច​ជំរះ​​ក្តី​លើ​បញ្ហា​​ទាំងទ្បាយ​ណាដែលទាក់ទងនឹងរឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី រឿងក្តីពាណិជ្ជកម្ម វិវាទ​រដ្ឋបាល និងវិវា​ទ​ការងារដោយបើកផ្លូវឧទ្ធរណ៍។ ដូចមានចែង​ក្នុងរដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា មាត្រា១២៨ ថ្មី វក្យខណ្ឌទី៣ “អំណាចតុលាការគ្របដណ្តប់​ទៅលើ​រឿងក្តី​ទាំង​អស់​រួមទាំង​រឿងក្តីរដ្ឋបាលផងដែរ។”
            តុលាការខេត្ត-ក្រុងជំនុំជំរះដោយមានចៅក្រមម្នាក់ និងត្រូវបំពេញដោយព្រះរាជអាជ្ញា ឬ​ព្រះរាជ​អាជ្ញារងម្នាក់​ និងក្រលាបញ្ជីម្នាក់។ សាលក្រមសម្រេច​សេចក្តី​ចំពោះ​មុខ​របស់​តុលាការខេត្ត-ក្រុង បើផ្លូវប្តឹងឧទ្ធរណ៍ក្នុងរយៈពេល ២ខែ គិតពីថ្ងៃកាត់សេចក្តី។ ឯសាលក្រ​ម​កំបាំង​​មុខបើកឲ្យ​ប្តឹង​ជំទាស់​ក្នុង​រយៈ​ពេល ១៥ថ្ងៃ គិតចាប់ថ្ងៃទទួលដំណឹង។ បើផុតរយៈ​ពេល​ប្តឹងទាស់ អាចប្តឹងឧទ្ធរណ៍​បាន​ក្នុងរយៈពេល ២ខែ គិតចាប់តាំងពីថ្ងៃផុតកំណត់ប្តឹងទាស់។
            បណ្តឹងឧទ្ធរណ៍ មានសុពលភាពផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តសាលក្រម ដែល​បណ្តឹង​នេះ​ត្រូវ​ធ្វើនៅសាលាជំរះក្តីដែលបានចេញសាលក្រមនោះ។ អ្នកដែល​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ ប្តឹងជំទាស់ គឺ ព្រះរាជអាជ្ញា ឬជនទាំងទ្បាយដែលមានប្រយោជន៍ក្នុងរឿងក្តី ដូចជា គូរក្តី ដើម​បណ្តឹង​រដ្ឋប្បវេណី ជនជាប់ចោទ មេធាវី ឬអ្នកការពារក្តី។
            ខ. តុលាការយោធា
            តុលាការយោធា មានសមត្ថកិច្ចជំនុំជំរះនូវបទល្មើសយោធា។ បទល្មើសយោធា ជាបទល្មើស​ដែលប្រព្រឹត្តដោយយោធិននៅក្នុងជួរកងទ័ព ឬប៉ះពាល់ដល់ទ្រព្យ​សម្បត្តិកង​កំលាំង​ប្រដាប់ អាវុធ។ ករណីយោធិនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌសាមញ្ញត្រូវ តុលាការខេត្ត-ក្រុង​ជំនុំជំរះ។
            នីតិវិធីនៃការប្តឹងឧទ្ធរណ៍ និងនីតិវិធីជំនុំជំរះរបស់តុលាការយោធា ដូចគ្នានឹងតុលាការ​ ខេត្ត-ក្រុង។
            ៤. តុលាការជាន់ខ្ពស់
            តុលាការជាន់ខ្ពស់ មានតុលាការឧទ្ធរណ៍ និងតុលាការកំពូល។
            ក. សាលាឧទ្ធរណ៍
            សាលាឧទ្ធរណ៍ មានសមត្ថកិច្ចជំនុំជំរះលើបណ្តឹងឧទ្ធរណ៍ អំពីសាលក្រម​របស់តុលាការ​ជាន់ទាប​ ដោយបើកផ្លូវឲ្យបណ្តឹងសាទុក្ខ។
            ការជំនុំជំរះនៅសាលាឧទ្ធរណ៍ ត្រូវមានចៅក្រម ៣នាក់ ដែលមានម្នាក់ជាប្រធាន ហើយ​អម​ដោយ​​​អគ្គព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញារង ឬព្រះរាជអាជ្ញាម្នាក់នៃមហាអយ្យការ និង​ក្រទ្បាបញ្ជីម្នាក់។
            ករណីមានការជំនុំជំរះសាជាថ្មី ចៅក្រមដែលបានជំនុំជំរះលើកមុនទាំង ៣រូប ត្រូវធ្វើ​ការផ្លាស់ប្តូរថ្មី។
            ករណីមានការជំនុំជំរះសាជាថ្មី ចៅក្រមដែលបានជំនុំជំរះលើកមុនអាចប្តឹងសារទុក្ខ​បាន​រយៈ​ពេល ២ខែ គិតចាប់ពីថ្ងៃកាត់សេចក្តី ឯសាលដីកាកំបាំងមុខអាចប្តឹង​ជំទាស់បានក្នុងរយៈ​ពេល ១៥ថ្ងៃ គិតពីថ្ងៃទទួលដំណឹង។
            បើផុតរយៈពេលប្តឹងទាស់អាចប្តឹងសារទុក្ខបានក្នុងរយៈពេល ២ខែ គិតចាប់ពីថ្ងៃផុត​កំណត់​​ប្តឹងជំទាស់។ បណ្តឹងសារទុក្ខអាចមានសុពលភាពផ្អាក​ជាបណ្តោះអាសន្ននូវ​ការអនុវត្ត​សាលដីកា​ររបស់​ សាលា​ឧទ្ធរណ៍ ប៉ុន្តែបណ្តឹងសារទុក្ខ​ដែលពាក់ព័ន្ធ​ដល់ការឃុំខ្លួន​ជា​បណ្តោះអាសន្ន ការដាក់ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ការតំកល់រឿងទុកមិនចាត់ការ និង​ការលើកលែង​ចោទប្រកាន់ ពុំមាន​អានុភាព​ផ្អាកការអនុវត្តសាលដីកាសាលាឧទ្ធរណ៍ ទ្បើយ។ បណ្តឹងសារទុក្ខត្រូវធ្វើ​នៅសាលា​ជំនុំជំរះ​ក្តីដែលបាន​ចេញ​សាលដីការនេះ។ អ្នកដែលមានសិទ្ធិ​ប្តឹង​សារទុក្ខ និងប្តឹងជំទាស់ គឺ អគ្គព្រះរាជ​អាជ្ញា​សាលាឧទ្ធរណ៍ ឬអ្នកដែលមាន​ប្រយោជន៍​ក្នុង​រឿងក្តី ដូចបានរៀបរាប់នៅក្នុង តុលាការខេត្ត-ក្រុង។
            ខ. តុលាការកំពូល
            តុលាការកំពូល ជំនុំជំរះលើបណ្តឹងសារទុក្ខ អំពីសាលដីការរបស់តុលាការ​សាលាឧទ្ធរណ៍​​​ដោយ​ជំនុំ​ជំរះតែលើអង្គហេតុទេ ដែលដំណាក់កាលនេះមានចៅក្រមចំនួន ៥រូប ហើយ​ ១រូប​ជាប្រធាន។
            ករណីដែលមានបណ្តឹងសារទុក្ខទីពីរ តុលាការកំពូលត្រូវជំនុំជំរះរួមក្រុម ដោយជំនុំជំរះ​ទាំង​​អង្គហេតុ និងអង្គច្បាប់ មានចៅក្រមចំនួន ៩រូប ដែលមាន ១រូបជាប្រធាន និងគ្រប់ដំណាក់​កាល​ជំនុំជំរះអមដោយ​អគ្គព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញារង និង​ក្រលាបញ្ជីម្នាក់។
            បណ្តឹងសើរើ អាចធ្វើបានចំពោះសាលក្រម ឬសាលដីការ​ស្ថាពរ​ដែលមានអំណាច​ដាច់​ខាតហើយ បណ្តឹងធ្វើបានក្នុងរឿងមជ្ឈឹម និងរឿងឧក្រិដ្ឋ និងក្នុងករណីមួយចំនួន​ដែលមាន​ចែង​ក្នុង​​ច្បាប់។ បណ្តឹងសើរើ​មិនអាចធ្វើទេ ចំពោះសាលក្រម ឬសាលដីការ​ដែលសំរេច​ឲ្យ​រួច​ខ្លួន។ អ្នក​ដែល​អាច​បណ្តឹងសើរើបានគឺ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជនជាប់ចោទ ឬតំណាងស្រប​ច្បាប់​​របស់​ជន​ជាប់​ចោទ សហព័ន្ធ ឪពុកម្តាយ កូនរបស់ជនជាប់ចោទ និយាយរួមជនដែលមាន​ប្រយោជន៍​​ខាងផ្នែកសំភារៈ ឬខាងផ្លូវចិត្ត។
សន្និដ្ឋាន     
នីតិព្រហ្មទណ្ឌទូទៅ គឺជានីតិម៉្យាងដែលមានបំណងការពារសណ្ឋាប់ធ្នាប់សង្គម ​និងរបៀបរៀបរយរបស់​រដ្ឋ ដោយប្រើនូវវិធានការផ្សេងៗដែលមានលក្ខណៈកែលំអរផង និងបង្ខិតបង្ខំផង។



ឯកសារយោង
 និតិព្រហ្មទណ្ឌ សាស្ត្រាចារ្យ ហ៊ី សោភា
 នីតិព្រហ្មទណ្ឌទូទៅ សាស្ត្រាចារ្យ ផាត់ ពៅស៊ាង

4 comments:

  1. សោកស្តាយ គួរតែយកច្បាប់ដែលទើបចេញថ្មី ព្រោះច្បាប់ព្រហ្មទណ្ឌ​ចេញ​ថ្មីហើយ ខ្ញុំសង្ឃឹមថា ម្ចាស់វិបសាយ (គេហទំព័រ)នឹងកែសម្រួល​ឲ្យទានសភាពការណ៍ ខ្លឹមសារល្អណាស់តែត្រូវទៅតាមច្បាប់ដែលគេយកមកអនុវត្តសព្វថ្ងៃ..។

    ReplyDelete
  2. ខ្ញុំបាទ សូមថ្លែងអំណគុណចំពោះទស្សនៈខាងលើនេះ ដែលបានជួយផ្តល់ជាគន្លឹះសម្រាប់ការស្ថាបនា ក៏ដូចជាការតាក់តែងនូវឯកសារសិក្សា ដែលមានលក្ខណៈបន្ទាន់សម័យ។ ប៉ុន្តែត្រង់ចំណុចនេះផងដែរ ក្នុងគោលបំណង់ក្នុងការដាក់បង្ហាញ នូវឯកសារនេះ ក្នុងគោលបំណងចែករំលែកនូវឯកសារសិក្សា ចំពោះមហាជន នូវបរិបទដែលខ្មែរធ្លាប់មាន និងអនុវត្តកន្លងមក។ បើទោះជាយ៉ាងណាក្តី ខ្ញុំបាទនឹងខិតខំដាក់បង្ហាញនូវឯកសារដែលមានលក្ខណៈបន្ទាន់សម័យ ទៅតាមសមត្ថភាពដែលមាន។
    សេចក្តីគោរពចំពោះការសម្តែងនូវមតិយោបល់,
    មុនីឧត្តម

    ReplyDelete
  3. Thank you very much for sharing information.
    Best Wishes,
    thanks,
    KEAN

    ReplyDelete
    Replies
    1. I'm very appreciated for everybody attention to this page and good comments.

      Warmly Welcome,
      Oudum.

      Delete